ក្រចេះ៖ វត្តអារាម ផ្សារ សាលារៀន គឺជាតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរទូទៅសម្រាប់មូលដ្ឋានរស់នៅ។ ក្រៅពីវត្តដែលជាកន្លែងបូជាតាមពុទ្ធសាសនា និងសាលាជាកន្លែងបណ្តុះបណ្តាលចំណេះដឹង គឺហេដ្ឋារចនាសម្ពន្ធ័ ទឹកភ្លើង មន្ទីពេទ្យ ក៏ជាតម្រូវចំបាច់សម្រាប់បម្រើឲ្យជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ ចុះបើភូមិមួយគ្មានមន្ទីពេទ្យ ឬមន្ទីពេទ្យនៅឆ្ងាយតើប្រជាពលរដ្ឋជួបបញ្ហាអ្វីខ្លះ?
តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយ កញ្ញា ច្រឹក ស្រីអូន ដូចទៅ៖

បុរសម្នាក់វ័យប្រហែលជិត ៥០ឆ្នាំ សម្បុរស្រអែមកំពុងឈរលាបថ្នាំពណ៌នៅរបងសាលាបឋមសិក្សាខ្វាន់ជាល នោះគឺលោក ហ៊ុយ ចិន មេភូមិខ្វាន់។ លោកនិយាយថា ក្នុងភូមិរបស់លោកបានបង្កើតក្នុងឆ្នាំ២០០៨ ហើយប្រជាពលរដ្ឋក្នុងភូមិខ្វាន់ គឺជាអ្នកចំណូលថ្មី។ បច្ចុប្បន្នលោកថា ប្រជាពលរដ្ឋសរុបមានចំនួន៤០១នាក់ និងមាន ១០៥ គ្រួសារកំពុងរស់នៅ។ លោកបន្តថា ភូមិនេះនៅឆ្ងាយពីមន្ទីពេទ្យប្រហែលជាង ២០គីឡូម៉ែត។ លោកថា ពលរដ្ឋជួបការលំបាកខ្លាំងណាស់នៅពេលមានជម្ងឺធ្ងន់ធ្ងរអ្វីមួយ ជាក់ស្ដែងកន្លងមកស្ត្រីម្នាក់បានស្លាប់ពេលឈឺពោះសំរាលកូន ព្រោះតែមន្ទីពេទ្យនៅឆ្ងាយ។លោក ហ៊ុយ ចិន៖«ស្ត្រីម្នាក់នឹងឈ្មោះ វ៉ា លីម ឈឺពោះពីផ្ទះទៅដល់ពាក់កណ្តាលផ្លូវ ក៏ស្លាប់គ្មានដោយពេទ្យនៅឆ្ងាយ។ ហើយយើងដឹកគាត់ទៅដោយគោយន្ត វាពិបាក»។
ខណៈនេះយើងកំពុងធ្វើដំណើរលើផ្លូវលំមួយដែលចាក់គ្រោះក្រហម។ យើងបានជួបគ្រួសាររបស់ស្ត្រីម្នាក់ដែលស្លាប់ពេលធ្វើតាមផ្លូវទៅមន្ទីរពេទ្យនោះ។ នាងស្លាប់ដោយសារនាងធ្លាក់ឈាមខ្លាំងពេក ខណៈនាងឈឺពោះឆ្លងទន្លេ។
អ្នកស្រី ផុន ឡុង វ័យ ៥៥ ឆ្នាំត្រូវជាជាម្តាយ អ្នកស្រី វ៉ា លីម បាននិយាយថាកូនស្រីគាត់បានស្លាប់រយៈពេលមួយឆ្នាំមកហើយ។ អ្នកស្រីរៀបរាប់នឹកដល់កូនដោយទឹកភ្នែក។ គាត់ដាក់មុខចិត្តបន្តិច ស្រាប់តែយំភ្លាមមួយរំពេច។អ្នកស្រី ផុន ឡុង៖«ឲ្យតែនឹកដល់រឿងនិងខ្ញុំយំគ្រាន់តែដើរកាត់កន្លែងបូជាឃើញធ្យូងខ្ញុំស្រណោះណាស់ ហេតុយើងតែក្របានកូនខ្ញុំលុងខ្លួនដល់ស្លាប់ ដោយគ្មានអាចារ្យ ស្លាប់ដោយគ្មានពេទ្យ»។

