ភ្នំពេញ៖ ក្រសួងសុខាភិបាលអំពាវនាវជាថ្មីកុំឱ្យប្រជាពលរដ្ឋប្រើថ្នាំផ្សះចំពោះជំងឺគ្រុនក្តៅ និងផ្តាសាយ ឬរបួសតិចតួច ព្រោះមេរោគ ឬវិរុស អាចមានភាពសុំាទៅនឹងឱសថ ដែលអាចបណ្តាលឱ្យការព្យាបាលមិនងាយជះសះស្បើយ ចំណាយថវិកាច្រើន និងអាចឈានដល់បាត់បង់អាយុជីវិតថែមទៀតផង។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានបង្ហោះសារជាវីដេអូលើហ្វេសប៊ុក ដោយអំពាវនាវកុំឱ្យប្រើប្រាស់ថ្នាំផ្សះសម្រាប់ព្យាបាលស្រាលជំងឺគ្រុនក្តៅ និងផ្តាសាយ ឈឺក្បាល រាក របួសតិចតួច និងលេបថ្នាំបង្ការចំលងមេរោគ ព្រោះមេរោគអាចសុំានឹងឱសថពេលលេបថ្នាំគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
ការអំពាវនាវធ្វើឡើងឱកាសប្រារព្ធសប្តាហ៍ប្រឆាំងនឹងភាពសុំារបស់ឱសថទៅនឹងមេរោគ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៦ វិច្ឆិកា ម្សិលមិញ នៅខេត្តកំពងចាម។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណ ឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា អ្នកជំងឺមិនត្រូវលេបថ្នាំអាស្ពេរីននៅពេលសង្ស័យថាមានរោគសញ្ញាកើតជំងឺគ្រុនក្តៅ ឬ ផ្តាសាយ ប៉ុន្តែអ្នកជំងឺអាចប្រើថ្នាំបញ្ចុះកំដៅប្រភេទដូចជា ប៉ារ៉ាសេម៉ូល ឬសម្រាក់ឱ្យបានគ្រប់គ្រាន់។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ក្នុងករណីក្តៅខ្លួនរយៈពេលពីរបីថ្ងៃមិនព្រមបានត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់។
តែបែបនេះក្តី លោកស្រី វេជ្ជបណ្ឌិត ពន្យល់ថា ដើម្បីកុំឱ្យឆ្លងជំងឺផ្តាសាយទៅអ្នកដទៃ អ្នកជំងឺត្រូវពាក់មះ ឬយកកន្លែងខ្ទបមាត់នៅពេលក្អក ហើយអ្នកជំងឺត្រូវញុំាទឹកឱ្យបានច្រើន ជាពិសេសប្រជាពលអាចចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយ។
គណនីហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ឱ្យដឹងទៀតថា សកលលោកកំពុងប្រឈមទៅនឹងការគ្មានឱសថសំលាប់មេរោគដោយសារឱសថមានភាពសុំាដែលនាំឱ្យ ព្យាបាលមិនងាយជា និងចំណាយថវិកាច្រើនក្នុងការព្យាបាល ហើយធ្ងន់ជាងនេះអាចបាត់បង់ អាយុជីវិតដោយមិនអាចព្យាបាលសំលាប់មេរោគបាន។
ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវកុំឱ្យប្រើប្រាស់ថ្នាំសំលាប់មេរោគដោយគ្មានវេជ្ជបញ្ជារ និងមិនត្រូវផ្សំថ្នាំនៅឱសថស្ថាន និងកន្លែងលក់ថ្នាំ ដើម្បីព្យាបាលដោយខ្លួនឯងឡើយ។
លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា បើយោងតាមរបាយការណប្រចាំឆ្នាំបង្ហាញថាកក្នុងចំណោមអ្នកជំងឺមកទទួលសេវាព្យាបាលជាង១០ម៉ឺននាក់រកឃើញមានវិរុសផ្តាសាយកម្រិតស្រាលតិចតូចនោះទេ។ លោកស្រីវេជ្ជបណ្ឌិតថា ក្នុងចំណោមអ្នកជំងឺជាង១០ម៉ឺននាក់មានតែ ២៤៤២ ករណីដែលរកឃើញមានរោគសញ្ញាប្រហាក់ប្រហែលជំងឺផ្តាសាយ។
បើតាមវិទ្យាស្ថានប៉ាស្ទ័រ ឱ្យដឹងថា នៅបណ្តាប្រទេសលោកខាងលិចមានការប្រើប្រាស់ប្រភេទថ្នាំផ្សះឬឱសថអង់ទីប៊ីយូទិចហួសប្រមាណ ឬមិនត្រូវតាមវេជ្ជបញ្ជាបណ្តាលឱ្យបាក់តេរីសុំាជាមួយថ្នាំ។ ការណ៍នេះ អង្គការសុខភាពពិភពលោកមានការព្រួយបារម្ភ ចំពោះការគំរាមកំហែងបំផុតចំពោះសុខភាពសាធារណៈជាសកល។
ប្រសិនបើគ្មានការទប់ស្កាត់ទេ គេប៉ាន់ប្រមាណថា ករណីនេះអាចបណ្តាលមនុស្សស្លាប់ ១០ លាននាក់នៅលើពិភពលោកនៅត្រឹមឆ្នាំ ២០៥០ ហើយការចំណាយថវិកាព្យាបាលច្រើនជាង ១០០ពាន់លានដុល្លារនៃសេដ្ឋកិច្ចពិភពលោក៕