ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសអំពីគម្រោងបញ្ជូនពលករខ្មែរប្រមាណ ៥ ពាន់នាក់ទៅបម្រើការងារនៅប្រទេសគុយវ៉ែតនៅឆ្នាំក្រោយនេះ។ អង្គការសង្គមស៊ីវិលមួយធ្វើការលើកិច្ចការពារជនចំណាក់ស្រុកមានការព្រួយបារម្ភអំពីការបញ្ជូនពលករទៅបញ្ចឹមបូព៌ាដែលមានការគោរពសិទ្ធិមនុស្សតិចតូចនៅឡើយ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសអំពីគម្រោងបញ្ជូនពលករខ្មែរប្រមាណ ៥ ពាន់នាក់ទៅបម្រើការងារនៅប្រទេសគុយវ៉េតនៅឆ្នាំក្រោយនេះ។ ពលករខ្មែរនឹងបម្រើការងារ លើផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីសង្គមកិច្ច និងការងាររបស់ប្រទេសគុយវ៉ែតកាលពីថ្ងៃទី ២៤ តុលា ម្សិលមិញ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា កម្ពុជាត្រៀមពលករខ្មែរចំនួន ៥ ពាន់នាក់ ដើម្បីបញ្ជូនទៅបម្រើការងារនៅប្រទេសគុយវ៉ែត ដែលប្រទេសស្ថិតបញ្ចឹមបូព៌ាដោយប្រើប្រាស់ភាសាអារ៉ាប់។
លោក អ៊ិត សំហេង៖ «ប្រសិនបើជាទៅទីនោះគឺឱកាសការងារល្អ វាស្របជាមួយនឹងអ្វីប្រជាពលរដ្ឋនឹងយុវជន យុវនារីអាចទទួលយកបាន ហើយលក្ខខណ្ឌល្អប្រាក់ឈ្នួលល្អ យើងគឺនឹងជំរុញឱកាសនេះឱ្យបានកាន់តែច្រើនថែមទៀត។ខ្ញុំគិតថានេះជាផ្នែកមួយនៃនយោបាយបើកចំហរឆ្ពោះទៅកាន់បញ្ចឹមបូព៌ារបស់រាជរដ្ឋាភិបាល»។
លោករដ្ឋមន្ត្រីបញ្ជាក់ថា លក្ខខណ្ឌសម្រាប់ពលករខ្មែរទៅបម្រើការងារនៅគុយវ៉ែតគឺការបណ្តុះបណ្តាលជំនាញ និងភាសាអង់គ្លេងជាមុន ជាពិសេសពលករខ្មែរដែលចេះនិយាយភាសាអារ៉ាប់។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បង្ហាញទស្សនថា កម្ពុជាគួរមានប្រុងប្រយ័ត្នមុនការបញ្ជូនពលករខ្មែរទៅប្រទេសគុយវ៉ែត ព្រោះប្រទេសនេះពុំទាន់មានរបាយការណ៍ផ្លូវការណាមួយបង្ហាញពីការគោរសិទ្ធិមនុស្សនោះទេ។ ផ្ទុយទៅវិញប្រទេសនេះកំពុងត្រូវបានឃ្លាំមើលអំពីបញ្ហារំលោភសិទ្ធិមនុស្សដោយក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនានា។
លោក មឿន តុលា ៖«និយាយាទៅប្រទេសនៅក្នុងអារ៉ាប់វាមិនទាន់មានរបាយការណ៍ណាមួយថាមានការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិកម្មករ វានៅក្នុងបញ្ជីតាមដានឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សអន្តរជាតិសំខាន់រួមមានអង្គការ Human Right Watch និង Amnesty international ផង ហើយមានរបាយការណ៍ជាច្រើនពាក់ព័ន្ធរឿងការរំលោភបំពាន ការធ្វើទារុណកម្ម ការរំលោភលើរាងកាយ ជាពិសេសប្រសិនបើជាកម្មករជាស្ត្រីរងគ្រោះការរំលោភបំពាន»។
លោក អ៊ិត សំហេង ថ្លែងបន្តថា កម្ពុជាមិនព្រួយបារម្ភចំពោះពលករខ្មែរទៅធ្វើការងារនៅប្រទេសគុយវ៉េែតទេ ព្រោះការបញ្ជូនពលករស្ថិតនៅកិច្ចព្រមព្រៀងគ្នាដោយភ្ជាប់នឹងលក្ខខណ្ឌការងារល្អ និងការគោរពសិទ្ធិមនុស្សជាដើម។ តែលោកទទួលស្គាល់ថា មានពលករខ្មែរមួយចំនួនទៅបម្រើការងារនៅប្រទេសមួយចំនួនរងការរំលោភបំពានសិទ្ធិការងារ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរ ដោយសារពលករទាំំងនោះចំណាកស្រុកដោយខុសច្បាប់។
លោក មឿន តុលា សង្កេតឃើញថា បើទោះជាមានការបញ្ជូនពលករខ្មែរទៅប្រទេសនានាស្ថិតក្រោមកិច្ចព្រមព្រៀងក៏ដោយតែពលករខ្មែរមួយចំនួននៅតែរងការរំលោភបំពានសិទ្ធិការងារ នៅប្រទេសថៃ និងម៉ាឡេស៊ី។លោកថា សូម្បីតែពលករខ្មែរនៅកូរ៉េខាងត្បូងបញ្ជូនក្នុងក្រមខណ្ខរដ្ឋនិងរដ្ឋនូវមានការរំលោភបំពាន ខ្លះផងដែរ។
កាលពីឆ្នាំទៅមិញកម្ពុជាបាន បញ្ចូនពលករស្ត្រីខ្មែរបម្រើតាមផ្ទះជាច្រើនសិបនាក់ទៅទីក្រុងហុងកុង បន្ទាប់ពីកម្ពុជា និងអាជ្ញាធរដែនដីបរទេសមួយនេះ បានចុះអនុស្សារណជាមួយគ្នា រួចមក។
ពលករកម្ពុជា ត្រូវបានបញ្ជូនទៅធ្វើការងារ ជាការងារកម្មករ សំណង់ ឬកម្មករជំនាញជាន់ខ្ពស់ នៅបណ្ដាលប្រទេសជាច្រើន រួម កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងប្រទេសថៃដែលមានចំនួនកាន់តែច្រើនឡើ់ងក្នុងមួយឆ្នាំៗ។ អ្នកជំនាញកិច្ចការសង្គម ព្រមានពីការបាត់ធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា៕