ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសម្តែងការសោកស្តាយចំពោះរដ្ឋាភិបាលអាមេរិកសម្រេចកាត់ជំនួយដែលផ្ដល់អោយកម្ពុជា។សហរដ្ឋអាមេរិកកាត់ជំនួយនេះក្រោមហេតុផលកម្ពុជាដែលអាមេរិកចោទថាបក្សកាន់អំណាចនៅកម្ពុជាកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។តែទោះជាបែបនេះក្តីកម្ពុជានៅតែអះអាងថាលទ្ធិធប្រជាធិបតេយ្យកម្ពុជាមិនបានដើរថយក្រោយដូចការលើកឡើងរបស់អាមេរិកនោះទេ។

អាមេរិកមានការព្រួយបារម្ភជាខ្លាំងពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាថាមិនគោរពតាមឆន្ទៈរបស់ប្រជាជន។នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ចុះផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ។
តាមសេចក្ដីថ្លែងការណ៍នេះ សហរដ្ឋអាមេរិកប្រកាសថារតនាគារអាមេរិកនឹងផ្អាកឬកាត់បន្ថយជំនួយតាមរយៈកម្មវិធីជំនួយUSAIDដែលជំនួយត្រូវកាត់នេះគឺ ជំនួយផ្នែកយោធានិងជំនួយគាំទ្រដល់អគ្គនាយកដ្ឋានពន្ធដារ។
អាមេរិកថាការទាញអោយលទ្ធិប្រជាធិបតេយ្យដើរថយក្រោយគឺជាការបង្ខំឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវជំនួយមកប្រទេសកម្ពុជាព្រោះជំនួយទាំងនេះទទួលបានមកពីប្រាក់បង់ពន្ធរបស់ពលរដ្ឋអាមេរិក ដែលមិនត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រសកម្មភាពប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនោះទេ។
បើយោងតាមទីភ្នាក់សារព័ត៌មាន AFP ចុះផ្សាយថាជំនួយដែលសហរដ្ឋអាមេរិកត្រូវកាត់មិនអោយកម្ពុជា មានទំហំទឹកប្រាក់ប្រហែល៨,៣លានដុល្លារអាមេរិក។
ទាក់ទិនរឿងនេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីសម្តែងការសោកស្តាយដែលអាមេរិកប្រកាន់ជំហរបែបនេះ។តែយ៉ាងណា លោកច្រានចោលថា លទ្ធិប្រជាធិបតេយ្យកម្ពុជាបានធ្លាក់ចុះ។
លោក ផៃស៊ីផាន៖«យើងគោរពនូវការសម្រេចចិត្តនិងប៉ុន្តែយើងមានសេចក្តីសោកស្តាយដោយការប្រើប្រាស់ជំនួយនេះជាលក្ខខ័ណ្ឌក្នុងការធ្វើឲ្យកម្ពុជាដើរចាក់ចេញពីទី១អធិបតីភាពរបស់ខ្លួនទី២លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។រាជរដ្ឋាភិបាលគឺមានកតប្បកិច្ចរៀបចំឲ្យមានការបោះឆ្នោតឲ្យបានទៀងទាត់ទៅតាមច្បាប់ រៀបចំឲ្យមានច្បាប់ត្រឹមត្រូវដើម្បីរក្សាដំណើរការលទ្ធិប្រជាធិបតេយ្យនេះឯង។»
លោក ផៃ ស៊ីផាន បន្ថែមថាការចោទរាជរដ្ឋាភិបាលធ្វើឲ្យដំណើរការលទ្ធប្រជាធិបតេយ្យធ្លាក់ចុះគឺជាការយល់ខុសទាំងស្រុង។«រាល់ជំនួយទាំងអស់គឺយើងបានផ្លែផ្កាដូចសព្វថ្ងៃនេះឯងហើយជាជំនួយជួយប្រជាពលរដ្ឋខ្មែរ មិនជាជំនួយសម្រាប់គណបក្សណាមួយនោះឡើយ។រីឯការចោទប្រកាន់ថាកម្ពុជាដើរថយក្រោយឬបាត់បង់លទ្ធប្រជាធិបតេយ្យជាការវិនិច្ឆ័យខុស។»
តែបើតាមសេចក្ដីថ្លែងការណ៍ គឺសហរដ្ឋអាមេរិកសន្យាបន្តជួយគម្រោងគាំទ្រដល់ប្រជាជនកម្ពុជាក្នុងវិស័យសុខាភិបាល កសិកម្ម ការបោសសំអាតមីន ការលើកកម្ពស់សង្គមស៊ីវិលនិងវិស័យសំខាន់ៗមួយចំនួនទៀត។
ក្នុងមួយទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកគឺជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាដែលអាមេរិកផ្តល់ជំនួយជាង១ពាន់លានដុល្លារដើម្បីលម្អសុខមាលភាព សេដ្ឋកិច្ច សង្គមកិច្ចនិងប្រជាធិបតេយ្យនៅកម្ពុជា៕