ភ្នំពេញ៖ គណៈប្រតិភូសភាអឺរ៉ុបមួយក្រុមដែលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា រយៈពេល ០៣ ថ្ងៃ កាលពីថ្ងៃទី ០២ មេសា បានចាត់ទុកការគ្រប់គ្រងរដ្ឋនៅកម្ពុជា ប្រកបដោយគ្រោះថ្នាក់ ចំពោះក្រុមប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស ដោយបានទាមទារឱ្យមានភាពប្រសើរឡើងវិញ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ។ ទន្ទឹមគ្នានេះដែរ មេដឹកនាំសង្គមស៊ីវិលម្នាក់ថា មន្ត្រីរដ្ឋាភិបាលនិយាយឱ្យតែពិរោះស្ដាប់ប៉ុណ្ណោះ ។

ក្នុងដំណើរទស្សនកិច្ចស្វែងរកការពិតមួយនៅកម្ពុជា រយៈពេល៣ថ្ងៃដែលទើបបានបញ្ចប់ កាលពីថ្ងៃទី ០២ មេសា ប្រតិភូនៃអនុគណៈកម្មាធិការសិទ្ធិមនុស្សសភាអឺរ៉ុប បានចេញសេចក្ដីថ្លែងរបស់ខ្លួន ដោយបានបង្ហាញក្ដីព្រួយបារម្ភពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។
សេចក្ដីថ្លែងរបស់ប្រតិភូនៃអនុគណៈកម្មាធិការសិទ្ធិមនុស្សសភាអឺរ៉ុប ត្រូវបានចែងផ្សាយ កាលពីថ្ងៃទី ០២ ខែមេសា បានបង្ហាញនូវចំណុចចាប់អារម្មណ៍ជាច្រើន ជុំវិញស្ថានភាពនយោបាយ និងការគោរពសិទ្ធិមនុស្ស នៅកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍នេះ គណៈប្រតិភូអឺរ៉ុបបានអះអាងថាសហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញសម្រាប់ប្រទេសកម្ពុជា និងជាម្ចាស់ជំនួយធំបំផុត នៃការផ្តល់ជំនួយឥសំណង ហើយថា គោលបំណងរបស់ប្រតិភូនេះ គឺដើម្បីវាយតម្លៃនូវនូវអ្វីដែលថាប៉ះពាល់ចំពោះគោលនយោបាយ និង កិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ដោយសារ កំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាធ្លាក់ចុះ។
តាមសេចក្ដីថ្លែងការណ៍នេះគណៈប្រតិភូសភាអឺរ៉ុប បានធ្វើការផ្លាស់ប្តូរទស្សនៈជាមួយតំណាងរដ្ឋាភិបាលរួមទាំងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សជាតិនៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃនិងតំណាងគណបក្សប្រឆាំង។
គណៈប្រតិភូសភាអឺរ៉ុប ក៏បានរៀបចំកិច្ចពិភាក្សាតុមូលជាមួយអង្គការសង្គមស៊ីវិល និងជួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ដោយផ្ដោតលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ ។
សមាជិកនៃសភាអឺរ៉ុប បានសម្តែងនូវការដឹងគុណ ចំពោះការពិភាក្សាបើកចំហក្នុងពេលដំណើរទស្សនកិច្ចរបស់ពួកគេលើកំណែទម្រង់ប្រព័ន្ធតុលាការនិងការបោះឆ្នោត ក្នុងគោលបំណងដើម្បីលើកកម្ពស់អភិបាលកិច្ចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងសង្គម ។
តែនៅក្នុងដំណើរទស្នកិច្ចនេះ សមាជិកសភាអឺរ៉ុបបានសម្តែងការព្រួយបារម្ភមួយយ៉ាងខ្លាំងនោះគឺធ្វើទុក្ខបុកម្នេញខាងនយោបាយទៅលើបក្សប្រឆាំង។ តាមសេចក្ដីថ្លែងការណ៍ដដែលនេះគណៈប្រតិភូ សភាអឺរ៉ុបបានឡើងឡើងករណីសមាជិកព្រឹទ្ធសភាលោកហុងសុខហួរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។ ជាមួយគ្នានេះ គណៈប្រតិភូសភាអឺរ៉ុបក៍បានទទូចឱ្យមានគោរពនូវពហុនិយមប្រជាធិបតេយ្យ កុំព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំង ដែលជាក្ដីបារម្ភចំពោះការបោះឆ្នោតនៅពេលខាងមុខនេះ។
