ភ្នំពេញ ៖ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders )ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានចេញផ្សាយរបាយ ការណ៍របស់ខ្លួនថា នៅក្នុងឆ្នាំ ២០១៦ នេះ អ្នកសារព័ត៌មាននៅទូទាំងពិភពលោកបានស្លាប់ដោយសារបំពេញភារកិច្ចរបស់ខ្លួនមានចំនួន ៧៤នាក់។ របាយការរបស់អង្គការអ្នកសារព័ត៌មាន គ្មានព្រំដែននៅឆ្នាំនេះបានបញ្ចេញឈ្មោះ ប្រទេសជាច្រើន តែសម្រាប់កម្ពុជា គឺពុំមានឈ្មោះទេ ។ ករណីនេះ នាំឱ្យមានការសាទរពីមន្ត្រីក្រសួងព័ត៌មាន។
អនុរដ្ឋលេធិការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃទី ២០ ធ្នូនេះ ដោយបានសាទរទៅនឹងរបាយការណ៍មួយនេះ ដែលអាចបញ្ជាក់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាគឺមានភាពល្អប្រសើរ។
លោក អ៊ុក គឹមសេង បន្តថាតួលេខអ្នកសារព័ត៌មាននៅលើពិភពលោកដែលបានស្លាប់នេះគឺប្រហែលជាអ្នកសារព័ត៌មានទាំងនោះស្ថិតនៅក្នុងបណ្តាប្រទេសដែលមានសង្គ្រាមហើយ ខុសពីបរិបទនៅក្នុងប្រទេសកម្ពុជា។
ចំណែកនាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ សាទរនឹងរបាយការណ៍នេះ ដែលគ្មានអ្នកសារ ព័ត៌មានកម្ពុជាបានស្លាប់ក្នុងពេលបំពេញបេសកកម្មក្នុងឆ្នាំ២០១៦នេះ ។ តែយ៉ាងនេះក្ដីលោកសម្តែងការសោកស្តាយចំពោះអ្នកសារព័ត៌មាននៅបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដែលបានបាត់បង់ជីវិតពេលបំពេញបេសសកម្មការងាររបស់ពួកគេ។ លោក បន្តថា កាលដែលមិនមានអ្នកសារព័ត៌មានកម្ពុជាទទួលស្លាប់ឬគ្រោះថ្នាក់ គឺមានសញ្ញាពីរសំខាន់ៗខុសគ្នាដូចជា៖ «ទី០១បង្ហាញថាគឺសុវត្ថិភាពនៃការបំពេញការងារនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរសម្រាប់អ្នកសារព័ត៌មាន ។តែទន្ទឹមនឹងនោះយើងក៏អាចគិតថាប្រហែលជាបណ្តាលមកពីអ្នកសារព័ត៌មានយើងគាត់មិនហ៊ានរាយការណ៍ព័ត៌មានណាដែលរស៊ើប ព័ត៌មានណាដែលចម្រូងចម្រាស់ ព័ត៌មានណាដែលអាចនាំឱ្យគាត់រងគ្រោះទាំងរាង្គកាយ ទាំងផ្លូវច្បាប់…»។
សូមជម្រាបថាអង្គការអ្នកសារព័ត៌មានគ្មានព្រំដែននាពេលកន្លងមកនេះ ធ្លាប់បានចេញរបាយការណ៍របស់ខ្លួនផងដែរ ទាក់ទងនិងអ្នកសារព័ត៌ មានកម្ពុជាដោយបានឱ្យដឹងថា គិតចាប់តាំងពី ១៩៩៤មក មានអ្នកសារព័ត៌មាន ១៣នាក់ ត្រូវបានគេសម្លាប់ ហើយក្នុងចំណោមអ្នកស្លាប់ទាំង នោះមានអ្នកយកព័ត៌មានបរិស្ថាន ៣នាក់ គឺលោក សួន ចាន់ លោក ហង្ស សិរីឧត្ដម លោក តាំង ទ្រី ព្រមទាំងមានសកម្មជនការពារបរិស្ថានផងដែរ គឺ លោក ឈុត វុទ្ធី ដែលត្រូវបានគេសម្លាប់នៅពេលលោកចុះទៅយកព័ត៌មានស្ដីពីការកាប់បំផ្លាញព្រៃឈើឈើខុសច្បាប់៕