en     km
en     km

​បទល្មើស​ជួញដូរ​ផ្លូវភេទ​ក្នុង​ឆ្នាំ​២០១៦​ មានការ​កើន​ទ្បើ​ង​ធៀប​នឹង​ឆ្នាំ​២០១៥(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ មាន​ប្រសាសន៍​ថា​ បទល្មើស​នៃ​ការ​ជួញ ដូរ​ផ្លូវភេទ​មានការ​កើន​ទ្បើ​ង​ក្នុង​ឆ្នាំ​ ២០១៦​ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៥​។​ ករណី​នេះ​លោកស្រី​ថា​ក្រសួង​នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​     បន្ថែម​ទៀត​ដើម្បី​កាត់​បន្ថយ​បទល្មើស​ទាំងនេះ​។​

 

សកម្មភាពសាកសួរស្រ្ដីរងគ្រោះពីការរំលោភសេពសន្ថវៈរបស់អង្គការលីកាដូ ប្រភពពី Google
សកម្មភាពសាកសួរស្រ្ដីរងគ្រោះពីការរំលោភសេពសន្ថវៈរបស់អង្គការលីកាដូ ប្រភពពី Google
​ការ​ជួញដូរ​មនុស្ស​ និង​ការ​ជួញដូរ​ផ្លូវភេទ​នៅ​តែ​ជា​ក្តី​កង្វល់​ក្នុង​សង្គម​កម្ពុជា​ ព្រោះថា​ ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ មិន​ត្រឹមតែ​មិន​ថយ​ចុះ​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មានការ​កើន​ទ្បើ​ង​ទៅ​ទៀត​។​

របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៦​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៧​ របស់​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា​ បទល្មើស​ជួញដូរ​មនុស្ស​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នៅ​តែ​បន្ត​កើត​មាននៅ​ទ្បើ​យ​បើ​ទោះបី​បាន​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ក្តី​។​

របាយការណ៍​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​នោះ​មូលហេតុ​ចម្បង​នៃ​បទល្មើស​ទាំងនេះ​ ដោយសារ​តែ​វិបត្តិ​នៃ​ភាព​ក្រីក្រ​ ភាព​គ្មាន​ការងារ​ធ្វើ​ និង​សមត្ថ ភាព​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​ទាប​។​ បន្ថែម​ពី​នេះ​ទៀត​នោះ​ គេ​រក​ឃើញ​ថា​ ការ​ធ្វើ​អា​ជី​វិក​ម្ម​ផ្លូវភេទ​ ភាគច្រើន​កើត​មាននៅ​តាម​ក្លឹ​ប​កំសាន្ត​ កន្លែង​ម៉ាស្សា​  កោស​ជប់​ ឬ​តាម​ខារ៉ាអូខេ​ ភោជនីយដ្ឋាន​ សណ្ឋាគារ​ ផ្ទះសំណាក់​ រីឯ​ការ​ធ្វើ​អាជីវកម្ម​លើ​ពលកម្ម​ ភាគច្រើន​ត្រូវ​បាន​មេ ខ្យល់​បោក​បញ្ឆោត​ឱ្យធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ជិតខាង​ បង្ខំ​ឱ្យធ្វើ​ពលកម្ម​ ឬ​សុំទាន​។​

​ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ ការ​បង្ក្រាប​ការ​ជួញដូរ​ផ្លូវភេទ​ មាន​ចំនួន​ទាប​ជាង​មុន​ តែ​បទល្មើស​នៃ​ការ​ជួញដូរ​ផ្លូវ​មានការ​កើន​ទ្បើ​ង​។​

​លោក​ ស្រី​ជូ​ ប៊ុ​ន​អេ​ង​ បន្ត​ថា​បទល្មើស​នៃ​ការ​ជួញដូរ​ផ្លូវភេទ​ និង​ការ​ជួញដូរ​ពលកម្ម​សរុប​ មាន​៩២​ករណី​។​ក្នុង​ចំណោម​បទល្មើស​ទាំងនេះ​មានការ​ថយ​ចុះ​១៣​ករណី​ ប៉ុន្តែ​ការ​ជួញដូរ​ពលកម្ម​បង្ក្រាប​បាន​តិច​ជាង​មុន​ ៧​ ករណី​ តែ​កើន​ទ្បើ​ង​ការ​ជួញដូរ​ផ្លូវភេទ​ប្រមាណ​ ២០​ករណី​។​

លោក​ ស្រី​ ជូ​ ប៊ុ​ន​អេ​ង​ បន្ត​ថា​ដើម្បី​ឱ្យ​បទល្មើស​ទាំងនេះ​មានការ​ថយ​ចុះ​នោះ​គឺ​ក្រសួង​នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ហើយ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្នា​បន្ថែម​ទៀត​។​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​៖«​វិធានការ​យើង​នៅ​តែ​បន្ត​ជា​ពិសេស​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ការ​ផ្សព្វផ្សាយ​អប់រំ​យើង​តែ​ចេះ​ផ្សព្វផ្សាយ​ទៅ​ប៉ុន្តែ​បើ​ផ្សព្វផ្សាយ​អប់រំ​ហើយ​យើង​នៅ​តែ​មាន​បញ្ហា​កើត​ទ្បើ​ង​ទៀត​យើង​មាន​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នោះ​ទេ​ ហើយ​ការ​ធ្វើ​បែប​នេះ​មិនមែន​មាន​តែ​កម្ពុជា​ម្នាក់ឯង​ទេ​ទាល់តែ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​»​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស។កាលពីកិច្ចប្រជុំឆ្នាំមុន
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស។កាលពីកិច្ចប្រជុំឆ្នាំមុន
ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​លោក​ សែ​ម​ ចៅ​សុខ​ មន្ត្រី​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​ជាន់ខ្ពស់​នៃ​អង្គការ​លី​កាដូ​ មាន​ប្រសាសន៍​ថា​ ការ​ជួញ ដូរ​ផ្លូវភេទ​ និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់​ឈរ​ទោះបីជា​មានការ​បង្ក្រាប​ក៏​ដោយ​ចុះ​។​

