ភ្នំពេញ៖ លោក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រាប់ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាឱ្យប្រកាន់ខ្ជាប់នូវការវាយតម្លៃសភាពការណ៍នយោបាយឱ្យបានសុក្រឹត្យ។ ការទទូចឱ្យលោក George Edgar វាយតម្លៃឲ្យបានសុក្រឹត្យនេះធ្វើឡើងក្នុងជំនួបទ្វេភាគីក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
តាមអ្នកនាំពាក្យរូបនេះ លោក ប្រាក់ សុខុន ក៏បានលើកឡើង ពីការព្រះរាជទានទោសពីព្រះមហាក្សត្រខ្មែរ ឱ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមសំណើរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្រៅពីនេះ លោករដ្ឋមន្ត្រីសន្យាថា ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយ គ្មានការលួចបន្លំសន្លឹកឆ្នោតឡើយ។
តាមអ្នកនាំពាក្យ គឺលោក George Edgar បានអះអាងថា សហភាបអឺរ៉ុបនៅតែ រក្សាទំនាក់ទំនងគ្រប់បក្សនយោបាយទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមិន មានការលម្អៀង នយោបាយណាមួយនោះឡើយ។
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញ សហគមន៍អន្តរជាតិ កាន់តែចាប់អារម្មណ៍រឿងនយោបាយនៅកម្ពុជា ក្នុងនោះតំណាងទូតនិងតំណាងក្រសួងការបរទេសប្រទេសលោកខាងលិចជាច្រើន បានចូលជួបលោក កឹម សុខា នៅពេល មេដឹកនាំបក្សប្រឆាំងនេះ សម្ងំនៅស្នាក់ការគណបក្ស ដែលជាភ្នែកមួយដែលគេថាជាការដាក់សម្ពាធលើបក្សកាន់អំណាច។
ក្រៅពីនេះសហគមន៍អន្តរជាតិក៍បានរួមគ្នាថ្កោលទោសការចាប់ខ្លួនបក្សប្រឆាំងនឹងសង្គមស៊ីវិល ខណៈពួកគេដាក់សម្ពាធឱ្យកម្ពុជាអនុញ្ញាតឱ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញ ៕