ភ្នំពេញ៖ អ្នកស្រី ទេព វន្នី សកម្មជន លេចធ្លោជាងគេនៅសហគមន៍បឹងកក់ រាជធានីភ្នំពេញ បាន វាយប្រហារធ្ងន់ៗទៅលើ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដោយចោទរដ្ឋាភិបាលនេះថា លេងល្បែងមួយ ចាប់ពលរដ្ឋខ្លួនធ្វើជាទាសករនយោបាយ។ ការិះគន់នេះ ត្រូវបានអ្នកវិភាគថា ជាការពិតតែមន្ត្រីនាំពាក្យបក្សកាន់អំណាចថា ជារឿងប្រឌិត។
អ្នកស្រី ទេព វន្នី ៖«នាងខ្ញុំក៏សូមបញ្ជាក់ថា សូមឲ្យរដ្ឋាភិបាលដែលកាន់អំណាចប្រាំអាណត្ដិសព្វថ្ងៃនេះ កុំយកប្រជាពលរដ្ឋដែលស្លូតត្រង់ រងគ្រោះដោយសារការអភិវឌ្ឍរបស់ខ្លួនហើយ យកទៅចោទប្រកាន់យកទៅដាក់ទោស ធ្វើជាទាសករនយោបាយទៀត»។
យ៉ាងនេះក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានច្រានចោល ដោយចោទបកវិញថា ជារឿងប្រឌិតរបស់ក្រុមសង្គមស៊ីវិលនិងបក្សដែលចូលចិត្តរំលោភច្បាប់ហើយដាក់កំហុសលើបក្សកាន់អំណាច។
លោក ឈឹម ផលវរុណ ៖«នេះជាភាសាតំណាងឲ្យឆន្ទៈពួកល្មើសច្បាប់ទេ ហើយជាយុទ្ធនាការរបស់គណបក្សប្រឆាំង ដែលយើងហៅថា យុទ្ធនាការឲ្យមានការស្អប់ចំពោះរដ្ឋាភិបាល យុទ្ធនាការបែបនេះគឺជាយុទ្ធនាការដ៏ល្ងង់ខ្លៅ ហើយគ្មានប្រសិទ្ធភាពអ្វីទេ»។
ករណីអ្នកស្រី ទេព វន្នី នេះ ត្រូវបានក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្ស ចាត់ទុកជារឿងអយុត្តិធម៌មួយទៀតនៅកម្ពុជា។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនិងនយោបាយ យល់ស្របនឹងការលើកឡើងរបស់ អ្នកស្រី ទេព វន្នី។ លោកមើលឃើញថា ប្រទេសកម្ពុជាទាំងមូល ហាក់ធ្លាក់ចូលក្នុងការអន្ទាក់មួយ ដែលលោក ថាជាទាសករនយោបាយបក្សកាន់អំណាចទៅហើយ។
អ្្នកស្រី ទេព វន្នី ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិីនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣។
នៅពេលអ្នកស្រី ទេព វន្នី ត្រូវបាន បណ្ដើរចេញពីរថយន្តពន្ធនាគារភ្លាមពលរដ្ឋសហគមន៍បឹង ជាច្រើនសិបនាក់ បានស្រែកខ្លាំងៗហើយតុលាការដោះលែងស្ត្រីរូបនេះ។ ពួកគាត់ស្រែកបណ្ដើរ ដៃលើកបដា រូបអ្នកស្រីព្រោងព្រាត ដោយចាត់ទុកតំណាងរបស់រូបនេះ ជាអ្នកជួយរកយុត្តិធម៌បានច្រើន សម្រាប់សហគមន៍បឹងកក៕