គណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានប្រកាសស្រង់ស្ថិតិប្រជាពលរដ្ឋ សម្រាប់ប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតសាកល្បង ។ ក្នុងការរៀបចំការចុះឈ្មោះបោះឆ្នោតសាកល្បងនេះ មន្ត្រីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត បានផ្តល់យោបល់មួយចំនួន ដើម្បីឱ្យដំណើរនេះ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះបោះឆ្នោតសាកល្បង ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប បានឱ្យដឹងថា ដំណើរការចុះឈ្មោះសាកល្បងនេះ ខុសពីការចុះឈ្មោះកន្លងទៅយ៉ាងហោចណាស់២ចំណុច។ «បញ្ហាការខុសអក្ខរាវិរុទ្ធពីឃុំមកដល់ គ.ជ.ប ភ្នំពេញនេះ គឺអត់មានខុសទៀតទេ ពីព្រោះអក្សរដើមទាំងមូលត្រូវបានបញ្ជូនមកភ្នំពេញតែម្តង ។ ហើយពីមុនមកសរសេរដៃ ឥលូវយើងវ៉ៃកុំព្យួទ័រហើយ ហើយក្នុងការចុះឈ្មោះមានកុំព្យូទ័រមួយគ្រឿង សម្រាប់ការីកុំព្យូទ័រ ហើយនៅមុខកុំព្យូទ័រហ្នឹង មានដាក់ថែមអេក្រង់មួយទៀត ដូចកាលធ្វើអត្តសញ្ញាប័ណ្ណអញ្ចឹង មានថែមអេក្រង់មួយទៀត ដើម្បីឱ្យប្រជាពលរដ្ឋលោកពិនិត្យ ផ្ទៀងផ្ទាត់នូវឈ្មោះ និងទិន្នន័យរបស់ខ្លួនផ្ទាល់» ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥បានធ្វើការណែនាំ ដល់ប្រធានលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតទាំងអស់ ត្រូវសហការជាមួយអាជ្ញាធររាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិពាក់ព័ន្ធ ធ្វើការប្រមូលទិន្នន័យអ្នកមានសិទ្ធិបោះឆ្នោតនៅតាមភូមិ ដើម្បីកំណត់ចំនួនអ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតសាកល្បង ចំនួននិងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ។

សេចក្តីប្រកាសដដែលបានណែនាំបន្តថា ប្រធានលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតទាំងអស់ ត្រូវសហការ និងសម្របសម្រួលដោយផ្ទាល់ជាមួយមេឃុំ ចៅសង្កាត់ពាក់ព័ន្ធ ក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋ ដើម្បីត្រៀមរៀបចំចុះឈ្មោះបោះឆ្នោតសាកល្បង និងណែនាំដល់ក្រុមប្រឹក្សា និងស្មៀន ឃុំ សង្កាត់ ឱ្យយល់ដឹងពីខ្លឹមសារ និងគោលបំណងនៃការស្រង់ស្ថិតិ សម្រាប់ចុះឈ្មោះបោះឆ្នោតសាកល្បង។
ពាក់ព័ន្ធការចុះឈ្មោះសាកល្បងនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ថា លោកគាំទ្រដំណើរការចុះឈ្មោះសាកល្បងតាមប្រព័ន្ធកុំព្យូទ័រនេះ ហើយលោកកំពុងតាមដានមើលដំណើរការនៃការចុះឈ្មោះសាកល្បងនេះ ថាវាដំណើរការទៅយ៉ាងម៉េច និងថាតើនីតិវិធីដែល គ.ជ.ប កំពុងធ្វើនេះ អនុវត្តបានត្រឹមត្រូវដែរឬទេ ។
លោកគល់ បញ្ញា បានឱ្យដឹងដែរថា ក្នុងការរៀបចំនីតិវិធីចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យួទ័រនេះ លោកក៏បានផ្តល់យោបល់ច្រើនដែរដល់ គ.ជ.ប ដើម្បីឱ្យការចុះឈ្មោះនេះ ដំណើរការទៅដោយមានតម្លាភាព និងធានាថា មិនមានឈ្មោះស្ទួន មិនមានឈ្មោះខ្មោច មានឈ្មោះមិនខុសទិន្នន័យ និងត្រូវធ្វើម៉េចដើម្បីឱ្យដំណើរការនេះមានលក្ខណៈស្តង់ដារ ត្រឹមត្រូវឱ្យបាន៩៨%។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជារូបនេះបានបន្តប្រាប់ថា ដើម្បីធានាពីភាពត្រឹមត្រូវ លោកក៏បានផ្តល់យោបល់ផងដែរចំពោះការចុះឈ្មោះបោះឆ្នោត គួរតែផ្ទៀងផ្ទាត់ឈ្មោះភ្លាមៗជាមួយនឹងមន្ត្រីចុះឈ្មោះ និងឯកសារដែលគាត់យកមកចុះឈ្មោះ នៅកន្លែងចុះឈ្មោះបោះឆ្នោត ដើម្បីធានាថាទិន្នន័យដែលគាត់មាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រឹមឬយ៉ាងណា។
លោកគល់ បញ្ហា បន្ថែមថា «នីតិវិធីយើងធ្វើម៉េចឱ្យមានការសម្រួល ឱ្យមានចេញឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតហ្នឹង ឱ្យបានទាន់ពេលវេលានៅក្នុងអំឡុងពេលចុះឈ្មោះ។ ប្រព័ន្ធត្រួតពិនិត្យ ទិន្នន័យស្ទួនអីហ្នឹងឱ្យធ្វើម៉េចឱ្យរៀបចំប្រព័ន្ធហ្នឹង ឱ្យបានច្បាស់លាស់នៅឃុំសង្កាត់ ហើយកុំព្យូទ័រទេការបញ្ចូលទិន្នន័យគេហៅថាBiometrics ឬក៏ជីវមាត្រ ដើម្បីផ្ទៀតផ្ទាត់ក្រយ៉ៅដៃជីវមាត្រហ្នឹងឱ្យបានច្បាស់លាស់អញ្ចឹងទៅ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យ គ.ជ.ប លោកហង្ស ពុទ្ធាបានឱ្យដឹងថា នៅអំឡុងពេលដែលគាត់កំពុងចុះឈ្មោះបោះឆ្នោត អ្នកដែលបានទៅចុះឈ្មោះ គឺគាត់នៅអង្គុយនៅមុខកុំព្យូទ័រ ដែលគាត់ពិនិត្យមើលទិន្នន័យភា្លមៗក្នុងកុំព្យូទ័របាន ។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបានចេញផ្សាយកាលពីពេលកន្លងទៅបានឱ្យដឹងថា ដំណើរនៃការចុះឈ្មោះសាកល្បងនេះត្រូវចំណាយថវិកាប្រមាណ៨០ម៉ឺនដុល្លារ៕