វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃចន្ទទី០៩ សីហានេះ បានទទូចឱ្យប្រទេសថៃអនុវត្តឱ្យបាននូវសេរីភាពរបស់ពលរដ្ឋឡើងវិញ បន្ទាប់ពីប្រទេសនេះបានអនុម័តរដ្ឋធម្មនុញ្ញមួយរៀបរៀង ដោយពួកយោធា ដែលគេមើលឃើញថា ជាការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី អ៊ីឡាបែត ទ្រូដូ (Elizabeth Trudeau) បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា សហរដ្ឋ អាមេរិកមានក្តីព្រួយបារម្ភអំពីសេចក្តីសម្រេចចំពោះរដ្ឋធម្មនុញ្ញថ្មីរបស់រាជាណាចក្រនេះ។
តាមបណ្ដាញផ្សាយព័ត៌មាន BBCលទ្ធផលក្រៅផ្លូវការបានបង្ហាញថា ៦១,៤៥% បានបោះឆ្នោតពេញចិត្តរដ្ឋធម្មនុញ្ញ។ ពួកយោធាបានទាត់ ចោលរដ្ឋធម្មនុញ្ញចាស់ នៅពេលដែលយោធាដណ្តើមអំណាចបានកាលពីឆ្នាំ ២០១៤ ស្របពេលប្រទេសថៃបានជួបប្រទះនឹងអស្ថេរភាពនយោបាយ និងអំពើហិង្សាជាបន្តបន្ទាប់តាមដងផ្លូវ។
មានមតិ២ផ្សេងៗគ្នាទៅលើរដ្ឋធម្មនុញ្ញថ្មីនេះ អ្នកគាំទ្រនៃរដ្ឋធម្មនុញ្ញថ្មីបាននិយាយថា រដ្ឋធម្មនុញ្ញថ្មីនេះនឹងស្តារស្ថិរភាពនយោបាយឡើងវិញ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា រដ្ឋធម្មនុញ្ញនេះគឺនៅក្រោមឥទ្ធិពលពួកយោធាដដែល។
អ្នកបោះឆ្នោត ក៏បានបោះឆ្នោតគាំទ្រវិធានទីពីរនៅលើសន្លឹកឆ្នោតផងដែរ ហើយពួកគេបានស្នើថា ព្រឹទ្ធសភា គួរតែត្រូវជាប់ពាក់ព័ន្ធក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ។ គណៈកម្មការរៀបចំការបោះឆ្នោតបានថ្លែងថា ចំនួនអ្នកទៅបោះឆ្នោតគឺមានប្រហែល ៥៥ភាគរយដែលខុសពីការរំពឹងទុក ថា៨០ភាគរយ។
យុទ្ធនាការប្រឆាំងនឹងសេចក្តីព្រាងច្បាប់នៅក្នុងដំណើរការប្រជាមតិនេះ ត្រូវបានហាមឃាត់ ហើយមនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួន។ គណបក្សនយោបាយធំបំផុតរបស់ថៃក៏បានច្រានចោលរដ្ឋធម្មនុញ្ញនេះដែរ។
មន្ត្រីប៉ូលិសប្រហែល ២សែននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសណ្តាប់ធ្នាប់បញ្ចៀសការតវ៉ាណាមួយដែលអាចកើតមានឡើង។
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យ បានស្នើសុំការទទួលស្គាល់ជាផ្លូវការដើម្បីត្រួតពិនិត្យការបោះឆ្នោតនេះ, ប៉ុន្តែនេះមិនត្រូវបានផ្តល់ដោយគណៈកម្មការបោះឆ្នោតនោះទេ៕ ប្រភព៖BBC