ភ្នំពេញ ៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនក្នុងប្រទេសកម្ពុជា ដែលកំពុងរីករាលស្ទើរពេញផ្ទៃប្រទេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១ ដែលមានរយៈពេល ៦ ខែ ពោលគឺចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ការដាក់ចុះផែនការនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គូ ឌូធើតេ ដែលគេស្គាល់ថាជាបុរសខ្លាំងហ្វីលីពីនក្នុងការបោស សំអាតគ្រឿងញៀន បានមកបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា។
យ៉ាងណាសង្គមស៊ីវិលកម្ពុជាដែលធ្វើការងារតាមដានលើបញ្ហាសង្គមសាទរចំពោះយុទ្ធនាការនេះ តែស្នើឱ្យមានការបង្ក្រាបជាទ្រង់ទ្រាយធំលើឧក្រិដ្ឋជនជួញដូរធំៗ ព្រោះសព្វថ្ងៃសមត្ថកិច្ចចាប់បានតែអ្នកជួញដូរ និងប្រើប្រាស់តូចៗតែប៉ុណ្ណោះ ហើយបញ្ហាគ្រឿងញៀននេះបានរីករាល ដាលពីទីប្រជុំជនទៅកាន់ទីជនដាច់ស្រយាលទៀតផង។
ក្នុងយុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់លោក ឌូធើតេ ត្រូវគេដឹងថា មានការបាញ់សម្លាប់ឧក្រិដ្ឋជនគ្រឿងញៀន និងអ្នកប្រើប្រាស់ថ្នាំញៀនឱ្យអស់ពីប្រទេស។ យ៉ាងនេះក្តី មានការជំទាស់ពីអន្តរជាតិជាច្រើនជុំវិញយុទ្ធនាការរបស់លោក ដូធើតេ នេះថា បានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ខ្វះការស៊ើបអង្កេតច្បាស់លាស់ និងបានសម្លាប់ជនស្លូតត្រង់ជាដើម។ ចុះកម្ពុជាបានទទួលឱវាទអ្វីខ្លះពីលោក ដូធើតេ ?
ដោយគ្រាន់តែមេដឹកហ្វីលីពីនមានវត្តមាននៅកម្ពុជាភ្លាម ស្រាប់តែប្រមុខរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការបោសសំអាតគ្រឿងដូចប្រទេសហ្វីលីពីន ដែរ។
បើតាមសារចររបស់រាជរដ្ឋាភិបាល ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១ រយៈពេល ៦ខែ គឺចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ធ្នូ ម្សិលមិញ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ មិនមានចែងពីការសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនដូចហ្វីលីពីននោះទេ ពោលគឺគ្រាន់តែមានវិធានការមួយចំនួនតែប៉ុណ្ណោះ។
វិធានការរបស់កម្ពុជាលើកការបោសសំអាតគ្រឿងញៀនរួមមាន វិធានការអប់រំ វិធានការរដ្ឋបាល វិធានការអនុវត្តច្បាប់ វិធានការព្យាបាល ស្តារនីតិសម្បទាន និងសមាហរណកម្ម និងកិច្ចសហការប្រតិបត្តិការអន្តរជាតិ។
