ភ្នំពេញ៖រថយន្តដឹកកម្មកររោងចក្រជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់បណ្តាលឲ្យស្លាប់កម្មការិនីម្នាក់និងរងរបួសធ្ងន់ស្រាលជាច្រើននាក់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៨នេះ។

រថយន្តកូរ៉េដឹកកម្មកររោងចក្របានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយបណ្ដាលឱ្យកម្មការិនីរោងចក្រម្នាក់ស្លាប់និងរងរបួសធ្ងន់ស្រាលតែអ្នកបើកឡានបានរត់គេចខ្លួន។នេះបើតាមលោក ផាត់ សុង ប្រធានការិយាល័យការងារនៃមន្ត្រីខេត្តកំពងស្ពឺ។
លោក ផាត់ សុង ប្រធានការិយាល័យការងារនៃមន្ត្រីខេត្តកំពងស្ពឺបានប្រាប់វិទ្យុស្ត្រីថារថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តមួយផ្សេងទៀតបានដាច់កង់កំពុងបើកបរ គាប់ជួនឡានដឹកកម្មកររោងចក្រ បើកបរក្នុងល្បឿនទៅបុកកង់ឡាននោះហើយក្រឡាប់នៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក ផាត់សុង៖«មានឡានមួយគ្រឿងឡានដឹកដីគាត់រត់ទៅឡានគាត់ដាច់កង់មួយ។កង់នឹងវារត់នៅលើផ្លូវហើយឡានដែលដឹកកម្មករនឹងគាត់លឿន គាត់លឿនហ្វាំតអត់ទាន់បុកជាមួយកង់ឡានដែលគេដាច់និងក្រឡាប់។ខាងខ្ញុំក្តាប់បានតួលេខខាងកំពង់ស្ពឺនៅខាងកំពង់ស្ពឺ៧នាក់របួសបែកមុខបែកមាត់២នាក់ហើយនិងស្លាប់ម្នាក់និងរបូសស្រាល៥នាក់។»
ភ្លាម់ៗក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងចូលរួមរំលែងទុក្ខក្រៀមក្រំចំពោះឧបទ្វហេតុរថយន្តកម្មករគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ស្លាប់កម្មារិនីម្នាក់និងរងបួសស្រាល៤៧នាក់ របួសធ្ងន់ ៦នាក់ក្នុងចំណោមកម្មករសរុប៦០នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបញ្ជាក់ថាកម្មកររោងចក្ររងរបួសទាំងនោះត្រូវបានបញ្ជូនទៅសម្រាកពន្យាបាលនៅគ្លីនិចសុខាភិបាលបែកចាន គ្លីនិចទេពមង្គល គ្លីនិចថ្នល់ទទឹង មន្ទីរពេទ្យកាល់ម៉ែត្រនិងមន្ទីរពេទ្យព្រះកុសុមៈ។
របាយការណ៍របស់ ប.ស.ស បញ្ជាក់ថាហានិភ័យគ្រោះថ្នាក់ការងាររបស់កម្មកររោងចក្រសម្រាប់ឆ្នាំ២០១៧សរុប៣៥២៥៨នាក់ បើធៀបទៅនឹងឆ្នាំមុនមាន២៦០៨៩នាក់។នេះបើតាមលោក អាត់ ធន់ ទទួលបានរបាយការណ៍ពីរបបបេឡាជាតិសន្តិសុខសង្គម។
ក្នុងនោះហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍សរុប៨៨៩០នាក់ បើធៀបនឹងឆ្នាំមុនមាន៧១៧៣នាក់ហើយអត្រាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យកម្មកររោងចក្រស្លាប់មានចំនួន១៦២នាក់ ក្នុងឆ្នាំ២០១៧នេះបើធៀបនឹងឆ្នាំមុនមាន១៤២នាក់។
ក្នុងវិស័យឧស្សាហកម្មកាត់ដេរនាពេលបច្ចុប្បន្ននេះ បានផ្ដល់ការងារដល់ស្ត្រីប្រមាណ៧០ម៉ឺននាក់នឹងទទួលបានប្រាក់ខែគោល១៧០ដុល្លារចាប់ពីខែមករាឆ្នាំ២០១៨នេះតទៅ៕