en     km
en     km

អ្នកវិភាគ​ ៖​ មន្ត្រី​បក្ស​កាន់​អំណាច​ចុះ​ជួប​អ្នកគាំទ្រ​នៅ​មូលដ្ឋាន​មិន​អាច​ទាក់ទាញ​ការ​គាំទ្រ​បាន​ឡើង​វិញ​ទេ​(មានសំឡេង)

Share

ភ្នំពេញ​ ៖​ គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ បាន​សម្រេច​ឲ្យ​មន្ត្រី​ទាំងអស់​បើក​យុទ្ធនាការ​ចុះ​ជួប​ជា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​ ដើម្បី​ទាក់ ទាញ​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​។​ គណបក្សកាន់អំណាច​ក៏​បាន​កំណត់​យក​សេវា​សា ធារណៈ​ជា​អាទិភាព​សម្រាប់​ប្រកួត​ប្រ​ជែក​សន្លឹក​ពី​គណៈ​បក្សនយោបាយ​ដទៃ​ទៀត​។​ គណៈបក្សកាន់អំណាច​សម្រេច​ដូចនេះ​ បន្ទាប់​ពី​បញ្ចប់​សន្និបាត​រយៈ ពេល​ពីរ​ថ្ងៃ​ កាលពី​ថ្ងៃ​ទី​ ១៨​ ធ្នូ​ ឆ្នាំ​ ២០១៦​ កន្លង​មក​។​

តែ​អ្នកវិភាគ​មាន​ទស្សន​ថា​ យុទ្ធនាការ​ចុះ​មូលដ្ឋាន​របស់​គណបក្សកាន់អំណាច​នេះ​ ហាក់​មិនសូវ​ទទួលផល​វិជ្ជៈមាន​ប៉ុន្មាន​ទេ​ លុះត្រាតែ​រាជ រដ្ឋាភិបាល​ធ្វើការ​កែរ​ទម្រង់​សេវា​សាធារណៈ​ និង​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​អ្នក​ទន់ខ្សោយ​។​ តែ​មន្ត្រី​បក្ស​កាន់​អំណាច​មិន​ទទួលយក​ការ​រិះគន់​របស់​អ្នកវិភាគ​ឡើយ​។​

 

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលចុះទៅធ្វើយុទ្ធនាការ ២៥ខេត្តក្រុង ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលចុះទៅធ្វើយុទ្ធនាការ ២៥ខេត្តក្រុង ។
​ទំនងជា​បទ​ពិសោធន៍​មួយ​ដ៏​ភ្ញាក់ផ្អើល​ក្នុង​ការ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៣​ ដែល​ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាត់បង​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​ ២២​ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ ទើប​អាណត្តិ​នេះ​ គណបក្សកាន់អំណាច​ជាង​៣០​ឆ្នាំ​ ចាប់ផ្តើម​ណែនាំ​ មន្ត្រី​ទាំងអស់​ឲ្យ​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ផ្ទាល់​ ។​

ការ​ចុះ​មូលដ្ឋាន​នេះ​ដើម្បី​ ផ្សះផ្សា​ផ្លូវចិត្ត​ប្រជា​ពល​សំដៅ​ទាក់ទាញ​ សន្លឹក​ឆ្នោត​សម្រាប់​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​។​

តើ​យុទ្ធសាស្ត្រ​នេះ​ អាច​ទាញ​សន្លឹក​បាន​ពី​ពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​បាន​វិញ​ឬទេ​?​

អ្នកវិភាគ​សង្កេត​យល់​ថា​ យុទ្ធនាការ​ចុះ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​ទំនងជា​ទទួល​បាន​ផល​តិចតួច​ឬ​អាច​ថា​គ្មាន​ក៏​ថា​បាន​ដែរ​ ។​ អ្នកវិភាគ​គិត​ថា​ ដើម្បី​ស្តារ​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​វិញ​បាន​លុះត្រា​ គណបក្ស​ ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាង​ ៣០​ ឆ្នាំ​មួយ​នេះ​  កែទម្រង់​ប្រព័ន្ធ​តុលាការ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​យល់​ថា​ ជា​ប្រព័ន្ធ​អយុត្តិធម៌​មួយ​សម្រាប់​ពលរដ្ឋ​ទូទៅ​។​

