ភ្នំពេញ៖ នៅពេលតែមួយតុលាការជាន់ខ្ពស់ ២នៅកម្ពុជាបាន អនុវត្តលើ អ្នករិះគន់រដ្ឋាភិបាលក្នុងទំរង់បទចោទប្រហាក់ ប្រហែលគ្នា។ នៅព្រឹកមិញនេះសាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងសារទុក្ខអ្នកតំណាងរាស្ត្រ អ៊ុំ សំអាន ហើយ ស្របពេលនេះតុលាការកំពូល ដែលមានទីតាំងក្បែរសាលាឧទ្ធរណ៍ក៏បាន សម្រេចប្រកាសសាលក្រម សំណុំរឿង យុវជន គង់ រ៉ៃយ៉ា ដែលសរសេរលើហ្វេសប៊ុក អំពាវនាវឱ្យមានបដិវត្តន៍ពណ៌ ផ្ដួលការដឹកនាំរបស់សម្ដេច គឺប្រកាសនៅចុងខែធ្នូ។ លោក ធូ វិរៈ រាយការណ៍ព័ត៌មាន៖
នៅព្រឹកថ្ងៃសុក្រនេះ ប្រធានចៅក្រមស៊ើបសួរនៃសាលាឧទ្ធរណ៍ លោក ស៊ី វុត្ថា ប្រកាសសាលក្រមទាំងអវត្តមានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។
ការប្រកាសសាលក្រមនេះ ធ្វើឡើងដោយអវត្តមានអ្នកទោសលោក អ៊ុំ សំអាន ព្រោះមេធាវីការពារអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបរូបនេះ ស្នើតុលាការសុំសិទ្ធិមិននាំខ្លួនកូនក្តីរបស់លោកស្តាប់សាលក្រម។កាលពីថ្ងៃទី ១០ ខែ តុលា កន្លងមក សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឲ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ ៦ ខែ ក្រោមបទចោទបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា ៤៩៥ និង ៤៨៦ នៃក្រមព្រហ្មទណ្ឌ។
ជុំវិញការច្រានចោលបណ្តឹងសារទុក្ខនេះ មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន គឺ លោក ហែម សុជាតិ បានមានប្រសាសន៍ថា សម្រេចរបស់ចៅក្រមគឺជារឿងអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ព្រោះកូនក្តីរបស់លោកមិនបានប្រព្រឹត្តិដូចការចោទប្រកាន់ឡើយ។ លោកយល់ថា សម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍គឺរឿងនយោបាយទាំងស្រុង។
លោក ហែម សុជាតិ៖«ខ្ញុំគិតថា តុលាការគឺតែងតែធ្វើអញ្ជឹងរហូត ហើយតុលាការតែងនិយាយថាខ្លួនឯករាជ្យ ខ្លួនធ្វើទៅតាមច្បាប់ទេគឺ កូនក្តីដែលពាក់ព័ន្ធនិងរឿងនយោបាយគឺ តុលាការចាត់វិធានការភ្លាមៗ តាមផ្លូវច្បាប់គឺការដាក់ទោស ការចាប់ខ្លួន ការឃាត់ខ្លួន ហើយតុលាការអត់មានដែលមានចេញដីការដោះលែងជនណាមួយដោយអំណាចឯករាជ្យរបស់តុលាការទេ លើកលែងតែ មានការសម្របសម្រួលខាងនយោបាយហើយ ទើបមានការដោះលែង»។
លោក មេធាវី ហែម សុខជាតិ ថា លោកនឹងដាក់ពាក្យប្តឹងទៅសាលាកំពូលទៀត ដើម្បីទាមទាររកយុតិ្តធម៌ឲ្យកូនក្តីរបស់លោក។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំងដែលសកម្មបញ្ហាព្រំដែន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីកណ្តាលយប់ថ្ងៃអាទិត្យ ទី១០ខែមេសា បន្ទាប់ពីលោកវិលត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ខេត្តសៀមរាប។ លោកត្រូវបានចាប់ខ្លួន ដោយសារតែអាជ្ញាធរចោទ ផ្សព្វផ្សាយផែនទីក្លែងក្លាយ ខណៈរដ្ឋភិបាល ប្រើប្រាស់ផែនទីបោះបង្គោលព្រំដែនជាមួយវៀតណាម។
ចំពោះ ករណីយុវជន គង់ រ៉ៃយ៉ាន វិញ តុលាការកំពូលនឹងប្រកាសសាលក្រមនៅចុងខែធ្នូ។
នៅថ្ងៃដដែលនេះដែរ តុលាការកំពូល បានសម្រេចយកថ្ងៃទី២៩ធ្នូជាការប្រកាសសាលដីកាលើសំណុំរឿង យុវជន គង់ រ៉ៃយ៉ា ដែលបានសរសេរបង្ហោះនៅលើហ្វេសប៊ុកអំពីគម្រោងធ្វើបដិវត្តន៍ពណ៌។
លោក គង់ រ៉ៃយ៉ា បានស្រែក នៅពេលអនុរក្សពន្ធនាគារបណ្តើរចេញពីបន្ទប់សវនាការថា លោកហាក់គ្មានសង្ឃឹមជាមួយតុលាការឡើយ។
កាលពីខែសីហា ឆ្នាំ២០១៥ យុវជន គង់ រ៉ៃយ៉ា អាយុ ២៦ឆ្នាំ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
សាលដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យយុវជន គង់ រ៉ៃយ៉ា ជាប់ពន្ធនាគារ ១ ឆ្នាំ ៦ខែ ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ចៅក្រមតុលាការកំពូលនឹងប្រកាសសាលក្រមសំណុំរឿងយុវជន គង់ រ៉ៃយ៉ា នៅថ្ងៃទី ២៩ ខែ ធ្នូ ខាងមុខនេះ។
ទោះបីយ៉ាងណាក៏ដោយ អ្នកតាមដានព្រឹត្តិការណ៍សង្គមមើលឃើញថា ស្ថានភាពនយោបាយហាក់មានភាពល្អប្រសើរ ដោយសារគណបក្សនយោបាយមានអាសនៈទាំងពីរនៅក្នុងរដ្ឋសភាងាកទៅរកតុចរចា ដោយគេរំពឹងថា អ្នកទោសនយោបាយនឹងត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ៕