en     km
en     km

យុទ្ធនាការសៀវភៅមួយសហគមន៍មួយបន្តស្វែងរកជើងឯកការអានផ្តល់ឱកាសទស្សនកិច្ចនៅជប៉ុន

Share

ក្រោយយុទ្ធនាការសៀវភៅមួយសហគមន៍មួយហៅកាត់ថា(OBOC)បានបញ្ចប់បេសសកម្មក្រោមប្រធានបទ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ក្រុមការងារនៅតែបន្តកម្មវិធីការអានដើម្បីចម្រាញយកជ័យលាភីជើងឯកបំបែកជើងឯក ផ្តល់ឱកាសធ្វើដំណើរទស្សនកិច្ចសិក្សានៅក្នុងប្រទេសជប៉ុន។ អ្នករៀបចំកម្មវិធីឱ្យដឹងថា កម្មវិធីបន្តនេះបង្កើតឡើងដើម្បីជំរុញការអានសៀវភៅនៅតាមសហគមន៍តាមរយៈការដាក់ឱ្យមានកម្មវិធីប្រកួតប្រជែងឡើង។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោក សុខ ឡាក់ សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយOBOC បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា បេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុងបានចប់ជាស្ថាពរ។ ក្នុងនាមលោកជាក្រុមការងារស្នូលមួយរូបនៃបេសសកម្មនេះ លោកបានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន ហើយក៏បានរៀនសូត្រ និងស្វែងយល់ពីបរិយាកាសនៃការអានសៀវភៅនៅតាមសហគមន៍បានច្រើនគួរសម។

លោក សុខ ឡាក់ សហស្ថាបនិកយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ(OBOC)។ រូបភាព៖ សៀវភៅមួយ សហគមន៍មួយ

 

តែយ៉ាងណាយុទ្ធនាការសហគមន៍មួយសៀវភៅមួយ នៅតែបន្តជំរុញសាធារណជនឱ្យងាកមកចូលរួមវិនិយោគទៅលើការអានឱ្យបានផុសផុលតាមរយៈកម្មវិធីប្រកួតប្រជែងការអាននៅតាមសហគមន៍។ លោក សុខ ឡាក់ បញ្ជាក់ដែរថា ​ការប្រកួតប្រជែងនេះមិនត្រឹមតែធ្វើនៅក្នុងកម្រិតថ្នាក់រាជធានីប៉ុណ្ណោះទេ ពោលគឺធ្វើទូទាំង ២៥ រាជធានីខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការអាន​ទៅដល់សាធារណៈជន។

រូបភាព៖ សៀវភៅមួយ សហគមន៍មួយ

 

«អ្វីដែលយើងមើលឃើញថាជំរុញលើកទឹកចិត្តឱ្យយុវជន​ចាប់ផ្តើមចូលចិត្តនៅក្នុងការអានគឺទាក់ទងនឹង គេហៅថាធ្វើម៉េចឱ្យគាត់ចូលរួមប្រកួតប្រជែងគ្នា ធ្វើម៉េចឱ្យគាត់មាន[អារម្មណ៍]ត្រូវបានលើកទឹកចិត្ត និងការទទួល[ពី]អ្នកអាន។ ហើយយើងឃើញថានៅស្រុកខ្មែរនេះ កម្មវិធីដែលលើកទឹកចិត្តអ្នកអានអត់សូវសម្បូរទេ ហើយពិសេសទាក់ទងនឹងធ្វើម៉េចឱ្យពួកគាត់បញ្ចេញស្នាដៃគាត់តាមរយៈការប្រកួតប្រជែង​គ្នាហ្នឹង។ អ៊‌ីចឹងបានយើងជ្រើសរើសកម្មវិធីប្រកួតប្រជែងការអានហ្នឹង ទៅជាកម្មវិធីសំខាន់មួយនៅក្នុងយុទ្ធនាការសៀវភៅមួយសហគមន៍មួយ។»។​

រូបភាព៖ សៀវភៅមួយ សហគមន៍មួយ

 

