ភ្នំពេញ៖ ស្របពេលការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនឹងចាប់ផ្តើមនៅចុងខែមេសានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីក្រុមប្រឹក្សាឃុំ/សង្កាត់រារាំងបេក្ខជនមិនឲ្យធ្វើបែបបទ ដើម្បីចុះបញ្ជីឈរឈ្មោះបោះឆ្នោត។

មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ព្រមានថា ប្រសិនបើ គ.ជ.ប ទទួលបានពាក្យបណ្តឹងក្នុងករណីមានរើសអើង ឬរារាំងចំពោះគណបក្សនយោបាយក្នុងការបំពេញបែបបទលើលិខិតនានា ដើម្បីឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ ២០១៨នេះ នឹងប្រឈមមុខផ្លូវច្បាប់។
មន្ត្រី គ.ជ.ប បានលើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅថ្ងៃទី ២៥ ខែ មេសានេះ។
លោក សោម សូលីដា អគ្គលេខាធិការរង គ.ជ.ប ថ្លែងនៅក្នុងកិច្ចប្រជុំនេះថា ក្នុងករណីមន្ត្រីក្រុមប្រឹក្សាឃុំ/សង្កាត់អសកម្ម ឬមិនចុះបញ្ជីឲ្យបេក្ខជនគណបក្សនយោបាយណាមួយនឹងប្រឈមមុខក្រោមបទចោទរារាំងដោយយកច្បាប់របស់ គ.ជ.ប មកដាក់ពិន័យ។
លោក សោម សូលីដា៖ «វិធានការគឺមាននៅក្នុងច្បាប់គ.ជ.ប អនុវត្តកិច្ចការរបស់ខ្លួន ហើយនឹងទោសទៅតាមបញ្ញាតិមាត្រា១៤២ បទរារាំង គឺជាបញ្ហាកើតឡើង ហើយត្រូវផាក់ពិន័យពី ៥ លានរៀល ទៅ ២០ លានរៀល ហើយបទរារាំងតាំងពីការមិនបំពេញឬការមិនបញ្ជាក់អំពីការមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដើម្បីបំពេញលក្ខខណ្ឌជាបេក្ខជន។»
ការថ្លែងដូចនេះ ធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សធម្មាធីបតេយ្យ លោកស្រី ពោធិតី សាវត្ថី ស្នើសុំឲ្យ គ.ជ.ប ពិនិត្យមើលមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់មួយនៅក្នុងខេត្តកំពង់ស្ពឺដែលបានបដិសេធ មិនចុះបញ្ជីបេក្ខជនរបស់លោកស្រី ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦លើកនេះ។
លោកស្រី ពោធិតី សាវត្ថី៖ «ពេលគាត់ទៅចុះឈ្មោះគេសម្លុតគំរាមកគហែងគាត់គេថា អ្នកគ្រូធ្វើជានាយកសាលាគេគិតថាសមាជិកគណបក្សប្រជាជនបានគេឲ្យអង្គុយកន្លែងនិង។ប្រសិនបើជាចេញពីនិងឈរឈ្មោះឲ្យគណបក្សផ្សេងសុំលាលែងពីអោយហើយអញ្ចឹងវាខុសពីច្បាប់គ.ជ.ប សូមឯកឧត្តមអធិបតីបំភ្លឺបញ្ហានឹង។»
ជាមួយគ្នានេះ គ.ជ.ប ប្រកាសឲ្យគណបក្សនយោបាយទាំងអស់ត្រូវប្តឹងមកគ.ជ.ប ប្រសិនបើជួបមន្ត្រីថ្នាក់ក្រោមជាតិអសកម្ម ឬក៏មានការអើសរើងតំណាងរបស់ខ្លួននៅអំឡុងពេលដំណើរចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែ មេសា រហូតដល់ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨។ អសនៈក្នុងរដ្ឋសភានីតិកាលទី៦នេះ មានចំនួន១២៥ រូប។ គណបក្សនយោបាយដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួន ៣៧ គណបក្ស ហើយគណ បក្សនយោបាយត្រូវដាក់បេក្ខជនយ៉ាងតិច ៤១រូបក្នុងការចុះបញ្ជីឈរបោះឆ្នោត៕