ភ្នំពេញ៖សាលាឧទ្ធរណ៍បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំ របស់មន្ត្រីសិទ្ធិមនុស្ស និងគ.ជ.ប ដោយបន្តឃុំខ្លួនពួកគាត់បន្តទៀត តាមសេចក្តីសម្រេចរបស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ មេធាវីការពារកូនក្តី យល់ថា សាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនកូនក្តីរបស់លោកគឺ ជារឿងអយុត្តិធម៌។
ការបដិសេធនេះ ធ្វើឡើង បន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនការមួយព្រឹក នៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦នេះ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន ៤ រូប និងអគ្គលេខាធិការរងគ.ជ.ប ១រូប ដែលសុំនៅក្រៅឃុំ មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោកស្រី លឹម មុន្នី និង លោក នី ចរិយា។ពួកគាត់ ត្រូវបានចោទពីបទសូកប៉ាន់សាក្សី និង សមគំនិតសាក្សី ករណីនាងខុមចាន់តារាទី ហៅស្រីមុំ ។
មេធាវីការពារក្តីឲ្យមន្ត្រីការពារសិទ្ធិមនុស្ស លោក សំ សុគង់ បញ្ជាក់ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់កូនក្តីរបស់លោក ដោយមូលហេតុថា តុលាការបានចាត់ទុកករណីនេះជាបទឧក្រិដ្ឋ ទី២ ដោយសារតែខ្លាចអ្នកទាំង ៥នាក់នេះ ជួបគ្នាជាមួយសាក្សីដែលនាំឲ្យរំខានដល់ការស៊ើបសួរ និងទី៣ ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។ លោកថា លោកនឹងដាក់ពាក្យបណ្តឹងសាទុក្ខទៅសាលាកំពូលទៀត។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សម្នាក់នៅក្នុងចំណោមនោះគឺ លោក ណៃ វង្សដា បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកមានជំងឺបេះដូង និងជាតិអាស៊ីតកើនឡើង ដែលទឹកមុខរបស់លោកមានភាពស្លេកស្លាំង និងគ្មានកម្លាំងកំហែង៕