យោងតាមលក្ខន្តិកនៃកម្មវិធីប្រកួតប្រជែងអំណាននៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OBOC) បេក្ខជនតម្រូវឱ្យមានអាយុចាប់ពី១៥ឆ្នាំដល់៣៥ឆ្នាំ និងមានសញ្ជាតិខ្មែរ។ របៀបដាក់ពាក្យក្នុងដំណាក់កាលទី១ វគ្គជម្រុះទី១ តម្រូវឱ្យអានសៀវភៅ១ក្នុងចំណោមសៀវភៅទាំង៣០ដែលបានកំណត់ រួចសង្ខេបទៅជាអត្ថបទពី ៣ទៅ៥ទំព័រ រួមបញ្ចូលទាំងអត្ថន័យ អត្ថរស និងទស្សនៈផ្ទាល់ខ្លួន។ សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយរូបនេះបន្ថែមទៀតថា កម្មវិធីក៏បានលើកទឹកចិត្តនិងផ្តល់ឱកាសឱ្យឪពុកម្តាយនិងអាណាព្យាបាលដែលមានវ័យក្រោម៣៥ឆ្នាំ ចូលរួមដាក់ពាក្យប្រកួតប្រជែងការអានដើម្បីជាគំរូទៅដល់កូនៗ ពិសេសបណ្តុះស្នារតីកូនៗឱ្យចេះចង់រៀនសូត្រតាមរយៈការអានសៀវភៅផងដែរ។ ជាពិសេសនៅពេលកុមារមានទម្លាប់អានសៀវភៅច្រើន នោះកុមារក៏អាចជៀសផុតពីបញ្ហាភ្នែកនៅពេលប្រើប្រាស់ទូរសព្ទញឹកញយ ហើយការអានក៏អាចកែអផ្សុកដល់កុមារអំឡុងពេលឪពុកម្តាយជាប់រវល់ធ្វើកិច្ចការបានថែមទៀតផង។

រូបភាព៖ សៀវភៅមួយ សហគមន៍មួយ

 

ផ្អែកតាមសេចក្តីប្រកាសរបស់យុទ្ធនាការខាងលើ ម្ចាស់ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់ប្រចាំខេត្ត មានមេដាយមាសមួយគ្រឿង និងទឹកប្រាក់ ៦០០,០០០រៀល ជ័យលាភីលេខ២ នឹងទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៣០០,០០០រៀល។ រីឯជ័យលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់ចំនួន ១០០,០០០រៀល។ ជាងនេះ ម្ចាស់ជ័យលាភីប្រចាំរាជធានីខេត្តនឹងត្រូវបានជ្រើសរើសចូលរួមប្រកួតប្រជែងវគ្គជើងឯកបំបែកជើងឯកនៅឆ្នាំ២០២៥ខាងមុខ ដែលជាការប្រកួតជម្រុះនៅវគ្គចុងក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ជ័យលាភី នឹងទទួលបានឱកាសធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសជប៉ុន។

រូបភាព៖ សៀវភៅមួយ សហគមន៍មួយ

 

លោកស្រី ហ៊ាង វត្តី សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយបញ្ជាក់ថា ដ្បិតតែថវិកាដែលផ្តល់ជូនម្ចាស់ជ័យលាភីនៅក្នុងថ្នាក់ខេត្តមានចំនួនតិចតួចក្តី តែនេះជាការលើកទឹកចិត្តទៅដល់បេក្ខជនប្រឡងឱ្យខិតខំតស៊ូ។ ក្នុងនោះ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងជំរុញឱ្យមានអ្នកអានឱ្យបានផុសផុល និងបង្កើនវប្បធម៌អានសៀវភៅក្នុងចំណោមយុវជន បង្កើនការយល់ដឹងអំពីសារ:សំខាន់នៃការអាន និងបំផុសសក្ដានុពលនៃធនធានមនុស្សនៅតាមសហគមន៍។

លោកស្រី ហ៊ាង វត្តី សហស្ថាបនិកយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។ រូបភាព៖ សៀវភៅមួយ សហគមន៍មួយ

 

តាមទិន្នន័យដែលទទួលបាន គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បេក្ខជនដែលដាក់ពាក្យប្រកួតកម្មវិធីប្រកួតប្រជែងអំណាននៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយសរុបមានចំនួន ២៩៨នាក់ក្នុង២២ខេត្តទូទាំងប្រទេសកម្ពុជា។

រូបភាព៖ សៀវភៅមួយ សហគមន៍មួយ

 

