ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ បានសម្ដែងការកាន់ទុក្ខជាមួយប្រជាពលរដ្ឋថៃ ចំពោះការយាងចូលទិវង្គតនៃ ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត(Bhumibol Adulyadej)។

លិខិតរបស់គណបក្សសង្គ្រោះជាតិដែលចុះហត្ថលេខាដោយប្រធានស្ដីទីលោក កឹម សុខា បានផ្ញើជូនលោក ប្រាយុទ្ធ ច័ន្ទអូចា ធ្វើឡើងនៅថ្ងៃទី១៤ តុលា បានសរសេរថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណបក្សសង្គ្រោះជាតិ មានសេចក្តីរន្ធត់យ៉ាងខ្លាំងដោយទទួលដំណឹងថា ព្រះ បាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ បានយាងចូលទិវង្គត។
តាមលិខិតគណបក្សប្រឆាំងធំនេះ បានចាត់ទុកការសោយទិវង្គតរបស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាពលរដ្ឋថៃ ក៏ដូចជាការបាត់បង់របស់ប្រជាជាតិនានា លើសកលលោកផងដែរ។
គណបក្សសង្គ្រោះជាតិ បានសម្តែងការសោកស្តាយ និងជូននូវការរំលែកទុក្ខ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង ចំពោះព្រះមហាក្សត្រីយានី និងព្រះរាជវង្សានុវង្សថៃ ក៏ដូចជាលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា។

ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតកាលពីរសៀលថ្ងៃទី ១៣ តុលា ដោយ ព្រះរោគ ក្នុងជន្មាយុ ៨៨ ព្រះវស្សា។
ព្រះមហាក្សត្រថៃអង្គនេះ បានឡើងគ្រោងរាជ្យ តាំងពីឆ្នាំ ១៩៤៦ រហូតព្រះអង្គចូលទិវង្គត គឺមានរយៈពេល ៧០ ឆ្នាំ ដែលគេចាត់ទុកថាជាស្ដេចមួយអង្គបានឡើងសោយរាជ្យយូរឆ្នាំជាងគេ នៅលើពិភពលោក។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា បានប្រកាសឱ្យពលរដ្ឋថៃកាន់ទុក្ខមរណភាពព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត រយៈពេល ១ឆ្នាំ៕