ស្ត្រីរូបនេះបានយំខ្សឹបខ្សួល ស្រណោះរូបកាយកូនស្រីក្រោយពីបាត់ជីវិតនៅ ពេលសម្រាលកូនដោយគ្មានគ្រូពេទ្យជំនាញនៅក្នុងភូមិ។ អង្គុយនៅក្នុងផ្ទះទ្រុឌទ្រោមប្រកស្បូវ ទំហំប្រហែល ៤ ម៉ែតគុណនិង ៥ ម៉ែត អ្នកស្រី ផុន ឡុង បន្តថា កូនស្រីរបស់អ្នកស្រីមានសុខភាពមិនសូវល្អទេ ព្រោះមិនសូវបានទៅពិនិត្យផ្ទៃពោះ។ អ្នកស្រីថា ដោយសារមន្ទីពេទ្យនៅឆ្ងាយធ្វើអ្នកស្រីគ្មានលទ្ធភាពធ្វើដំណើរទៅដល់ ហើយណាមួយនៅក្នុងភូមិខ្វះមធ្យោបាយធ្វើដំណើរផងដែរ។អ្នកស្រី ផុន ឡុង៖«ខ្ញុំនិយាយឲ្យជាក់ចុះគ្រាន់តែម៉ូតូកញ្ចាស់មួយកង់មួយគ្មានផង ទម្រាំងជួលម៉ូតូគេ ចម្ងាយនឹងទៅឈ្នួលគេយក២ម៉ឺនរៀល ហើយគេទំនេរបានគេទៅបើមិនទំនេរគេមិនទៅទេ»។
វ័យកាន់តែចាស់ជរាណាស់ទៅហើយ បច្ចុប្បន្នអ្នកស្រី ផុន ឡុង ត្រូវចិញ្ចឹមចៅទាំង ៥នាក់ និង ស្វាមីរបស់ដែលកំពុងមានជំងឺម្នាក់ទៀត។ អ្នកស្រីបន្តថា ប្រសិនបើមានពេទ្យនៅក្នុងភូមិ គឺកូនអ្នកស្រីមិនស្លាប់នោះទេ។អ្នកស្រី ផុន ឡុង៖«យកទៅសង្គ្រោះមិនទាន់ស្លាប់តាមផ្លូវទៅហើយ…បើមានពេទ្យនៅជិតកូនអាចសង្គ្រោះបានអត់ស្លាប់ទេធានាបានតែម្តង»។

លោកយាយទទូចឱ្យរដ្ឋាភិបាលបង្កើតមន្ទីរពេទ្យនៅក្នុងភូមិដាច់ស្រយាលមួយនេះ ដើម្បីបង្ការហេតុការណ៍ដូចកូនលោកទៀត។លោកយាយ ផុន ឡុង៖«ខ្ញុំចង់បានមណ្ឌលសុខភាពមួយអញចឹងទៅក្រែលោកបងប្អូនកូនចៅ គាត់ឈឺយំព្រលប់កុំឲ្យមានហេតុការណ៍ដូចខ្ញុំអញ្ចឹងទៀតណា៎»។
មិនត្រឹមតែស្ត្រីមានផ្ទៃពោះជួបបញ្ហាស្លាប់បាត់បង់ជីវិតនោះទេ តែហេតុការណ៍នេះក៏បានកើតឡើងចំពោះបុរសផងដែរ។ ជាក់ស្តែងស្ត្រីម្នាក់ទៀតដែលរស់នៅក្នុងភូមិឃុំដូចគ្នាគឺ អ្នកស្រី វ៉ា ឡេន បាននិយាយថា ប្តីរបស់អ្នកស្រីបានស្លាប់ចោលអ្នកស្រី និងកូនៗ ៣នាក់ទៀត រយៈពេល ៧ ឆ្នាំមកហើយដោយសារគ្មានពេទ្យសង្គ្រោះបន្ទាន់ ហើយមន្ទីពេទ្យក៏នៅឆ្ងាយទៅទៀត។ អ្នកស្រីបន្តថា អ្នកភូមិមានក្តីព្រួយបារម្ភពីបញ្ហាសុខភាពខ្លាំងណាស់ ព្រោះបើឈឺនៅពេលយប់ព្រលប់មិនដឹងទៅរកពេទ្យនៅឯណាព្យាបាល ហើយមធ្យោបាយធ្វើដំណើរក៏មិនសម្បូរ។ អ្នកស្រី វ៉ា ឡេន៖« គាត់ចាប់ផ្ដើមចុកពោះ ខ្ញុំក៏ដាំទឹកក្តៅគាត់ហូបតែមិនបាត់ នៅតែមិនបាត់ខ្ញុំក៏ចាប់ផ្តើមរកគេជួនទៅពេទ្យបានតែពាក់កណ្តាលផ្លូវ»។