ទាក់ទិនវិធានការរបស់រដ្ឋាភិបាលខាងលើនេះ អង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហាសង្គមលើកឡើងថា ការដាក់ចេញនូវយុទ្ធនាការនេះ គឺគ្រាន់តែឱ្យល្អមើលតែប៉ុណ្ណោះ ព្រោះវិធានការខាងលើសុទ្ធសឹងជាវិធានការចាស់មិនសូវមានប្រសិទ្ធិភាពនោះទេ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពកម្ពុជា និយាយថា បញ្ហាគ្រឿងញៀននៅកម្ពុជាមិនមែនជារឿងថ្មីនោះទេ ហើយការរីករាលដាលនៃការចរាចរថ្នាំញៀនទៀតសោត ក៏មានទំហំធំទៅៗ ដែលលោកថា កម្ពុជាត្រូវចាត់វិធានការក្តៅនិងបន្តធ្វើឱ្យបានជាប់លាប់ជាប្រចាំ។
យ៉ាងណាលោក សន ជ័យ សង្កត់ធ្ងរថា វិធានការបច្ចុប្បន្នហាក់នៅទន់ខ្សោយមិនសូវមានប្រសិទ្ធិភាពជាដុំកំផួនក្នុងការបង្ក្រាបនោះទេ ព្រោះអ្នកចែកចាយគ្រឿងញៀនធំៗអាចជាអ្នកមានតួនាទី មានឋានៈ និងមានអំណាច ព្រមទាំងស្និទ្ធជាមួយអាជ្ញាធរក៏មាន។ លោក សន ជ័យ៖«ទ្រង់ទ្រាយអ្នកនៃអ្នកអ្នកជួញដូរគ្រឿងញៀននឹង គឺជាប្រភពនៃក្រុមដែលមានអំណាចរឹងមាំ។ អញ្ចឹង!គេហៅថា អំណាចនៃការអនុវត្តច្បាប់មួយចំនួនហ្នឹងមានបញ្ហា ជាពិសេសរបៀបឬ បច្ចេកទេសនៃការស៊ើបអង្កេត ឬក៏ការតាមដានហ្នឹង វាមិនមានអ្វីថ្មី មិនមានអ្វីដែលប្លែកទេ។ ម្យ៉ាងទៀតវិធានការរបស់រដ្ឋាភិបាលគឺដដែរៗ»។
លោកបន្តថា បញ្ហាគ្រឿងញៀននេះបានបង្កជាផលប៉ះពាល់ដល់សង្គមជាតិ ក្រុមគ្រួសារ និងប៉ះពាល់ដល់សុខភាព ព្រមទាំងសតិអារម្មណ៍អ្នកប្រព្រឹត្តផងដែរ។ លោក យ៉ង់ គឹមអេង៖«ផលប៉ះពាល់ធំណាស់ ទបញ្ហាសង្គម ទាំងបញ្ហាអសន្តិសុខ ចោរលួច ចោរប្លន់ កាប់សម្លាប់គ្នា អំពើហិង្សាក្នុងគ្រួសារ រឿងសព្វបែបយ៉ាងនៅក្នុងសង្គមហ្នឹងដែលយើងមានការព្រួយបារម្ភ»។
សារាចររបស់រាជរដ្ឋាភិបាលលេខ ០១ ផក ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី០១ ខែ មករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នេះ ក៏បានទទួលស្គាល់ការកើនឡើងនូវទិន្នាការនៃការចរាចរ និងការជួញដូរថ្នាំញៀនដែលមិនមានការថមថយ។ ជាក់ស្តែងនៅឆ្នាំ ២០១៦ នរគបាល និងកងរាជអាវុធហត្ថ បង្ក្រាបបាន ៤១៩១ ករណីក្នុងនោះករណីប្រើប្រាស់មាន ១១១២ករណី ចាប់បានជនសង្ស័យសរុប ៩៨០២ នាក់ ក្នុងនោះអ្នកប្រើប្រាស់គ្រឿងញៀនមាន ៣៦១១នាក់ និងរឹបបានគ្រឿងញៀន ១៧៥ គីឡូក្រាម។
សារាចររបស់រាជរដ្ឋាភិបាលលេខ ០១ ផក ដដែលនេះក៏បានបង្ហាញពីការព្រួយបារម្ភនៃចំនួនការប្រើប្រាស់ និងការជួញដូរដែលចេះតែកើនឡើង ដែលរីករាលដានពីទីក្រុងរហូតដល់ទីជនបទដាច់ស្រយាលមួយចំនួន។ តាមតួលេខដែលបានស្រង់ លើអ្នកញៀនគ្រឿងញៀនបានបង្ហាញថា មានចំនួន ១៨៥៥៤នាក់ កើនឡើង ៤២៤២នាក់ ស្មើនឹង ២៩.៦៣% បើធៀបនឹងពេលមុន៕