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​ និង​នយោបាយ​ មាន​ទស្សនៈ​ថា​ យុទ្ធនាការ​ចុះ​មូលដ្ឋាន​នេះ​ អាច​នឹង​ទទួល​បាន​ផល​ខ្លះ​ ប៉ុន្តែ​មិន​ជោគជ័យ​ធំដុំ​ប៉ុន្មាន​ឡើយ​។​ លោក​ថា​ ប្រសិនបើ​គណបក្សកាន់អំណាច​ ធ្វើការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ និង​សេវា​សាធារណៈ​ស៊ីជម្រៅ​ ទំនងជា​បក្ស​កាន់​អំណាច​នេះ​ទទួល​បាន​ជោគជ័យ​តែបើ​មិន​អាច​ធ្វើ​បាន​គឺ​គ្មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ច្រើន​ឡើយ​។​

សម្តេច ហ៊ុន សែន ចុះធ្វើយុទ្ធនាការ ២៥ ខេត្កក្រុង ដើម្បីស្តារប្រជាប្រិយភាព
សម្តេច ហ៊ុន សែន ចុះធ្វើយុទ្ធនាការ ២៥ ខេត្កក្រុង ដើម្បីស្តារប្រជាប្រិយភាព
គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ផែនការ​កែទម្រង់​ច្រើន​គ្រប់​វិស័យ​ គឺ​មិន​ថា​ឡើយ​វិស័យ​តុលាការ​ដែល​ធ្វើ​ឱ្យ​បក្ស​នេះ​ ធ្លាក់​ចុះ​ការ​គាំទ្រ​ គឺ​វិស័យ​ជា​ច្រើន​ទៀត​ ដូច​ជា​ ប្រព័ន្ធ​គ្រប់គ្រង​ដីធ្លី​  វិស័យ​កសិកម្ម​ សេដ្ឋកិច្ច​  សុខាភិបាល​ អប់រំ​ ការ​គ្រប់គ្រង​ព្រៃឈើ​ និង​ ការ​ដំឡើង​ប្រាក់បៀវត្ស​ក៏​មាន​ផង​ដែរ​ ។​ ការ​កែទម្រង់​នេះ​ ស្រប​តាម​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​។​ តែ​អ្នក​សង្កេតការណ៍​មិន​បាន​មើលឃើញ​ពី​ ការ​ជឿន លឿន​អ្វី​ច្រើន​ទេ​។​ វិស័យ​មួយទៀត​ ដែល​ពលរដ្ឋ​មិន​គាំទ្រ​ ការ​ដុះក្អែល​ មន្ត្រី​ពុក​រលួយ​ មិន​មាន​ប្រសិទ្ធភាព​។​

លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ ពិនិត្យ​ឃើញ​ថា​ កន្លង​មក​ដោយសារ​អំពើ​ពុក​រលួយ​ បាន​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​បាត់បង់​ប្រជា ប្រិយភាព​។​  លោក​ថា​ បើសិន​បើ​ការ​ចុះ​ទៅ​ជួប​ហើយ​ ប៉ុន្តែ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​តែ​បន្ត​ថា​ នោះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ​។​ ម្យ៉ាងទៀត​ មន្ត្រី​ខ្លះ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជម្រិត​យក​លុយ​ពី​ប្រជាពលរដ្ឋ​ បើ​ទោះបីជា​បង្កើត​សកម្មភាព​ចុះ​មូលដ្ឋាន​ជួប​ជាមួយ​ពលរដ្ឋ​ផ្ទាល់​ ក៏​មិន​ទទួល​បាន​ស្វាគ មន៍​ពី​ប្រជាពលរដ្ឋ​ដែរ​។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​យល់​ថា​ ប្រព័ន្ធ​តុលាការ​ និង​សុខាភិបាល​ គឺជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​ លោក​ថា​ បើ​ចង់បាន​ប្រជាប្រិយ​ឡើង​វិញ​គួរតែ​កំណែទម្រង់​ប្រព័ន្ធ​ទាំង​ពីរ​នេះ​ដោយ​ស៊ីជម្រៅ​។​ លោក​ មាស​ នី​ ៖«​ប្រព័ន្ធ​តុលាការ​នឹង​មួយ​ ហើយ​មួយទៀត​គឺ​ប្រព័ន្ធ​សុខាភិបាល​ដែល​ជា​រឿង​ធំ​គឺ​ប្រព័ន្ធ​ពីរ​ហ្នឹងឯង​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ហាក់ដូចជា​នៅ​តែ​សំលឹង​ឃើញ​ថា​រដ្ឋា ភិបាល​មិន​ទាន់​ផ្តល់​យុត្តិធម៌​ត្រឹមត្រូវ​ ហើយ​ផ្តល់​នូវ​សុ​វត្តិភាព​ជីវិត​រស់នៅ​ ។​កាលណា​កា​រស់នៅ​កាលណា​តែ​ឈឺ​ហើយ​ដឹង​តែ​ពី​អស់​លុយ​ ដឹង​តែ​ពី​លក់​ដី​ហិច​ហោច​ដោយសារ​សេវាកម្ម​វា​ថ្លៃ​ពេក​។​»