លោក​ សែ​ម​ ចៅ​សុខ​ បន្ត​ថា​ការ​ជួញដូរ​ផ្លូវភេទ​គឺជា​ ការ​បញ្ជូន​ពី​ខ្មែរ​ទៅ​ប្រទេស​ចិន​ និង​ប្រទេស​ជប៉ុន​ ហើយ​ការ​ជួញដូរ​ផ្លូវភេទ​នេះ​ នា​ពេល​កន្លង​មក​ឆ្លង​ដែន​តាម​ច្រក​សៀមរាប​ និង​ព្រ​លាន​យន្តហោះ​ភ្នំពេញ​ តែ​ថ្មីៗ​នេះ​មានការ​ជួញដូរ​ផ្លូវភេទ​មួយទៀត​គឺ​នៅ​តាម​ច្រកព្រំដែន​វៀតណាម​។​

លោក​គូសបញ្ជាក់​ទៀត​ថា​ មូលហេតុ​ការ​ជួញដូរ​នេះ​មានការ​កើន​ទ្បើ​ង​គឺ​ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ លោក​ សែ​ម​ ចៅ​សុខ​ ៖«​ការ​អនុវត្ត​ច្បាប់​នៅ​ស្រុក​យើង​នៅ​មាន​ខ្វះចន្លោះ​មាន​ន័យ​ថា​ការ​ផ្តន្ទាទោស​ទៅ​ដល់​ជន​ប្រព្រឹត្ត​ហ្នឹង​មិន​ទាន់​ចំ​ទិស​ដៅ​ចំនុច​ដែល​យើង​ត្រូវការ​បង្ក្រាប​ ទាក់ទង​នឹង​ការ​បង្ក្រាប​ការ​ទប់ស្កាត់​ផ្លូវភេទ​រដ្ឋាភិបាល​ត្រូវ​មានការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ឱ្យ​ដឹង​ដល់​សហគមន៍​នៅ​តំបន់​ដាច់​ស្រយាល​»​។​

ចំណែក​នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ​ លោកស្រី​ ធីតា​ ឃឹះ​ យល់​ឃើញ​ថា​ ប្រសិនបើ​ការ​ជួញដូរ​ផ្លូវភេទ​ពលរដ្ឋ​កម្ពុជា​នៅ​តែ​បន្ត​កើន​ទ្បើ​ង​នោះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​កម្ពុជា​។​ «​ប្រជាពលរដ្ឋ​យើង​នឹង​ទទួល​រង​គ្រោះ​ហ្នឹង​ច្រើន​អាច​ឆ្លង​ជំងឺ​ អាច​ស្លាប់​បាត់បង់​ជីវិត​ អាច​ខូច​សតិបញ្ញា​ អាច​ទៅ​ជា​ទាសករ​នៅ​ស្រុក​គេ​ ភ្នាក់ងារ​ដែល​ជា​អ្នក​ដើរទៅ​បញ្ចុះបញ្ចូល​ហ្នឹង​ត្រូវ​តែ​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ​ហើយ​មានការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញា ធរ​ ប្រព័ន្ធ​ការពារ​ខាង​ផ្នែក​ច្បាប់​ នឹង​ប្រព័ន្ធ​អប់រំ​តាម​ផ្នែក​ខាង​សហគមន៍​នឹង​ប្រព័ន្ធ​ជួយ​គាំទ្រ​នៅ​ពេល​ដែល​គាត់​ត្រូវការ​សេវា​ត្រូវ​តែ​មាន​ប្រចាំ​»​។​

នាយិកាប្រតិបត្តិអង្គការសីលការ លោកស្រី ធីតា ឃឹះ ។
នាយិកាប្រតិបត្តិអង្គការសីលការ លោកស្រី ធីតា ឃឹះ ។
តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​ ការ​បង្ក្រាប​រួម​មាន​ ៧៦​ ករណី​ ឃាត់ខ្លួន​ ១០០​ នាក់​ (​ស្រី​ ៤៨​នាក់​)​ ជនបរទេស​ ០៨​ នាក់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ខេត្ត​ និង​រំដោះ​ជន​រង​គ្រោះ​ ២៩៥​នាក់​ (​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ ១៨៤​នាក់​ អង្គការ​ ០៧​ នាក់​ គ្រួសារ​១០៤​ នាក់​)​។

បទល្មើស​ជួញដូរ​មនុស្ស​មាន​ ២៤​ ករណី​ ឃាត់ខ្លួន​ ៣៦​ នាក់​ (​ស្រី​ ២១​ នាក់​)​ ជនបរទេស​ ០៣​ នាក់​ រំដោះ​ជន​រង​គ្រោះ​ ១០៨​ នាក់​ និង​បទល្មើស​អាជីវកម្ម​ផ្លូវភេទ​ ៥២​ ករណី​ ឃាត់ខ្លួន​ ៦៤​នាក់​ (​ស្រី​ ២៧​នាក់​ )​ ជនបរទេស​ ០៥​នាក់​ រំដោះ​ជន​រង​គ្រោះ​ ១៨៧​នាក់​៕

Share

ព័ត៌មានទាក់ទង