ភ្នំពេញ៖ សង្គមស៊ីវិល អ្នកវិភាគឯករាជ្យ លោក រស់ រាវុធ បានលើកឡើងថា កន្លងមកបញ្ហាព្រំដែនត្រូវបានរឹតត្បិត និងលាក់បាំងដោយមិនបានឲ្យនិស្សិត មន្រ្តីរាជការ និងប្រជាពលរដ្ឋបានសិក្សា បានស្វែងយល់នោះទេ។ លោកបន្ថែមថា ការបន្ទោសគ្នានេះ គឺបង្ហាញពីការបែកបាក់ ឬការមិនឯកភាពនៅក្នុងបក្សកាន់អំណាចចំពោះការដឹកនាំ។

ទាក់ទងនឹងបញ្ហានេះតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន បាននិយាយថា អាជ្ញាធរស្វាយរៀងស្តីបន្ទោសលោក វ៉ា គឹមហុង គឺជារឿងត្រឹមត្រូវ។ លោកបន្តប្រាប់ទៀតថា នេះជាកំហុសរបស់លោកវ៉ាគឹមហុង ដែលមិនបានសហការណ៍ជាមួយអាជ្ញាធរខេត្ត ហើយធ្វើការដោះដូរដីជាមួយវៀតណាមស្ងាត់ៗ។ លោកលើកឡើងទៀតថា ដីដែលខ្មែរកាត់ឲ្យវៀតណាម អាជ្ញាធរបានដឹង តែដីដែលវៀតណាមកាត់ឲ្យខ្មែរ អាជ្ញាធរខ្មែរមិនដឹង ព្រោះលោក វ៉ា គឹមហុងធ្វើការដោះដូរដោយស្ងាត់ៗ និងមិនបានផ្សព្វផ្សាយឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋបានដឹងឡើយ។
លោកអ៊ំ សំអាន បានបញ្ជាក់ផងដែរថា ភារកិច្ចរបស់អភិបាលខេត្តគឺត្រូវផ្ញើរបាយការណ៍ទៅក្រសួងមហាផ្ទៃ មិនត្រូវផ្ញើឲ្យគណៈកម្មាធិការព្រំដែននោះទេ ហើយបើលោក វ៉ា គឹមហុង ចង់ដឹងពីរបាយការណ៍របស់អាជ្ញាធរ លោកត្រូវទៅទាក់ទងក្រសួងមហាផ្ទៃ។
ចំណែក លោក ទិប ទាវ នាយកប្រតិបត្តិនៃសហព័ន្ធបញ្ញវន្តកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានរិះគន់រដ្ឋាភិបាលកម្ពុជាខ្លាំងៗ ដែលទុកចិត្តលើសមត្ថភាពរបស់លោក វ៉ា គឹមហុង រឿងបញ្ហាព្រំដែននេះ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលមន្រ្តីរដ្ឋាភិបាលចង្អុលមុខដាក់គ្នា ពេលមានកំហុស ដើម្បីគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន ហើយទំលាក់កំហុសដាក់គ្នាទៅវិញទៅមកដូច្នេះ៕