ភ្នំពេញ ៖ កម្តៅនយោបាយនៅដំណាក់កាលចុងក្រោយ កាន់តែគ្រោះថ្នាក់ចំពោះគណបក្សសង្គ្រោះជាតិ។ គ្រោះថ្នាក់ ដោយសារគណបក្ស ប្រឆាំងធំជាងគេនេះ ត្រូវបានសមាជិកសភាបក្សកាន់អំណាច ធ្វើច្បាប់ ឃាឃាំមេបក្សមិនឱ្យធ្វើនយោបាយ ព្រោះគេថា មានទោសព្រហ្មទណ្ឌ ។ បន្ថែមលើនេះ មានការព្រួយបារម្ភពីការរំលាយបក្សនេះទៀតផង។
តែសំណួរ សួរថាតើ បើតំណាងរាស្ត្រ ៥៥ រូបរបស់បក្សសង្គ្រោះជាតិ ត្រូវរលាយទៅតាមបក្សដែរនោះ ចុះ សមាជិកសភា ១២៣ រូបនៅស្រប ច្បាប់ដែរឬទេ។
លោក នួន បូរិន ជូន បទវិភាគនេះ
ការរំលាយគណបក្សនៅថៃ បាននាំឱ្យតំណាងរាស្ត្រនោះរលាយដែរ ហើយសភារបស់រាណាចក្រនេះ អស់សុពលភាពទៅតាមនេះផងដែរ។ ទីបំផុត សភាត្រូវបានរំលាយទាំងស្រុង ហើយឈានដល់ការបោះឆ្នោតមុនអាណត្តិ(Snap election)។ នៅប្រទេសថៃ ស្ថាប័នដែលផ្ដើមដាក់ទោស លើអ្នកតំណាងរាស្ត្រ គឺស្ថាប័នរៀបចំការបោះឆ្នោត ។
តែយ៉ាងណាក៏ដោយ លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានដកហូតពីតំណែង ដោយ តុលាការរដ្ឋធម្មនុញ្ញ ករណីលោកស្រីបណ្ដោយឱ្យមានអំពើពុករលួយ ក្នុងគម្រោងទិញស្រូវរបស់រដ្ឋ គឺគណបក្សរបស់លោកស្រីមិនត្រូវបានរំលាយនោះទេ លើកលែងតែលោកស្រី និងសហការីរបស់លោកស្រី ២ ឬ ៣នាក់ ត្រូវបានហាមធ្វើនយោបាយរយៈ ៥ ឆ្នាំ។
សរុបសេចក្ដីទៅ ការដែលនាំឱ្យរំលាយគណបក្សនយោបាយ នៅថៃចោលនោះ គឺលុះត្រាតែគណៈកម្មាធិការនាយករបស់បក្សនោះ មានកំហុសរហូតដល់ ១/៣ ហើយកំហុសគេច្រើនតែរម្លឹកអំឡុងពេលឃោសនាបោះឆ្នោត។
ចុះចំណែកកម្ពុជាវិញ អាចសិក្សាច្បាប់ពីថៃ ឬក៏ធ្វើច្បាប់ពិសេសជាងថៃទៅទៀត?
គេមិនដឹងថា សំណើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលសមាជិកអចិន្ត្រៃយ៍ សភាមកពីគណបក្សកាន់អំណាច បានកំណត់មាត្រាឈានដល់ការរំលាយ បក្សនយោបាយណានោះទេ។ គេលឺថា មានការហាមប្រាណ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សធ្វើនយោយបាយ បើបុគ្គលនោះមានទោសតាមផ្លូវតុលាការ។ ក្នុងន័យនេះហើយ មើលទៅសំដៅលើលោក សម រង្ស៊ី ដែលមានរឿងក្ដីជាច្រើន នៅតុលាការ។ តែគេថា បើមេបក្សនោះមានទោសធ្ងន់ធ្ងរ គឺគេអាចឈានដល់ការរំលាយបក្សនោះទៀតផង។
បើប្រៀបធៀបនឹងច្បាប់ប្រទេសថៃគឺខុសគ្នា។ ច្បាប់ប្រទេសថៃគេអាចរំលាយបក្ស គឺគេចាប់កំហុសគណៈកម្មាធិការនាយករហូត ១/៣ ទើបបានគេរំលាយបក្សបានហើយ តាមអំណាចសាលដីការបស់តុលា ការរដ្ឋធម្មនុញ្ញទៀតផង។ ចំណែកកំហុស គឺគេយកមកជំនុំជម្រះជាសាធារណៈ ដែលកំហុសកើតឡើងអំឡុងឃោសនាបោះឆ្នោត។ ករណីនេះ គេរំលាយក្រោយការបោះឆ្នោត គេមិនរំលាយមុនការបោះឆ្នោតឡើយ។ តែលើកលែង ជាកំហុសកើតជាប្រព័ន្ធប៉ុណ្ណោះ។
បើអនុវត្តច្បាប់ដូចប្រទេសថៃ គឺល្អម្យ៉ាងដែរសម្រាប់កម្ពុជា។ ប៉ុន្តែសំណួរសួរថាតើ ឯករាជ្យភាពរបស់ ក្រុមប្រឹក្សារដ្ឋធម្មកម្ពុជាមានកម្រិតណា។ នេះគឺជាចំណោទមួយទៀត ដែលត្រូវពិចារណា។
ក្នុងអាណត្តិទី ៥ នេះ គណបក្សដែលមានអាសនៈនៅសភាមានតែ ២ បក្សប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ នៅប្រទេសថៃមានច្រើនគណបក្សក្នុងរដ្ឋសភារាជាណាចក្រនេះ តែបើបក្សធំណាមួយ ត្រូវបានរំលាយ គឺសភាត្រូវតែរំលាយដែរ ហើយត្រូវតែបោះឆ្នោតឡើងវិញ។ គណៈកម្មាការរៀបចំបោះឆ្នោត ជាអ្នកប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតទៅតាមការបង្គាប់របស់តុលាការរដ្ឋធម្មនុញ្ញ។
រឿងនេះ បើកម្ពុជាយកច្បាប់ ថៃមកអនុវត្តគឺ ជាការប្រថុយមួយរបស់បក្សកាន់អំណាច ព្រោះថាសមាជិកសភាបក្សសង្គ្រោះជាតិ ៥៥ រូបត្រូវតែរលាយតាមបក្សហើយនោះ។ មានន័យថា នៅសល់តែសមាជិកសភាបក្សកាន់អំណាច ៦៨ រូបថាតើសុពលភាពសភា ១២៣ រូបនៅត្រង់ណា។ ចំណោទគឺ មានតែសួរថាតើសភា នេះបន្តស្របច្បាប់ដែរឬទេ។ បើសភាស្ថិតក្នុងកាលៈទេសៈដូចនេះ ថាតើស្ថាប័នរដ្ឋធំៗ ជាពិសេស ស្ថាប័ននីតិប្រតិបត្តិត្រូវប្រព្រឹត្តការងារប្រចាំថ្ងៃរបស់ខ្លួនដោយរបៀបណា៕