ភ្នំពេញ៖ នៅកម្ពុជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេប្រទះឃើញមានសារធាតុគីមីជាច្រើនមាននៅក្នុងម្ហូបអាហារ រាប់ទាំងបន្លែ ផ្លែឈើ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ។ ការប្រើប្រាស់សារធាតុគីមីដាក់ក្នុងចំណីអាហារ គឺដើម្បីឱ្យផលិតផលទាំងនោះ ផលិតទាន់តម្រូវការរបស់មនុស្ស មានរសជាតិប្លែក ព្រមទាំងអាចរក្សាទុកបានយូរ ដោយមិនបានគិតពីផលប៉ះពាល់ ចំពោះសុខភាពអ្នកបរិភោគក្រៅតែពីប្រាក់ចំណេញឡើយ។ ដើម្បីប្រាក់ មនុស្សហ៊ានធ្វើអ្វីគ្រប់យ៉ាងដោយមិនគិតពីអាយុជីវិតអ្នកដទៃ។ បន្លែ ផ្លែឈើ ម្ហូបអាហារមួយចំនួននាំចូលពីបរទេស ជាក់ស្តែងមានប្រទេសវៀតណាមជាដើម ក៏មានសារធាតុគីមីមិនតិចនោះដែរ ហើយសូម្បីតែកសិករកម្ពុជាមួយចំនួន ក៏ប្រើប្រាស់សារធាតុគីមីច្រើនលើសលុប ដាក់ក្នុងដំណាំរបស់ខ្លួន។ ម្ហូបអាហារគ្មានសុវត្ថិភាព មានសារធាតុគីមីជាប្រភពបង្កជំងឺជាង ២០០ មុខ រាប់ពីជំងឺស្រាលរាករូសបន្តិចបន្តួច រហូតដល់ជំងឺមហារីកធ្ងន់ធ្ងរ។ ជាក់ស្តែង ដោយសារការបរិភោគអាហារគ្មានសុវត្ថិភាព បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរកើតជំងឺផ្សេងៗជាច្រើន ទាំងនេះជាកង្វល់យ៉ាងខ្លាំងរបស់ពលរដ្ឋ ដូច្នេះហើយ តើពេលណាទើបប្រជាពលរដ្ឋខ្មែរ អាចអស់កង្វល់ពីបញ្ហាទាំងអស់នេះបាន?
យោងតាមបណ្ដាញព័ត៌មានអូស្ត្រាលី ណែតវើក ញ៉ូ (Networks News) ចុះផ្សាយថា ផលិតផលម្ហូបអាហារចំនួន ៤១% ទៅ ៨០% នៅក្នុងប្រទេសកម្ពុជា មានផ្ទុកដោយសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ចំណីអាហារមួយចំនួន រួមមានត្រីងៀត សាច់ក្រក ប្រហិត សាច់ប៉ាតេ គុយទាវ មី នំកញ្ចប់ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត សុទ្ធតែមានបង្កប់ដោយសារធាតុគីមីដ៏គ្រោះថ្នាក់ ដូចជាសារធាតុគីមីប្រភេទ បូរ៉ាក់ (Borax) ហ្វ័រម៉ាឡាំង (Formalin) និងអាស៊ីតសាលីស៊ីលីកជាដើម។
ហេតុផលអស់នេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជានាំគ្នាភ័យព្រួយចំពោះចំណីអាហារមានជាតិគីមីយ៉ាងខ្លាំង។ អាស្រ័យដូច្នេះ ទើបមានសំណួរចោទសួរថា តើត្រូវធ្វើដូចម្តេច ទើបអាចដោះស្រាយបញ្ហាចំណីអាហារគ្មានសុវត្ថិភាពបាន នៅក្នុងសង្គមកម្ពុជា?
