ភ្នំពេញ៖ ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុស្ត្រីនៅថ្ងៃទី១៣ មិថុនានេះ លោក ច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា សេចក្ដី ដំណោះស្រាយរបស់សភាសហភាពអឺរ៉ុបគឺជាផ្លូវការ ព្រោះអត្ថបទនេះបានដាក់លើគេហទំព័ររបស់សភាសហភាពអឺរ៉ុបទៅហើយ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះ ក៏ចង់ឃើញអ្នកនយោបាយនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ វិលមករកតុចរចាវិញ ដើម្បីសម្រាលបរិយាកាសនយោបាយដែលកំពុងឡើងកម្តៅ។ តែយ៉ាងណាមន្ត្រីនៃបក្សកាន់អំណាចថា គ្មានឡើយការចរចាណាមួយរវាងគណបក្សទាំងពីរ ព្រោះមន្រី្តបក្សប្រឆាំងជាអ្នកប្រព្រឹត្តល្មើសច្បាប់។

លោក ច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងតាមរយៈអ្នកបកប្រែថា សភាសហភាពអឺរ៉ុបពិតជាបានចេញនូវដំណោះស្រាយទាំង ៧ ចំណុចដូចដែលប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្ហោះនាពេលកន្លងមកនោះមែន។
លោកថា ឯកសារដំណោះស្រាយត្រូវបានផ្ញើទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងប្រុចហ្សែល ប្រទេសបែលហ្សិកផងដែរ។ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជារូបនេះ ចង់ឱ្យអ្នកនយោបាយនៃគណបក្សធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឆាប់វិលចូលតុចរចា ដើម្បីបន្ថួរបន្ថយបរិយាកាសនយោបាយដែលកំពុងឡើងកម្តៅនាពេលបច្ចុប្បន្ននេះ។ លោក ច្សច អេដហ្គា ៖
«លោក ទាក់ទងនិងចំណុចនេះ គឺថាដំណោះស្រាយដែលបានអនុម័តដោយសភាសហភាពអឺរ៉ុបកាលពីថ្ងៃទី០៩ មិថុនា ហ្នឹងគឺជាដំណោះស្រាយផ្លូវការមួយ ហើយជាទូទៅដំណោះស្រាយផ្លូវការទាំងអស់ហ្នឹងគឺអាចរកមើលបាននៅក្នុង website របស់សភាសហភាពអឺរ៉ុប»។
នៅក្នុងបទសម្ភាសន៍នេះ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបញ្ជាក់ថា ជាសម្រេច តំណាង ឱ្យសមាជិក ២៨ ប្រទេស ដែលជាសេចក្ដីសម្រេចរួមគ្នាមួយ។
តែយ៉ាងណាលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គ្មានទេការចរចា រវាងគណបក្សទាំងពីរ ព្រោះគណបក្សប្រជាជនកម្ពុជាគ្មានគោលការណ៍ពិភាក្សារឿងដោះលែងអ្នកទោសនោះទេ។ លោកថា មន្ត្រីគណបក្សសង្គ្រោះជាតិបានប្រព្រឹត្តល្មើសនិងច្បាប់ គឺគណបក្សសង្គ្រោះជាតិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាកំហិត។ លោក សុខ ឥសាន្ត ៖
« គឺថាអត់មានអីពិភាក្សារវាងគណបក្សប្រជាជននឹងគណបក្សសង្គ្រោះជាតិទេ ពីព្រោះរឿងនេះគឺជាអំពើប្រព្រឹត្តល្មើសច្បាប់របស់គណបក្សសង្គ្រោះជាតិ ជាមួយផ្លូវច្បាប់ដូច្នេះត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់»។
កាលពីថ្ងៃទី០៩ មិថុនាកន្លងទៅសភាសហភាពអឺរ៉ុបបានចេញនូវដំណោះស្រាយចំនួន ៧ ចំណុច ដោយទទួចឱ្យតុលាការលុបចោលដីកាចាប់ខ្លួនលើលោក សម រង្ស៊ី និងបញ្ឈប់នូវការចាប់ខ្លួន ការធ្វើទុក្ខបុកម្នេញ តាមផ្លូវតុលាការមកលើលោក កឹម សុខា និងលោក រ៉ុង ឈុន ព្រមទាំងទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីអាចសិទ្ធិបន្តការងាររបស់ខ្លួនដោយសេរីឡើងវិញ។
សភាសហភាពអឺរ៉ុបក៏ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមសន្ទនាឡើងវិញ ដោយសន្តិវិធីនិងជាវិជ្ជមាន ជាមួយគណបក្សប្រឆាំង។ ជាងនេះទទូចឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលជាកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងប្រទេសកម្ពុជា ។
ក្នុងដំណោះស្រាយដដែលក៏លើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា ឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យពហុបក្ស និងនីតិរដ្ឋ ព្រមទាំងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ក្នុងនោះមានសិទ្ធិជួបប្រជុំ និងសិទិ្ធសម្តែងមតិជាដើម។មួយវិញទៀត សភាសហភាពអឺរ៉ុបអំពាវនាវឲ្យស្ថាប័នសហភាពអឺរ៉ុប និងរដ្ឋអំណាចនៃប្រទេសជាសមាជិកទាំងអស់ តាមដានយ៉ាងជាប់លាប់ និងទៀងទាត់ ការរៀបចំការបោះឆ្នោតខាងមុខ នៅប្រទេសកម្ពុជា ដើម្បីធានាឲ្យការបោះឆ្នោតនោះ មានលក្ខណៈសេរី និងយុត្តិធម៌ពិតប្រាកដ។
និងចុងបញ្ចប់តម្រូវឲ្យប្រធានសភាអឺរ៉ុប បញ្ជូនញត្តិទៅឲ្យគណៈកម្មាធិការអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប ក្រសួងការបរទេសអឺរ៉ុប រដ្ឋជាសមាជិកសហភាពអឺរ៉ុប ព្រមទាំងរដ្ឋាភិបាល និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ានទាំងអស់។
តែសូមបញ្ជាក់ថា នៅថ្ងៃទី១៣មិថុនានេះ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឯមជ្ឈមណ្ឌលកោះពេជ្រ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដោយសំដីខ្លាំងៗ វាយប្រហារទាំងគណបក្សប្រឆាំង ទាំងមន្ត្រីសិទ្ធិមនុស្សសហគមន៍អន្តរជាតិដែលសម្ដេចថា បើមិនបានដឹង និងមិនបានយល់ពីច្បាប់សូមកុំនិយាយមួលបង្កាច់មកលើរដ្ឋាភិបាល។ សម្ដេចថា គ្មានផ្លូវចរចាណាមួយរំលោភដែនសមត្ថកិច្ច តុលាការឡើយ៕