បេក្ខជនចូលរួមប្រកួតមួយរូបមកពីខេត្តតាកែវគឺ កញ្ញា ជូ ស្រីនាង បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីថា កញ្ញាចង់សាកល្បងប្រកួតប្រជែងតាមរយៈការអានសំណេរ ពីព្រោះចង់ស្វែងយល់ឱ្យកាន់តែច្បាស់ពីខ្លួនឯង ពិសេសដោយហេតុស្រឡាញ់អក្សរសាស្រ្តខ្មែរផងនោះ។ កញ្ញា យល់ថា កម្មវិធីនេះល្អ ដ្បិតបានជំរុញឱ្យយុវជនស្រឡាញ់ការអាន និងជាការពញ្ញាក់ស្មារតីយុជនឱ្យងាកមកអានសៀវភៅជាជាងការប្រើប្រាស់បច្ចេកវិទ្យាស្វែងរកឯកសារ។ ដើម្បីបន្តជំរុញឱ្យយុវជនស្រឡាញ់ការអានបន្ថែមទៀត កញ្ញាសំណូមពរឱ្យកម្មវិធីនេះបន្តធ្វើនៅឆ្នាំក្រោយៗទៀត ដើម្បីបណ្តុះឱ្យយុវជនចូលរួមថែរក្សាអត្តសញ្ញាណជាតិតាមរយៈការយល់ដឹងពីអក្សរសាស្រ្តខ្មែរ។

«បានជានាងខ្ញុំសម្រេចចិត្តចុះឈ្មោះចូលរួមប្រកួតនៅក្នុងកម្មវិធីOBOC ឬក៏យើងហៅថាកម្មវិធីសៀវភៅមួយសហគមន៍មួយ​ ដោយសារតែទី១គឺចិត្តស្រឡាញ់ហើយនិងចូលចិត្តខាងអក្សរសាស្រ្តខ្មែរតាំងតែតូច។ ទី២ ដោយសារតែនាងខ្ញុំចង់ចូលរួមប្រកួតការអាន ហើយនិងបង្កើនសមត្ថភាពខ្លួនឯង ចង់ដឹងថា​តើនៅពេលដែលនាងខ្ញុំចូលរួមប្រកួតការអានទូទាំងខេត្ត តើភាពក្លាហានរបស់នាងខ្ញុំមានកម្រិតណា? ហើយតើនៅពេលខ្ញុំជាប់នៅក្នុងការប្រកួតតាមខេត្តទៅប្រកួតនៅទូទាំងប្រទេស តើភាពក្លាហានរបស់ខ្ញុំនៅក្នុងកម្រិតណា? ទី៣ គឺចង់ដឹងអំពីសមត្ថភាពហើយនិងការចេះចាំរបស់ខ្លួនឯង។ ទី៤ នាងខ្ញុំចង់ជំរុញឱ្យខេត្តរបស់ខ្លួនឯងកាន់តែល្បី ហើយនិងមានអ្នកស្គាល់ច្រើនតាមរយៈកម្មវិធីមួយនេះ។»។​

រូបភាព៖ សៀវភៅមួយ សហគមន៍មួយ

 

គួរបញ្ជាក់ដែរថា យុទ្ធនាការសៀវភៅមួយសហគមន៍មួយ គឺជាយុទ្ធនាការមួយដែលមានសកម្មភាពបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យតាមរយៈកម្មវិធីចំនួន៥ រួមមាន ១. កម្មវិធីប្រកួតអំណាន២៥ខេត្តក្រុង និងជើងឯកបំបែកជើងឯកនៅរាជធានីភ្នំពេញ ២. កម្មវិធីចែកសៀវភៅ ៣. កម្មវិធីបណ្ណាល័យចល័ត ៤. កម្មវិធីអភិវឌ្ឍបណ្ណាល័យ និង៥. សិក្ខាសាលាចែករំលែកចំណេះដឹង។ ដើម្បីក្លាយជាបេក្ខជនប្រកួតប្រជែងនៅក្នុងកម្មវិធីខាងលើ សាធារណជនអាចស្វែងរកតំណភ្ជាប់នៅក្នុងផេកហ្វេសប៊ុករបស់យុទ្ធនាការសៀវភៅមួយសហគមន៍មួយ(OBOC) និងអាចចុះឈ្មោះដោយឥតគិតថ្លៃ។ ការចុះឈ្មោះនេះ នឹងបិទឈប់ទទួលពាក្យនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕

Share

ព័ត៌មានទាក់ទង