នាពេលថ្មីៗនេះ អាជ្ញាធរកម្ពុជាបានរកឃើញករណីទឹកស៊ុបមានជាតិគីមី នាំចូលពីវៀតណាមមកចែកចាយតាមហាងនានានៅកម្ពុជារាបសិបពីដុង។ នៅតាមបណ្ដាញព័ត៌មានសង្គម និងសារព័ត៌មាននានាក្នុងស្រុកក៏ចែកចាយតៗគ្នាពីរូបភាពដែលអាជ្ញាធរវៀតណាមចាប់បានបង្គារ យឺហឺក្រៀមធ្វើពីជ័រស្វិតបម្រុងនាំចូលមកកម្ពុជា កាហ្វេលីងដោយមានប្រើជាតិគីមីលាយរាប់សិបគីឡូរ។ កន្លងទៅ អាជ្ញាធរខ្មែរចាប់បានសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ ព្រមទាំងមាន់ក្លាសេមានដាក់សារធាតុគីមីការពារកុំឱ្យស្អុយ នាំចូលគេចពន្ធមកកម្ពុជាពីប្រទេសថៃរាប់តោនផងដែរ ដែលចំណីអាហារទាំងនេះសុទ្ធតែបង្កប់ដោយសារធាតុគីមីនិងជាចំណីអាហារគ្មានសុវត្ថិភាព។ចំពោះបន្លែវិញ តាមតួលេខក្រៅផ្លូវការដែលមន្ទីរព័ត៌មានខេត្តបាត់ដំបងបានផ្សាយ ដោយយោងតាមសារព័ត៌មានក្នុងស្រុកមួយចំនួនបង្ហាញថា បន្លែមានជាតិគីមីចំនួនប្រមាណ ២០០ តោនត្រូវបានគេនាំចេញពីវៀតណាមក្នុងមួយថ្ងៃៗ ចូលមកប្រទេសកម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជាក្នុងទិវាសុខភាពពិភពលោកកាលពីដើមឆ្នាំ ២០១៥ នេះ បានឱ្យដឹងថា មនុស្សជាង ២ លាននាក់បានស្លាប់ដោយសារការបរិភោគចំណីអាហារដែលគ្មានសុវត្ថិភាពជារៀងរាល់ឆ្នាំផងដែរ។ ជាក់ស្តែងនៅកម្ពុជា ដូចជាករណីពុលនំប៉័ងប៉ាតេធ្ងន់ធ្ងរនៅស្រុកជីក្រែង ខេត្តសៀមរាប កាលពីចុងខែមីនា ឆ្នាំ ២០១៥ កុមារនិងប្រជាពលរដ្ឋជាង ៨០០ នាក់ក្លាយជាជនរងគ្រោះដោយសារការពុលចំណីអាហារ។ បញ្ហានេះ កើតឡើងដោយការខ្វះការយកចិត្តទុកដាក់របស់អ្នកផលិត និងទំនងជាកើតចេញពីភាពព្រងើយកន្តើយរបស់មន្ត្រីត្រួតពិនិត្យគុណភាពចំណីអាហារនៅកម្ពុជា។
បើក្រឡេកមើលទៅបណ្តាប្រទេសជឿនលឿន រដ្ឋាភិបាលរបស់គេបានគិតគួរបញ្ហាសុវត្ថិភាពចំណីអាហារ ជាបញ្ហាចម្បងសម្រាប់សុខុមាលភាពពលរដ្ឋ ព្រោះថាពលរដ្ឋអាចមានសមត្ថភាពធ្វើការងារជូនរដ្ឋបាន គឺពឹងអាស្រ័យលើសុវត្ថិភាពចំណីអាហារល្អនិងមានគុណភាព ប៉ុន្តែដោយឡែកនៅកម្ពុជាការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅមានកម្រិតនៅឡើយ។