តែ​សម្រាប់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សួ​ស​ យ៉ា​រ៉ា​ មិន​យល់​ស្រប​នឹង​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​នោះ​ទេ​។​ លោក​បាន​ពន្យល់​ថា​ រឿង​តុលាការ​គឺជា​អំណាច​ឯករាជ្យ​របស់​តុលាការ​ មិន​មាន​ពាក់ព័ន្ធ​អ្វី​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។​ លោក​ សួ​ស​ យ៉ា​រ៉ា​៖​ «​អ្វី​ដែល​ពង្រឹង​គឺជា​នយោបាយ​របស់​គណបក្ស​ប្រជាជន​ ជាមួយនឹង​ប្រជាជន​ អ​ញ្ចឹ​ង​វា​អត់​មាន​ពាក់ព័ន្ធ​អ្វី​នឹង​រឿង​តុលាការ​មក​ចូល​ក្នុង​រឿង​ពង្រឹង​ចលនា​គណបក្ស​នយោបាយ​ទេវា​ខុស​គ្នា​ អ​ញ្ចឹ​ង​ការ​វិភាគ​របស់​គាត់​ បើ​គាត់​វិភាគ​ទៅ​លើ​ប្រសិទ្ធិ​ភាព​នៃ​ការ​ចុះ​ប្រហែលជា​ត្រូវ​ជាង​នឹង​វិភាគ​រវាង​គណបក្ស​ប្រជាជន​ និង​ប្រព័ន្ធ​តុលាការ​។​»

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ ខាង​មុខ​។​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ឲ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២០១៧​ គ​.​ជ​.​ប​នឹង​ចាប់​ទទួល​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោ បាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​ គណបក្ស​នយោបាយ​ទាំងអស់​នឹង​ចាប់ផ្តើម​ធ្វើការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ រយៈពេល​ ១៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ដល់​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៧​។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាមិញ​យុទ្ធនាការ​ចុះ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​នេះ​ ទំនងជា​មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​ព្រួយបារម្ភ​អំពី​ការ​ប៉ះពាល់​ប្រជាប្រិយភាព​ខ្លួន​បាន​ឡើយ​។

​លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​ជំនា​ស់​ស្វាគមន៍​ចំពោះ​យុទ្ធនាការ​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ដោយ​ផ្ទាល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រោះ​លោក​ថា​ ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ត្រូវ​មាន​សេរីភាព​ក្នុង​ការ​ឃោសនា​ទាក់ទាញ​សន្លឹក​ឆ្នោត​។​ អ្នកនាំពាក្យ​រូប​នេះ​រំពឹង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​អាសនៈ​កាន់​ច្រើន​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ ខាងលើ​។​

