ភ្នំពេញ ៖ លោក ឆេង ផុន កើតនៅថ្ងៃទី ៦ មិនា ឆ្នាំ១៩៣០ នៅក្នុងខេត្តកំពុងចាម។ នៅក្នុងឆ្នាំ ១៩៥៥ លោកបានធ្វើជាគ្រូបង្រៀន។ ក្នុងឆ្នាំ ១៩៦០ លោកបានបំពេញការសិក្សានៅសារធារណរដ្ឋប្រជាមានិតចិន។ ឆ្នាំ ១៩៦៤ លោកចូលរួមក្នុងក្រុមល្ខោនជាតិ ដែលដឹកនាំដោយលោក ហង្ស ធុនហាក់ ជាគ្រូរបស់លោក។
នៅក្នុងឆ្នាំ១៩៦៧ លោកបានប្រឡងជាប់ចូលរៀនមហាវិទ្យាល័យគរុកកោសល្យផ្នែកនាដ្យសាស្ត្រ។ ក្រោយពីបញ្ចប់ការសិក្សាលោក ក្លាយជាសាស្ត្រចារ្យនាដ្យសាស្ត្រនៅក្នុងឆ្នាំ១៩៦៨។ នៅឆ្នាំ ១៩៧២ លោកបានជាប់ឆ្នោតជាប្រធានសមាគមសិល្បៈករ។ លោកបានរស់នៅក្នុងរបរខ្មែរក្រហមក្នុងខេត្ត កំពង់ធំ ហើយលោកមានតួនាទីជាប្រធាបផ្នែកវប្បធម៌ និង ព័ត៌មាន។
ក្រោយពីបែករបបប្រល័យពូជសាសន៍លោកក៏មានតួនាទី ជាសមាជិកស្ថាបនិកសាធារណៈរដ្ឋប្រជាមានិកម្ពុជា តែគ្មាននាមជាអតីតជនកុម្មុយនីសនោះទេ។ ឆ្នាំ១៩៨០លោក មានតួនាទីជាប្រធានសាលាជាតិផ្នែកសិល្បៈ ហើយជាប្រធានសមាគមនសិល្បករ និងជាប្រធានមិត្តភាពខ្មែរ-គុយបា (១៩៨២ ដល់ ១៩៩០)។
លោកក៏បានបង្កើតស្នាដៃ សិល្បៈផ្នែកអក្សរសិល្ប៍ផងដែរ ដែលមានដូចជា(រឿងដំណើរជាតិកម្ពុជា) សាច់រឿងនេះទំនោរទៅបែបបដិវត្តន៍និយម និយាយពីប្រវត្តិសាស្ត្រកម្ពុជា ១៩៨៦ ជាដើម។ ការរៀបរាប់ខាងលើនេះយោងតាមសៀវភៅ «អក្សរសិល្ប៍ខ្មែរសតវត្សទី ២០ កវី និង កម្រងអត្ថបទ» ស្នាដៃលោក សាស្ត្រចារ្យ ឃីង ហុកឌី បោះពុម្ពឆ្នាំ២០០៧ ដោបណ្ណាគារអង្គរ។
ក្នុងឆ្នាំ ២០១៣ ព្រះមហាក្សត្របានប្រទានគោរមងារថ្នាក់ជាតិដល់ព្រឹទ្ធាចារ្យសិល្បៈចំនួន ១៧ រូបក្នុងនោះក៏មានលោក ឆេង ផុន ដែលត្រូវបានចាត់ទុកថា ជាមរតកនៃមនុស្សរស់ដែល គឺ ព្រឹទ្ធាចារ្យ ឆេង ផុន ជាទេពបញ្ញាកោសល្យវិជ្ជា។
លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៍និង វិចិត្រសិល្បៈ បានទទួលមរណភាព នៅម៉ោង១និង១៥នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦នេះ ក្នុងវ័យ ៨៦ឆ្នាំ ដោយរោគាពាធ៕