កន្លងទៅសមត្ថកិច្ចពាក់ព័ន្ធនៅកម្ពុជា បានប្រឹងប្រែងចុះអន្តរាគមន៍ត្រួតពិនិត្យជាតិគីមីក្នុងចំណីអាហារណាស់ដែរ ប៉ុន្តែរាល់ចំណាត់ការទាំងទាំងឡាយរបស់មន្រ្តីត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារនៅកម្ពុជា ហាក់មិនសូវមានប្រសិទ្ធភាពសោះ ព្រោះយូរៗម្តងទើបអាជ្ញាធរខ្មែរចេញហៅប្រមូលគ្នីគ្នាអន្តរាគមន៍រឿងទំនិញនាំចូលផ្ទុកដោយជាតិគីមី ទំនិញផុតកាលបរិច្ឆេទប្រើប្រាស់ ដើម្បីថតចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ម្តងម្កាល។ ម្យ៉ាងវិញទៀត ទំនិញនាំចូលនៅតែមានហូរចូលជាបន្តបន្ទាប់ អ្នកប្រព្រឹត្តល្មើសនៅតែប្រព្រឹត្តបន្ត ពលរដ្ឋជាអ្នករងគ្រោះនៅតែរងគ្រោះដដែល។
បច្ចុប្បន្នក្រសួងធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ហាក់ពុំទាន់រកឃើញពីប្រភពនាំចូល ប្រភពចែកចាយ និងប្រភពលក់ចំណីអាហារពុំមានសុវត្ថិភាពទាំងនោះនៅឡើយទេ ព្រោះថា បើទោះបីជារកឃើញពេលនេះ ក៏ពុំទាន់មានវិធានការឬចំណាត់ការពិតប្រាកដណាមួយ អន្តរាគមន៍លើរឿងទាំងនោះដែរ ពោលគឺចំណីអាហារឬផលិតផលដែលមានសារធាតុគីមីនៅតែមានយ៉ាងច្រើនក្នុងទីផ្សារកម្ពុជា។ឮ
ងាកមកមើលពីមូលហេតុ ដែលធ្វើឱ្យចំណីអាហារមានជាតិគីមីនិងគ្មានសុវត្ថិភាពវិញ គេសង្កេតឃើញថាមានមូលហេតុចម្បងធំៗចំនួន ៤ គឺ ៖
មូលហេតុទី ១ អាចមកពីតម្លៃអាហារ ឬផលិតផលទាំងនោះមានតម្លៃថោក ជាហេតុធ្វើឱ្យមានភាពងាយស្រួលដល់អ្នកទិញដែលមានប្រាក់ចំណូលទាប ចំណាយតិច ប៉ុន្តែទទួលបានបរិមាណច្រើន។ មូលហេតុទី ២ គឺការផ្គត់ផ្គង់ផលិតផលចំណីអាហារមានគុណភាព មានសុវត្ថិភាពនៅកម្ពុជា នៅមានចំនួនតិចនៅឡើយ ទាំងការផលិតជាលក្ខណៈគ្រួសារ ទាំងនៅតាមកសិដ្ឋាន ព្រមទាំងការដាក់លក់នៅលើទីផ្សារក្នុងស្រុក។
មូលហេតុទី ៣ ការផលិតចំណីអាហារនៅកម្ពុជាបច្ចុប្បន្ន ផលិតឡើងពុំមានលក្ខណៈស្តង់ដារត្រឹមត្រូវ អាហារពុំមានការត្រួតពិនិត្យគុណភាពពីអ្នកជំនាញផ្នែកគីមីចំណីអាហារ។ អ្វីដែលពិសេសជាងនេះ ពលរដ្ឋកម្ពុជាពុំមានជម្រើសក្នុងការសម្រេចចិត្តជ្រើសរើសផលិតផលដែលមានសុវត្ថិភាព ទោះព្យាយាមចៀសក៏ពុំអាចចៀសរួច ទីបំផុតមានតែបង្ខំចិត្តទទួលយកចំណីអាហារមានជាតិគីមី។
មូលហេតុទី ៤ បច្ចុប្បន្នសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនធំមិនអើពើចំពោះចំណីអាហារដាក់លក់ គ្មានសណ្តាប់ធ្នាប់ តាមចិញ្ចើមថ្នល់រោមផ្តុំដោយផ្សែង និងល្អងធូលីហុយប៉ះឡើយ។ ម្យ៉ាងសមត្ថកិច្ចពាក់ព័ន្ធខ្វះសមត្ថភាពបច្ចេកទេសត្រួតពិនិត្យគុណភាពចំណីអាហារ ព្រមទាំងការផ្សព្វផ្សាយសារអប់រំពីសុវត្ថិភាពចំណីអាហារដល់ពលរដ្ឋ មិនសូវយកចិត្តទុកដាក់ទូលំទូលាយពីរាជរដ្ឋាភិបាល។ សំណួរដដែលនៅតែបន្តសួរថា តើត្រូវធ្វើដូចម្តេចទើបអាចដោះស្រាយបញ្ហាក៏ចាក់ស្រេះរាបខែ រាប់ឆ្នាំ នៅក្នុងសង្គមកម្ពុជាមួយនេះបាន?