ស្ត្រីមួយរួបទៀតគឺអ្នកស្រី ពៅ នីម ជាម្តាយដែលមានកូនតូច ២នាក់ បាននិយាយថា គាត់ក៏មានការព្រួយបារម្ភខ្លាំងណាស់ ព្រោះកូនគាត់តូចៗដែលងាយកើតជំងឺផ្សេងៗ។ អ្នកស្រីក៏បានរំលឹកថា នៅពេលគាត់មានផ្ទៃពោះដែលត្រូវធ្វើដំណើរជាង ២០គីឡូដើម្បីពិនិត្យផ្ទៃពោះនៅទីរួមស្រុកស្នួល គឺអ្នកស្រីតែងតែមានអាការៈឈឺចាប់ក្នុងពោះ។អ្នកស្រី ពៅ នីម៖«ខ្ញុំរាងឆ្អល់ពោះពេលមកដល់ផ្ទះខ្ញុំសម្រាកទៅបានវាបាត់វិញតែពេលទៅទៀតឈឺទៀត បញ្ហាសុខភាពខ្ញុំភ័ដែរនិងណាពេលយំមិនដឹងទៅរកពេទ្យឯណា»។
ជុំវិញបញ្ហានេះអភិបាលខេត្តក្រចេះ លោក ស ចំរុង មានស្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងភូមិននេះទើបតែមករស់នៅនោះទេ។ តែទោះបីជាយ៉ាងណាលោកអះអាងថា ក្នុងឃុំស្រែចារមានប៉ុស្ត៍សុខភាព និង មណ្ឌលសុខភាពរួចទៅហើយ។ លោកបន្ថែមថា តាមគោលនយោបាយរបស់រដ្ឋាភិបាល គឺឃុំមួយមានមណ្ឌលសុខភាពមួយសម្រាប់ថែទាំ និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ហើយសម្រាប់មន្ទីរពេទ្យបង្អែកស្រុកត្រូវមានប្រជាពលរដ្ឋចាប់ពី ១០ ម៉ឺននាក់ទើបអាចស្នើសូមបង្កើតមន្ទីរពេទ្យបាន។ លោក ស ចំរុង ៖«ភូមិនេះភូមិថ្មពេលមុនមានផ្លូវពិបាកធ្វើដំណើរ តែឥឡូវផ្លូវស្អាតហើមណ្ឌលសុខភាពក៏មានដែរ នៅប្រហែលជាង១០គីឡូពីទីនេះ»។

តែទោះបីជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ភាគច្រើននៅតែខ្វះហេដ្ឋារចនាសម្ព័ន្ធ ។
នៅកម្ពុជាទំលាប់សម្រាលកូនតាមក្បួនបុរាណ គឺនៅតំបន់ខ្លះនៅតែមាន ហើយកត្តាលំបាកមួយទៀតនោះ ដែលនាំពលរដ្ឋអនុវត្តវិធីចាស់បុរាណនេះ គឺបណ្ដាលមកពីការខ្វះមណ្ឌលសុខភាព ៕