រូបភាព៖ លោក ឈុំសុជាត
ក្រុមអ្នករុករកបានប្រទះឃើញឧទ្ធម្ភាចក្រដែលបានបាត់ដំណឹងពេលកំពុងហ្វឹកហ្វឺននៅតំបន់ជួរភ្នំក្រវាញ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។
យោងតាមសារបង្ហោះលើបណ្ដាញសង្គមរបស់លោក ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានសរសេរថា ឧទ្ធម្ភាចក្រដែលបាត់ខ្លួនត្រូវបានរកឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ដែលមានទីតាំងស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក ឈុំសុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ
លោកបន្ថែមទៀតថា បន្ទាប់ពីអាកាសធាតុអំណោយផល កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទខាងកម្លាំងថ្មើរជើងបានធ្វើដំណើរទៅទីតាំងខាងលើ ហើយបានរកឃើញឧទ្ធម្ភាចក្រនោះ។
រូបភាព៖ លោក ឈុំសុជាត
សូមជម្រាបថា ទោះបីកន្លងមកមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ ក៏កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកទាល់តែឃើញឧទ្ធម្ភាចក្រដែលបានបាត់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤៕
រូបភាព៖ លោក ឈុំសុជាត
អត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