ហ្សាការតា ៖ មន្ត្រីប៉ូលិសរាយការណ៍មកថា យ៉ាងតិចណាស់មនុស្ស ១០ នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការបាក់ស្រុតដីនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី២១ កញ្ញានេះ។ មន្ត្រីប៉ូលិសបន្តថា សមត្ថកិច្ចកំពុងបន្តស្វែងរកមនុស្ស ៣ នាក់ផ្សេងទៀត ដែលបានបាត់ខ្លួនក្នុងគ្រោះមហន្តរាយនៅលើកោះ ជ្វា ( Java)នេះ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌនេស៊ីលោក ស៊ូតូពូល ផូវ៉ូ នូរ៉ូហូ(Sutopo Purwo Nugroho) បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះទឹកជំនន់នៅភាគខាងលិចកោះជ្វានៅថ្ងៃពុធនេះ ដែលកំពស់ទឹកបានកើនឡើងយ៉ាងឆាប់ រហ័ស គឺបានលិចផ្លូវជាតិកំពស់ប្រហែល ២ ម៉ែត។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌនេស៊ីរូបនេះបន្តថា តាមទិន្នន័យបឋមពីទីភ្នាក់ងារគ្រោះមហន្តរាយក្នុងស្រុកក្នុងស្រុក Garut បានបង្ហាញថា៖«មនុស្សប្រាំបីនាក់បានស្លាប់ និងមនុស្សម្នាក់នៅតែបាត់ខ្លួន» បន្ទាប់ពីច្រាំងទន្លេត្រូវបាក់។
ជានេះទៀត លំនៅដ្ឋានរាប់សាមសិបខ្នងក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងស្រុកចំនួនបួន ហើយមនុស្សរាប់រយនាក់ត្រូវបានគេបង្ខំឱ្យបោះបង់ចោលលំនៅដ្ឋានរបស់ពួកគេ ខណៈដែលទឹកនៅតែបន្តកើនឡើងផងដែរ។
ជម្រកសង្គ្រោះបន្ទាន់ និងជំរុំអាហារដ្ឋានបណ្តោះអាសន្នត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកដែលគ្មានផ្ទះសម្បែងដោយគ្រោះមហន្តរាយនេះ។
បញ្ហាគ្រោះធម្មជាតិ ដូចជាការបាក់ដី និងទឹកជំនន់ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលស្ថិតនៅលើប្រជុំកោះតំបន់ត្រូពិក ដែលងាយទៅនឹងគ្រោះដោយមហន្តរាយធម្មជាតិ និងភ្លៀងធ្លាក់ខ្លាំងដូចនេះ។
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះ បានចេញចេញសេចក្តីព្រមានដល់ប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនារដូវវស្សានេះ ដែលបណ្តាលមកពីបាតុភូតអាកាសធាតុ ឡាលី។
ក្នុងខែមិថុនាឆ្នាំនេះមនុស្សជិត ៥០ នាក់បានស្លាប់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដែលបានហូរនាំទឹកភក់និងថ្ម មកចាក់ក្នុងភូមិមួយចំនួននៅកណ្តាលកោះជ្វា និងនៅខេត្តផ្សេងទៀតរបស់ឥណ្ឌូនេស៊ី៕ប្រភព៖CNA