ភ្នំពេញ៖ ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចេះថែទាំសុខភាពឱ្យបានល្អ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗដែលមកពីអាកាសធាតុចុះត្រជាក់ខ្លាំង។ ក្រសួងពន្យល់ថា នៅពេលអាកាសធាតុចុះត្រជាក់ប្រជាពលរដ្ឋនឹងប្រឈមនឹងជំងឺកើតតាមរដូវកាល ជាពិសេសជំងឺផ្លូវដង្ហើម គ្រុនផ្តាសាយ រលាកបំពង់ក និងរលាកក្រពះពោះវៀន។
លោក ធូ វិរៈ រាយការណ៍លម្អិត!

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលឱ្យដឹងថា ជំងឺតាមរដូវកាលជាញឹកញាប់កើតមានក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នៅចន្លោះខែ ធ្នូ ដល់ ខែ មករា ឆ្នំា ២០១៩ខាងមុខនេះ។ ជំងឺតាមរដូវកាលមានដូចជា ជំងឺផ្លូវដង្ហើម ឬអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រិបតូកូក។ ជំងឺទាំំងនោះ មានរោគសញ្ញា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀតដោយពពួកវីរុសជាដើម។
ក្រសួងសុខាភិបាលពន្យល់អំពីវិធីការការពារសាមញ្ញមួយចំនួន ដើម្បីថែទាំខ្លួន និងក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ជរា កុមារ និងទារក។
ឪពុកម្តាយត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃឱ្យកូនៗរបស់គាត់ហើយធ្វើយ៉ាងណារក្សាកំដៅក្នុងខ្លួនក្នុងកម្រិតធម្មតា។ ប្រសិនបើមានរោគសញ្ញាពិបាកដកដង្ហើមគ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត ត្រូវប្រញាប់ស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឬមណ្ឌលសុខាភាព។
ក្រសួងណែនាំទៀតថា ប្រសិនបើលោកអ្នក ក្អក ឬកណ្តាសត្រូវខ្ទប់មាត់ជាមួយក្រណាត់ ក្រដាស ឬកន្សែង។ ជាមួយគ្នានេះ ត្រូវលាងដៃជាមួយសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់។ ការប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួនកុំឱ្យមានការចម្លងរោគដោយមិនត្រូវនៅជិតស្និទ្ធពេក។
ក្រសួងសុខាភិបាលពន្យល់ថា ចំពោះកុមារ ទារក និងមនុស្សចាស់ មានហានិភ័យខ្ពស់ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ ព្រោះទារកអាចនឹងបាត់បង់កំដៅរាងកាយជាងមនុស្សធំ ហើយទារក និង កុមារមិនអាចរក្សាកំដៅរាងកាយបានគ្រប់គ្រាន់ទេ បើគ្មានការថែទាំត្រឹមត្រូវ។
ក្រសួងសុខាភិបាល ឱ្យដឹងទៀតថា ទារកអាយុតិចជាងមួយឆ្នាំមិនគួរឱ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ឪពុកម្តាយ ត្រូវសម្លៀកបំពាក់ដែលកក់ក្តៅ និងដណ្តប់ភួយសម្រាប់ទារកឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសីតុណ្ហភាពឱ្យកក់ក្តៅ។
ចំពោះមនុស្សវ័យចាស់ក្រសួងសុខាភិបាលបញ្ជាក់ថា ជាញឹកញាប់ មានកំដៅរាងកាយតិច ព្រោះការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងរាយថយចុះដែលអាចធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។ ការថយចុះកំដៅក្នុងរាងកាយរបស់មនុស្សវ័យចំណាស់អាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតដោយសារការឆ្លើយតបយឺតនៃរាងកាយជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
ដោយឡែក កុមារ និងមនុស្សវ័យចំណាស់ ត្រូវស្លៀកពាក់ច្រើនជាន់ ឬក្រាស់ៗ នៅពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួនគាត់។ប៉ុន្តែត្រូវជៀសវាងសម្លៀកបំពាក់តឹងពីព្រោះវាអាចរំខានដល់ចរន្តឈាម និងកំដៅក្នុងរាងកាយ។
ក្រសួងណែនាំថា កុមារ និងមនុស្សវ័យចំណាស់ ត្រូវពាក់មួក ស្រោមជើង នៅពេលចេញទៅក្រៅផ្ទះពេលអាកាសធាតុចុះត្រជាក់ខ្លាំង ដើម្បីរក្សាកំដៅក្នុងរាងកាយ ហើយត្រូវពិសារទឹកឱ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បងជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់នឹងអាកាសធាតុត្រជាក់។
ក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍ថា ក្នុងអំឡុងខែ មករា ឆ្នាំ ២០១៩ ខាងមុខនេះ កម្ពុជានឹងមានអាកាសធាតុចុះត្រជាក់ ពិសេសខេត្ដនៅតំបន់ខ្ពង់រាប និងតំបន់ជូរភ្នំ។ សម្រាប់តំបន់ខ្ពង់រាប នឹងតំបន់ជូរភ្នំ សីតុណ្ហភាពអាចចុះត្រជាក់ដល់ ១៧ ឬ ១៩ អង្សាសេ៕