ក្រសួងការបរទេសវៀតណាម បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស អាជ្ញាធរកោះតៃវ៉ាន់ ដែលបានរៀបចំធ្វើសមយុទ្ធយោធា នៅក្បែរប្រជុំស្ព្រាតលី ដោយក្រុងហាណូយចាត់ទុកជាការរំលោភលើ ដែនអធិបតេយ្យ របស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ៖យើងបានតាមដានស្ថានការណ៍និងព្រឹត្តិការណ៍នេះយ៉ាងប្រុងប្រយ័ត្ន ដែលតៃវ៉ាន់មានផែនការធ្វើនៅសមុទ្រភាគខាងកើតប្រទេស ព្រោះតំបន់នោះជាផ្លូវទឹករបស់វៀតណាម»។
តាមសារព័ត៌មាន VN Express បានចុះផ្សាយនៅថ្ងៃនេះថា កោះតៃវ៉ាន់នឹងធ្វើសមយុទ្ធយោធា រយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ២១ វិច្ឆកា នៅឆ្នាំ២០១៨នេះ។
លោកស្រី Le Thi Thu Hang បាន រំលឹក ថាវៀតណាម មានភាពស្របច្បាប់ពេញលេញ និងមានភស្តុតាង ជាប្រវត្តិសាស្ត្រ ដើម្បីតវ៉ាករណីនេះ ។ លោកស្រីថានេះ បើយោងតាមច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។
សូមជម្រាបថា ប្រទេសដែលកំពុងប្រទាញប្រទង់ទាមទារកាន់កាប់ តំបន់ប្រជុំកោះ ប៉ារ៉ាហ្សែល និង ស្ព្រាតលី នៅសមុទ្រចិនខាងត្បូង មានវៀតណាម តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងប្រទេសចិន។ ប្រទេសចិន បានចូលកាន់កាប់តំបន់នោះ ស្ទើរទាំងស្រុងទៅហើយ ចាប់តាំងពីឆ្នាំ១៩៧៤ នៅពេល ប្រទេសធំនេះបានលើកទ័ពជើងទឹកបណ្ដេញអ្នកនេសាទ និងកងទ័ពវៀតណាមចេញពី តំបន់នោះ៕