ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានធ្វើដំណើរទៅចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តឆ្ងាយៗ និងតំបន់មានជំលោះ ដែលមានដូចជាខេត្ត ស្ទឹងត្រែង ក្រចេះ បាត់ដំបងជាដើមដែលធ្វើឲ្យប្រជាពលរដ្ឋអប់អរសាទរ។ តែដំណើរចុះសួរសុខទុក្ខរបស់សម្ដេច ស្របពេលការបោះឆ្នោតឃុំសង្កាត់និងតំណាងរាស្ត្រកាន់តែខិតចូលមកដល់។
ផ្ទុយទៅវិញមេបក្សប្រឆាំងដែលជាគូប្រកួតមិនបានចេញធ្វើវេទិការសាធារណៈ ដើម្បីជួបសកម្មជនបក្សខ្លួនដូចពីមុនទៀត ព្រោះលោក កឹម សុខា ប្រធានស្តីទី នៅតែក្នុងផ្ទះ ចំណែកប្រធានបក្សនៅក្រៅស្រុក។
អ្នកវិភាគថាការចុះជួបប្រជាពលរដ្ឋរបស់សម្តេច គឺជាការងាររដ្ឋបាលដែលជាតួរនាទីរដ្ឋាភិបាល។ ប៉ុន្តែពួកគាត់ថាដើម្បីឲ្យមានភាពស្មើគ្នារវាអ្នកប្រកួត គេត្រូវតែគោរពទៅតាមច្បាប់ឲ្យបានត្រឹមត្រូវ រួមទាំងការត្រូវផ្សព្វផ្សាយផ្សេងៗត្រូវមានភាពស្មើគ្នា។ តែបក្សកាន់អំណាចថា ដំណើរសួរសុខទុក្ខពលរដ្ឋ សម្ដេចនាយករដ្ឋមន្ត្រីនៅពេលនេះមិនបានរំលោភលើច្បាប់បោះឆ្នោតឡើយ។ កញ្ញា ច្រឹក ស្រីអូន រាយការណ៍៖
ខណៈស្ថានការណ៍នយោបាយឡើងកំដៅ ដែលអ្នកតាមដានសង្គមថា កម្ពុជា ដើរលើ ផ្លូវ មួយបែកបាក់ជាតិ គេសង្កេតឃើញបក្សកាន់អំណាច បានចុះជួយពលរដ្ឋដោយផ្ទាល់នៅជនបទ ឆ្ងាយៗ ហើយជាពិសេស សម្ដេចនាយករដ្ឋមន្ត្រី បានដាក់ផែនការរបស់សម្ដេចចុះជួបសួរសុខទុក្ខពលរដ្ឋនៅជួបបញ្ហា ហើយជំនួបនោះ មានភាព សាមញ្ញច្រើន គឺមានថត រូបអនុស្សាវរិយ៍ទៀតផង។
អ្នកសង្កេតការណ៍កិច្ចការបោះឆ្នោត គិតថាជារឿងល្អដែរ ដែលសម្ដេចឆក់ឱកាសដូចនេះ ព្រោះស្របតាមតួនាទីមេដឹកនាំ ប៉ុន្តែពួកគាត់ថា អ្វីដែលមានការសង្ស័យគឺ ហាក់ជាការឆក់ឱកាស មុនការបើកសង្វៀន ប្រកូតចូលមកដល់ខណៈគូប្រកួតខ្លាំងស្ថិតក្នុងស្ថានភាពភ័យខ្លាច មិនអាចចេញដើរដោយសេរីបានឡើយ។ ពួកគាត់ថា បើគិតពីតុល្យភាព មិនមានស្មើគ្នានោះទេ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាលោក គល់ បញ្ញា មានប្រសាសន៍ថាការចុះជួបសំណេះសំណាលប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តរបស់សម្តេចនាយករដ្ឋមន្ត្រី គឺជាកិច្ចការរដ្ឋបាលដែលជាកាតព្វកិច្ចរបស់នាយករដ្ឋមន្ត្រី។
លោកបន្តសម្មភាពនេះក៏អាចជាទំនុកចិត្តមួយដែលធ្វើឲ្យមានការទាក់ទាញការគាំទ្រដល់បក្សកាន់អំណាចស្របពេលបក្សប្រឆាំង មិនបានបញ្ចេញសកម្មភាព ទោះបីបក្សនយោបាយក្នុងស្រុកខ្លះអាចបានធ្វើសម្មភាពក៏ដោយ។
លោក បន្តថាដើម្បីឲ្យដំណើរការប្រកួតប្រជែងនៃកាបោះឆ្នោតប្រកបដោយ ភាពស្មើគ្នារវាងបក្សទាំង២គឺគោរពច្បាប់។‹‹ធ្វើច្បាប់ដើម្បីបែងចែកការប្រើប្រាស់ធនធានរដ្ឋ និងឲ្យគណបក្សផ្សេងៗតាមគោលការសមភាពទៅតាមកំលាំងនយោបាយនោះឲ្យបានត្រឹមត្រូវ កុំឲ្យបក្សមានអំណាចអាចប្រើប្រាស់ធនធានរដ្ឋស្តីពីកន្លែងសាធារណៈបានតាមចិត្ត ហើយគណៈបក្សផ្សេង មិនអាចប្រើប្រាស់បានមានគោលការណ៍ នឹងធ្វើគោលការណ៍នឹងឲ្យបានច្បាស់លាស់។ ហើយ គ.ជ.ប និងរដ្ឋថាភិបាលពង្រឹងបរិយាកាសមុនចុះឈ្មោះបោះឆ្នោត ពេលបោះឆ្នោតគណបក្ស។ ធានាថាមន្ត្រី គ.ជ.ប បក្សនយោបាយ ប្រជាពលរដ្ឋនិងស្ថិតនៅក្នុងភាពសុវត្ថិភាព›› ។
ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិច មានប្រសាសន៍ថា ជារឿងប្រសើរដែលនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ ចំពោះរាស្ត្រ។ ប៉ុន្តែលោកបន្តថាដើម្បីប្រកួតប្រជែងឲ្យមានភាពស្មើគ្នាគ្រប់ជ្រុងជ្រោយទាំងក្នុងពេលធ្វើការឃោសនាបោះឆ្នោតប្រពន្ធ័ផ្សព្វផ្សាយជាដើមគឺ បក្សនយោបាយត្រូវធ្វើអ្វីដោយសមធម៌នឹងច្បាប់បោះឆ្នោត។‹‹ការប្រកួតប្រជែងគឺស្មើរភាពគ្នាគ្រប់ជ្រុងជ្រោយ ទាំងវិស័យព័ត៌មានទាំងការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ហើយនិងលទ្ធភាពក្នុងការចុះទៅជួបប្រជាពលរដ្ឋតាមមូលដ្ឋានដោយគ្មានការគាប់សង្កត់ ដោយសេរី››។
ជុំវិញការលើកឡើងពីការមិនស្មើភាពគ្នានៃក្រប្រកួតប្រជែង របស់បក្សប្រឆាំងនិងបក្សកាន់អំណាច លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ការចុះទៅតាមបណ្តាខេត្តរបស់សម្តេច គឺជាការចុះត្រួតពិនិត្យកិច្ចការនៅពាក់កណ្តាលអាណាត្តិ ហើយអ្វីដែលជាកង្វល់របស់សម្ដេច ដើម្បីបន្តការដោះស្រាយ។
ចំពោះអ្វីដែលថាអាចមិនមានភាពស្មើរគ្នា លោកថា បក្សនយោបាយទាំងអស់គឺមានសិទ្ធិក្នុងការចុះជួបប្រជាពលរដ្ឋ ដោយគោរពតាមច្បាប់គឺគ្មានការហាមឃាត់ដែលអាចធ្វើបានតាមលទ្ធភាពបក្សរាងខ្លួន។‹‹ប្រមុខរាជរដ្ឋាភិបាលជាប្រធានគណបក្សប្រជាជន អញ្ចឹងចុះសកម្មភាពដើម្បីឆ្ពោះទៅរកការបោះឆ្នោតនឹងហើយបក្សដ៏ទៃទៀតអស់លោកដែលប្រុងឈរ ឈ្មោះបោះឆ្នោតលោកធ្វើអ្វីតាមចិត្តទៅតាមលទ្ធភាព។ ការស្មើរភាពចំពោះមុខច្បាប់ធ្វើឲ្យស្របទៅតាមគោលការណ៍ច្បាប់តែបើឲ្យគណបក្សប្រជាជន ធ្វើលាសារៀនមួយឲ្យគាត់ធ្វើមួយគាត់ម៉ិចមានលុយធ្វើ››។

ជុំវិញនឹងបញ្ហា នេះលោក សូ ចន្ថា សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍ថាការធ្វើកិច្ចការបែបនេះគឺជាកិច្ចការរបស់រដ្ឋាភិបាល។ តែលោកថាការដែលធ្វើបែបនេះបើប្រៀបធៀបដល់ការប្រកួតប្រជែងផ្នែកនយោបាយគឺ មានលក្ខណៈមិនស្មើរភាពគ្នាដែរ។‹‹បើសិនក្នុងករណីប្រកួតប្រជែងនយោបាយ ភាគីម្ខាងមានបញ្ហាមិនអាចធ្វើសម្មភាពបានហើយម្ខាងទៀតអាចធ្វើនយោបាយសេរីនោះខ្ញុំគិតថានេះ ជាការប្រកួតប្រជែងដោយមិនស្មោះ ដោយមិនមានតម្លាភាពស្របតាមគោលការណ៍ប្រជាធិបតេយ្យនោះទេ ផ្ទុយទៅវិញជាការបន្តវប្បធម៍មួយនាំឲ្យភាគីចូលរួមប្រកួតប្រជែងមិនអស់ចិត្តរាងខ្លួនគឺអ្នកចាញ់មិនអស់ចិត្ត ឯអ្នកឈ្នះមិនពេញមុខ››។
បើតាមលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា សម្តេច ហ៊ុន សែន នឹងមានផែនការបន្តទៀតដើម្បីចុះត្រួតពិត្យសមិទិ្ធផល របស់រដ្ឋាភិបាលនិងជួបប្រជាពលរដ្ឋគ្រប់ខេត្តក្នុងប្រទេសដែលជាផែនការរបស់សម្តេច។
យ៉ាងណា ក៏ដោយទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ជាមេបក្សប្រឆាំងធំជាងគេនៅកម្ពុជា ពួកគាត់មិនមានលទ្ធភាពចុះជួបពលរដ្ឋដូចមុនឡើយ។ អ្នកទាំង២ស្ថិតក្នុងសំនុំរឿងចោទប្រកាន់ ទៅតុលាការ ដែលអ្នកសង្កេតការណ៍ព្រួយបារម្ភពី ទីលានប្រកួតបាត់កីឡាករល្បីឈ្មោះ២រូបនេះ៕