ប្រតិកម្មតបទៅនឹងអ្វីដែលជាការលើកឡើងរបស់សភាអឺរ៉ុបនេះដែរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ដ្រី លើកឡើងថា ខាងសភាអឺរ៉ុបមានសិទ្ធិគ្រប់គ្រាន់ក្នុងការព្រួយបារម្ភជំនួសខ្មែរ ក៏ប៉ុន្ដែការទទួលខុសត្រូវរបស់សភាខ្មែរ របស់រាជរដ្ឋាភិបាលខ្មែរ ដែលទទួលបានសិទ្ធិផ្ដាច់មុខចេញពីប្រជាពលរដ្ឋ គឺធ្វើទៅតាមតែលទ្ធភាព និងសមត្ថភាពដែលរដ្ឋាភិបាអាចធ្វើបានតែប៉ុណ្ណោះ។ លោកបន្ដថា ដើម្បីប្រយោជន៍ប្រជាពលរដ្ឋខ្មែរ រដ្ឋាភិបាលតែងអនុវត្តនិងរក្សាគោលជំហរសន្ថិភាពតាមនីតិរដ្ឋ។
លោក ផៃ ស៊ីផាន ថា ៖« ដើម្បីតម្រូវអ្វីដែលជាផលប្រយោជន៍របស់ខ្មែរ គឺ ទីមួយ ស្ថេរភាពនយោបាយ ទីពីរ គឺ សន្ថិភាព និងទីបីគឺ ដែលយើងហៅថា នីតិរដ្ឋ។ ដូចនេះមិនមែនបានន័យថា បក្សប្រឆាំងរំលោភនីតិរដ្ឋយើងឈរមើលនោះទេ យើងក៏មិនចង់ឃើញស្រុកខ្មែរខ្លាចខ្លួនទៅជាប្រទេសស៊ីរី ដែលតម្រូវឱ្យអង្គការសហប្រជាជាតិ មកចែកអំណោយ ចែកបាយ ចែកទឹកឱ្យយើងដែរ គឺយើងមិនចង់ចឹងទេ»។
លោក ផៃ ស៊ីផាន បន្ដទៀតថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលសម្រេចចិត្តបានត្រឹមត្រូវ លើផ្លូវត្រឹមត្រូវ ដែលធ្វើឱ្យពលរដ្ឋសប្បាយចិត្ត មានស្ថេរភាព សន្តិភាព និងកំណើនសេដ្ឋកិច្ច ។
លោក ផៃ ស៊ីផាន ថា ៖ កម្ពុជាជាប្រទេសឯករាជ្យ ហើយមានអធិបតេយ្យភាព កម្ពុជាមិនស្ថិតនៅក្រោមជំនួយរបស់អ្នកណាទេ គេមិនចង់អោយហីទៅ នេះជារឿងដទៃទៀត។ អធិបតេយ្យភាពរបស់កម្ពុជា និងមោទនភាពរបស់កម្ពុជា មិនអាចទិញដូរតាមរយៈជំនួយទេ ព្រោះប្រទេសយើង ជាប្រទេសឯករាជ្យ»។
ចំណែកលោក គល់ បញ្ញា នាយកប្រតិបតិ្តអង្គការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រេល មានប្រសាសន៍ថា អ្វីដែលសភាអ៊ឺរ៉ុបបានលើកឡើងមកនេះ គឺលោកយល់ស្រប ហើយសង្ឃឹមថា រដ្ឋាភិបាលនិងយកចិត្តទុកដាក់ស្ដាប់តាមការទទូចរបស់សភាអ៊ឺរ៉ុប។
លោក គល់ បញ្ញា មានប្រសាសន៍ថា ៖«ចាប់អារម្មណ៍មែនទែនចំពោះរឿងនេះ ហើយរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខិតខំស្ដាប់ មតិយោបល់របស់ខាងសភាសហភាពអឺរ៉ុប ព្រោះថា គេអាចធ្វើការណែនាំទៅរដ្ឋាភិបាលរបស់សហភាពអ៊ឺរ៉ុប ឬគណៈកម្មាធិការសភាអឺរ៉ុប ក្នុងការពិនិត្យមើលគោលនយោបាយ គោលជំហរថ្មី ដើម្បីលើកស្ទួយប្រជាធិបតេយ្យ និងដំណោះស្រាយដែលយើងកំពុងជួបប្រទះ…»។
ជាថ្មីលោក គល់ បញ្ញា ជឿថា បើរដ្ឋាភិបាលកម្ពុជា ព្រមធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រសើរឡើងវិញទៅតាមការស្នើសុំរបស់សភាអឺរ៉ុប កម្ពុជាអាចគេចផុតពីការដាក់ទណ្ឌកម្មផ្សេងពីម្ចាស់ជំនួយដ៏ធំនេះ។
លោក គល់ បញ្ញា បញ្ជាក់ថា ៖ «ហើយរឿងនេះ គេអាច គេអាននៅបន្ដឃ្លាំមើលទៀត ហើយបើសិនជាទៅដល់ដៃរដ្ឋាភិបាលសហភាពអឺរ៉ុប ហើយគណៈកម្មាធិការសហភាពអ៊ឺរ៉ុប គេនិងមានការកែប្រែជំហរ ឬគោលនយោបាយថ្មីមួយ ដើម្បីជំរុញទៅរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាហ្នឹង រហូតដល់មានដាក់ទណ្ឌកម្មអី ។ នេះខ្ញុំយល់ថា ជាផលប៉ះពាល់ធំណាស់ ខ្ញុំគិតថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់អំពីការលើកឡើងរបស់សហភាពអឺរ៉ុប»។
កាលពីចុងឆ្នាំ ២០១៥សភា អឺ់រ៉ុប បានអនុម័តដោយសំឡេង លើសលុបថ្កោលទោស ការធ្វើទុក្ខបុកម្នេញ ខាងនយោបាយ លើក្រុមសំឡេងភាគតិចនៅរដ្ឋសភា ជាពិសស បានថ្កោលទោសចំពោះការចេញដីការចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ។ សូមរលឹកថាសហភាព អឺរ៉ុបមាន ២៨ ប្រទេស ។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុប គឺស្ថាប័នផ្ដល់ជំនួយដ៏ធំជាងគេសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ៕