ហ្សាការតា៖ មន្ត្រីកងទ័ពជើងទឹកម្នាក់និយាយថា យ៉ាងតិចណាស់មនុស្ស ១០នាក់បានស្លាប់កាលពីថ្ងៃអាទិត្យទី ២១ ខែសីហា ក្នុងហេតុការណ៍លិចទូកមួយគ្រឿងក្នុងសមុទ្រភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។

អ្នកនាំពាក្យកងទ័ពជើងទឹកលោក Edi Sucipto បានប្រាប់ AFP ថា ទូកតូចមួយគ្រឿងដែលបានលិចនោះ គឺបានដឹកអ្នកដំណើរចំនួនជាង ២០នាក់ មកពីកំពង់ផែក្រុង Tanjung Pinang នៅខេត្ត Riau ភាគខាងកើតកោះ ស៊ូម៉ាត្រា មុនពេលទូកនេះជួបប្រទះអាកាសធាតុអាក្រក់។
លោក Edi Sucipto បានបន្តយ៉ាងដូច្នេះថា៖«មនុស្ស ១២នាក់ត្រូវបានរកឃើញ ប៉ុន្តែមនុស្សជាង១០នាក់ត្រូវបានស្លាប់ទៅហើយ។ ចំណែកមនុស្ស ២ផ្សេងទៀតរងរបួសក្នុងស្ថានភាពធ្ងន់ធ្ងរ»។
លោក Sucipto បន្ថែមទៀតថា៖«ទូករបស់កងទ័ពជើងទឹកមួយគ្រឿងក៏នៅតែស្វែងរកមនុស្សប្រាំនាក់ដែលបាត់ខ្លួន»។
ប្រទេសឥណ្ឌូនេស៊ីមានប្រជុំកោះជាង ១៧០០០ ហើយប្រទេសនេះក៏ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវទឹកនេះផងដែរ។ តែយ៉ាងណាការស្លាប់ដោយឧបទ្ទវហេតុលិចទូក បានក្លាយជារឿងធម្មតាទៅហើយសម្រាប់ប្រទេសនេះ។
ជាងនេះទៅទៀត មនុស្សយ៉ាងតិចណាស់ ៦០ នាក់បានស្លាប់កាលពីខែធ្នូ ខណៈស្រឡាងមួយគ្រឿង បានជួបរលកធំៗពេលធ្វើដំណើរទៅខេត្ត Sulawesi ៕ ប្រភព:CNA