ជាការពិតណាស់បញ្ហាមួយនេះ ពុំមែនជារឿងងាយស្រួលដោះស្រាយនោះទេ សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាពលរដ្ឋពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកចំណីអាហារមានសុវត្ថិភាព ការយល់ដឹង ការត្រួតពិនិត្យ និងការផលិតនៅកម្រិត ស្របពេលដែលច្បាប់គ្របគ្រង់ត្រួតពិនិត្យចំណីអាហារនៅកម្ពុជាពុំទាន់មានជាធរមាននៅឡើយ។ ប៉ុន្តែបញ្ហាទាំងអស់នេះអាចដោះស្រាយបាន ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋរួមគ្នាដោះស្រាយ។
ដើម្បីដោះស្រាយបញ្ហានេះ ដំបូងបំផុត អ្នកផលិត និងអ្នកលក់ចំណីអាហារត្រូវភ្ញាក់រឮកពីទង្វើរបស់ខ្លួន ឈប់កេងចំណេញប្រាក់លើប្រជាពលរដ្ឋគ្នាឯងដោយគ្មានទំនួលខុសត្រូវបន្តទៅទៀត ជាពិសេសត្រូវចាប់ផ្តើមចូលរួមលុបបំបាត់សារធាតុគីមីនៅក្នុងចំណីអាហារឲ្យមានប្រសិទ្ធភាព និងធានាថាចំណីអាហារដែលខ្លួនផលិតឡើង មានគុណភាពល្អពិតប្រាកដចំពោះអ្នកប្រើប្រាស់។ បន្ទាប់ពីនេះ ក្រសួងមានសមត្ថកិច្ចធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវតែត្រួតពិនិត្យចំណីអាហារដែលដាក់លក់នៅលើទីផ្សារក្នុងពេលបច្ចុប្បន្នឱ្យបានត្រឹមត្រូវ កុំសម្លឹងឃើញប្រាក់ធំជាងសុខុមាលភាពពលរដ្ឋជាមនុស្សជាតិរបស់ខ្លួន។ ចំនែកឯ សមត្ថកិច្ចពាក់ព័ន្ធត្រូវធានាថា រាល់គ្រឿងឧបភោគបរិភោគដែលដាក់លក់លើទីផ្សារត្រូវតែមានសុវត្ថិភាពត្រឹមត្រូវ។
ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល ចាំបាច់ត្រូវតែពន្លឿនច្បាប់ស្ដីពីការគ្រប់គ្រងចំណីអាហារនៅកម្ពុជាឱ្យបានឆាប់បំផុត ដែលបច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះ កំពុងគ្រោងនឹងបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងនោះទៀតសោត ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម សមត្ថកិច្ចតាមកុងស៊ុលនីមួយៗ ដាច់ខាតមិនត្រូវរង់ចាំ ឬ មើលរំលងពីបញ្ហាអសកម្មខាងលើទាំងអស់នេះឡើយ។ ក្រសួងពាក់ព័ន្ធនានា ចាំបាច់ត្រូវគាំទ្រ សហការយ៉ាងជិតស្នឹទ្ធជាមួយអង្គការដៃគូ ដែលធ្វើការពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ លើកទឹកចិត្តដល់មន្ត្រីរបស់ខ្លួន ឱ្យទទួលប្រាក់បៀវត្សន៍បានប្រសើរជាងពេលបច្ចុប្បន្ននេះ ដែលជាមធ្យមមិនលើសពី ៦០ ម៉ឺនរៀលផងក្នុងមួយខែ។ ការយកចិត្តទុកដាក់ដឹងទុក្ខធុរៈដល់មន្ត្រីនេះ ក៏ជាជំហានមួយជំរុញឱ្យចំណីអាហារនៅកម្ពុជាមានសុវត្ថិភាពផងដែរ។
បន្ថែមពីលើនេះ រដ្ឋាភិបាលត្រូវលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកសិក្សាផ្នែកគីមីចំណីអាហារឱ្យបានទូលំទូលាយ ជាពិសេសលើកទឹកចិត្តដល់កសិករឱ្យដាំដុះដំណាំតាមបែបធម្មជាតិឱ្យច្រើននៅកម្ពុជា។ រដ្ឋាភិបាលត្រូវដឹងថា ប្រទេសជាតិដែលរីកចម្រើន អាចអភិវឌ្ឍទៅមុខបានគឺត្រូវពឹងផ្អែកលើពលរដ្ឋរបស់ខ្លួនខ្លាំង។ ពលរដ្ឋខ្លាំងបាន ក៏អាស្រ័យលើបញ្ហាសុខភាពជាចម្បង ដែលកើតចេញពីការជ្រើសរើសអាហារមានសុវត្ថិភាពត្រឹមត្រួវផងដែរ។
ជារួមមក ទាំងប្រជាពលរដ្ឋជាអ្នកទទួលទាន ទាំងអ្នកផលិត អ្នកចែកចាយ មន្តី្រពាក់ព័ន្ធ និងរាជរដ្ឋាភិបាលត្រួវយកចិត្តទុកដាក់ដោះស្រាយ ចំពោះបញ្ហានេះឱ្យខានតែបាន។ ប្រសិនបើភាគីទាំងអស់នៅតែព្រងើយកន្តើយមិនគិតខ្វល់ខ្វាយ ទុកបញ្ហាឱ្យកើតរាលដាលកាន់តែខ្លាំងឡើងៗ រាល់ថ្ងៃនោះ ពុំនោះទេកម្ពុជាច្បាស់ណាស់នឹងក្លាយជាទីផ្សារលក់ផលិត ប្រើប្រាស់ចំណីអាហារផ្ទុកគីមីជាក់ជាពុំខាន ហើយប្រជាពលរដ្ឋកម្ពុជា នៅតែបន្តរងគ្រោះចំពោះបញ្ហាសុខភាពក៏ដូចជាអាយុជីវិតតាមរយៈការបរិភោគអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ៕