ភ្នំពេញ ៖ លោក ហុង គឹមសួន ជាមេធាវីសាលាក្តីខ្មែរក្រហម និងជាអ្នកឯកទេសច្បាប់មួយរូប បានហៅបទបញ្ជារបស់គណៈរដ្ឋមន្ត្រីដែលបានបង្គាប់ឲ្យបិទច្រកកុំឲ្យលោក សម រង្ស៊ី ចូលស្រុកថា ជាការរំលោភដែនសមត្ថកិច្ចរបស់តុលាការ ព្រោះពុំមានច្បាប់ចែងដូចនេះ។

ក្នុងបទសម្ភាសន៍ខ្លីមួយជាវិទ្យុស្ត្រីលោកបានពន្យល់ថា តាមគោលព្រហ្មទណ្ឌនៃប្រព័ន្ធតុលាការគឺគ្មានស្ថាប័នណា អាចប្រើប្រាស់អំណាចជំនួសដែនសមត្ថកិច្ចតុលាការបានទេ។ លោកថា ករណីលោក សម រង្ស៊ី ដែលគណៈរដ្ឋមន្ត្រីចេញបញ្ជាដូចនេះ គឺមិនត្រឹមត្រូវឡើយ ព្រោះតែតុលាការមិនចេញសាលក្រមស្ថាពរនិរទេសខ្លួនមេបក្សប្រឆាំងនេះ ដូចករណីសកម្មជនអារ៉ែង លោក អាឡិច ហ្គានសាឡេស។ លោកមេធាវីបកស្រាយដូចនេះថា៖
សេចក្ដីសម្រេចមួយរបស់គណៈរដ្ឋមន្ដ្រីដែលវិទ្យុស្ដ្រី FM102 បានមើលឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃសុក្រ ទី២១ តុលាបានប្រាប់ទៅអគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក សុខ ផល ឱ្យពិនិត្យ និងផ្ទៀងផ្ទាត់គ្រប់មធ្យោបាយទាំងអស់ គឺ ធ្វើយ៉ាងណាកុំអោយលោក សម រង្ស៊ី ជាន់ដីកម្ពុជាដាច់ខាត។ សេចក្ដីប្រកាសនេះ បានដាក់ចុះនៅលក្ខខណ្ឌ ៤ ចំនុចមានដូចតទៅ៖
១.គ្រប់ក្រុមហ៊ុនអាកាសចរទាំងអស់ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឱ្យបុគ្គលសម រង្ស៊ី ឡើងយន្ដហោះមកកម្ពុជាទេ ហើយត្រូវផ្ដល់របាយការណ៍ទៀងទាត់ អំពីការទិញសំបុត្រយន្ដហោះមកកម្ពុជា ។
២.ក្នុងករណីដែលលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា យន្ដហោះនោះនឹងត្រូវបង្វែង វិលត្រឡប់ទៅកាន់អាកាសយាន្ដដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឱ្យចុះចតនៅកម្ពុជាឡើយ។
៣. ក្នុងករណីយន្ដហោះដឹកលោក សម រង្ស៊ី ចុះចតនៅអាកាសយាន្ដណាមួយនៅកម្ពុជា និងមិនត្រូវបានអោយភ្ញៀវចាកចេញពីយន្ដហោះឡើយ ដោយត្រូវបញ្ជាអោយត្រឡប់ទៅអាកាសយាន្ដដា្ឋនដើមវិញ។
៤.ក្នុងករណីដែលបុគ្គលនេះ បានចាកចេញផុតពីយន្ដហោះ នគរបាលអន្ដោប្រវេសន៍ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំអោយបុគ្គល សម រង្ស៊ី ចូលក្នុងប្រទេសកម្ពុជា ។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទីសៅរ៍នេះថា លោកមិនទាន់ហ៊ានអះអាងថា មានភាពស្របច្បាប់យ៉ាងណាទេ។ លោកយល់ស្របតាមការពន្យល់របស់អ្នកច្បាប់។
លោក ផៃ ស៊ីផាន៖ ស្តាប់សំឡេង៖
យ៉ាងណាក៏ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដាក់ចេញវិធានការតាមបទបញ្ជារបស់គណៈរដ្ឋមន្ត្រីដោយបង្គាប់ ទៅសមត្ថកិច្ចថ្នាក់ក្រោម ចាត់ការឱ្យមានប្រសិទ្ធភាពទប់ស្កាត់ លោក សម រង្ស៊ី មិនឱ្យចូលប្រទេស ។
លិខិតរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍មានខ្លឹមសារទាំងស្រុងដូចថា៖«ដើម្បីចូលរួមសហការ និងអនុវត្ដតាមខ្លឹមសារលិខិតលេខ ១៥១ រ.ប.ក ចុះថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៦ របស់ទីស្ដីការគណដ្ឋមន្ដ្រី ឲ្យមានប្រសិទ្ធិភាពសូមឯកឧត្ដម និង លោកជំទាវ អគ្គនាយករង និងលោកប្រធាននាយកដ្ឋាន ទាំងអស់យកចិត្ដទុកដាក់ក្រើនរំលឹក ពង្រឹងការត្រួតពិនិត្យ នៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិទាំងបីរួមមាន រាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ក៏ដូចជាប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្ដរជាតិនានា ។ ត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីដែលបុគ្គល សម រង្ស៊ី បានចាកចេញផុតពីយន្ដហោះ នៃប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានទាំងបី ឬតាមបណ្ដាប៉ុស្ដិ៍ច្រកទា្វរព្រំដែនអន្ដរជាតិនានា ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យបុគ្គលនេះចូលមកក្នុងកម្ពុជាបាន »។
បន្ថែមពីនេះ លិខិតនេះក៏បានស្នើឲ្យមន្ដ្រីអាជ្ញាធរទាំងអស់ចាត់វិធានការផ្សេងៗ ទៅតាមការចាំបាច់ដោយអនុវត្ដឲ្យបានម៉ត់ចត់ និងទទួលបានប្រសិទ្ធិភាពខ្ពស់ ស្របទៅតាមខ្លឹមសារលិខិតរបស់ទីស្ដីការគណរដ្ឋមន្ដ្រី ។
លិខិតរបស់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ធ្វើឡើងនៅថ្ងៃទី ១៨ តុលា ហើយចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍សុខ ផល ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃសៅរិ៍ទី ២២ តុលានេះ។
ដោយឡែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់តាមបណ្តាញសង្គមតេឡេក្រាមថា សេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី គឺ ជាកិច្ចការរបស់ស្ថាប័ននីតិប្រតិបត្តិដែលមានសមត្ថកិច្ចនៅក្នុងការធានានូវដំណើរការគ្រប់គ្រងរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់និងការអនុវត្តច្បាប់ ។
អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត មាស នី យល់ថា សេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី មានកត្តាពីរសំខាន់គឺ៖ ទី១ គណបក្សកាន់ អំណាច មិនចង់ឲ្យលោក សម រង្ស៊ី មានសិទ្ធិសេរីភាពធ្វើនយោបាយដែលអាចធ្វើគណបក្សកាន់អំណាចបាត់បង់អ្នកគាំទ្រ។ ទី២ ប្រសិនបើរដ្ឋា ភិបាលចាប់ខ្លួនលោក សម រង្ស៊ីដាក់គុកគឺជារូបភាពអាក្រក់ពេក សម្រាប់អន្តរជាតិ ដែលបញ្ហានេះត្រូវតែឲ្យមេបក្សប្រឆាំងរូបនេះ នៅក្រៅស្រុក។
សំឡេង មាស នី៖ ស្តាប់សំឡេង៖
លោក សម រង្ស៊ី ដែលបានទទួលដំណឹងនេះ បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា លោក នឹងវិលមកកម្ពុជាវិញ នៅឆ្នាំ២០១៧ គឺមុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយលោកអះអាងថា បើបិទច្រកតាមផ្លូវអាកាស លោកនឹងមកតាមផ្លូវគោក ឬផ្លូវ ទឹក គឺលោកថាត្រូវតែមក