សម្តេច​ ហេង​ សំ​រិ​ន​ ប្រធានកិត្តិយស​នៃ​បក្ស​កាន់​អំណាច​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​សន្និបាត​កណ្តាល​គណបក្ស​កាលពី​ថ្មី​នេះ​ដោយ​បង្ហាញ​ជំនឿ​ថា​ ប្រជាពលរដ្ឋ​នៅ​តែ​បោះ​ឆ្នោត​គ្រាំ​គណបក្សកាន់អំណាច​ ខណៈ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ក្រៅប្រទេស​លោក​ សម​ រ​ង្ស៊ី​ រំពឹង​ថា​ គណបក្សប្រឆាំង​នឹង​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​ តែ​គណៈបក្សកាន់អំណាច​ថា​ មិន​អាច​ទៅ​រួច​ឡើយ​។​

​សម្រាប់​លោក​ សួ​ស​ យ៉ា​រ៉ា​ បានឱ្យ​ដឹង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ មាន​គោលការណ៍​ច្បាស់លាស់​សម្រាប់​គណបក្ស​ ដែល​ភាព​ច្បាស់លាស់​នេះ​ នឹង​ធ្វើ​ឱ្យ​គណបក្ស​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​ លោក​ សួ​ស​ យ៉ា​រ៉ា​ ៖«​ដូច្នេះ​ភាព​ច្បាស់លាស់​របស់​យើង​នេះ​ បាន​ចែករំលែក​ទៅ​តាម​មន្ត្រី​ដែល​ចុះ​ទៅ​មូលដ្ឋាន​ និង​មន្ត្រី​បម្រើ​ការងារ​មូលដ្ឋាន​។​គឺថា​យើង​ចុះ​ទៅ​ហ្នឹង​ ជា​បញ្ហា​គឺ​យើង​ក្តាប់​ជាប់​គ្នា​រវាង​ប្រជាជន​នឹង​មន្ត្រី​ អ​ញ្ចឹ​ង​ដូច្នេះ​ហើយ​អ្វី​ដែល​យើង​ធ្វើ​កិច្ចការ​ ក្នុង​ន័យ​មួយ​ដែល​ចង់បាន​សារ​ពិតប្រាកដ​របស់​ប្រជាជន​ដើម្បី​កសាង​ទៅ​ជា​គោលនយោបាយ​ គោលនយោបាយ​ទៅ​ជា​ផែនការ​សកម្មភាព​ ហើយ​បើ​គណបក្ស​ប្រជាជន​កាន់​អំណាច​នឹង​ត្រូវ​បាន​អនុវត្ត​»​

​បើ​តាម​អ្នកវិភាគ​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បង្កើន​ប្រជាប្រិយភាព​ឡើង​វិញ​ គណបក្ស​នេះ​គួរតែ​កុំ​ព្យាយាម​ឈប់​លាប​ពណ៌​ និង​បង្កើន​សត្រូវ​ច្រើន​ពេក​ ករណី​ដូច​ជា​ប្រជាពលរដ្ឋ​ខ្លះ​ គ្រាន់តែ​តវ៉ា​ដើម្បី​យុត្តិធម៌​ និង​តវ៉ា​រឿង​ដីធ្លី​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា​ ក្រុម​បក្ស​ប្រឆាំង​ដែរ​។​ ជាមួយ​គ្នា​នេះ​ ត្រូវ​សាង​ទំនាក់ទំនង​ឱ្យ​ល្អ​ឡើង​វិញ​ តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​សម​ស្រប​ត្រឹមត្រូវ​ និង​ការ​ផ្តល់​យុត្តិធម៌​ ដែល​ជា​រឿង​សំខាន់​សម្រាប់​គណ បក្សកាន់អំណាច​ទាញ​ប្រជាប្រិយភាព​ឡើង​។​

តាម​អ្នកវិភាគ​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ ធ្លាក់​ការ​គាំទ្រ​មួយទៀត​នោះ​ គឺ​បញ្ហា​ អធិបតេយ្យភាព​ បូរណភាព​ទឹកដី​និង​ការ​គ្រប់គ្រង​ជន អន្តោប្រវេសន៍​ មក​រស់នៅ​កម្ពុជា​ ព្រោះ​ជា​រឿងរ​ស៊ើប​ដែល​បក្ស​នេះ​ មានការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើង​វិញ​៕

Share

ព័ត៌មានទាក់ទង