ភ្នំពេញ ៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នឹងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីថ្ងៃនៅកម្ពុជាតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ នៅមុនដំណើរទស្សនកិច្ចរបស់លោកមេដឹកហ្វីលីពីនរូបនេះមកកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរយុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់លោក Duterte។ តែយ៉ាងណាសម្តេចថា កម្ពុជាមិនអាចធ្វើតាមហ្វីលីពីនត្រង់មានការសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀននោះទេ ព្រោះកម្ពុជាមិនមានច្បាប់ចែងពីទោសប្រហារជីវិត។
យ៉ាងណាអ្នកវិភាគស្របតាមយោបល់របស់សម្តេចលើចំណាត់ការមិនឱ្យមានការសម្លាប់មនុស្ស តែថាកម្ពុជាត្រូវពង្រឹងវិធានការឱ្យបានតឹងរឹងលើបញ្ហាគ្រឿងញៀនដូចហ្វីលីពីន ព្រោះការចរាចរគ្រឿងនៅកម្ពុជាហាក់មិនថមថយឡើយ។
លោក Rodrigo Duterte ដែលឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនមិនទាន់បានមួយឆ្នាំស្រួល បួលផង តែលោកហាក់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិជាច្រើន ពិសេសលើទំព័រសារព័ត៌មានអន្តរជាតិធំៗមួយចំនួន។
អ្វីដែលលោក Duterte បានធ្វើឱ្យគេកត់សម្គាល់នោះ គឺនយោបាយបោសសំអាតគ្រឿងញៀនរបស់លោក ដែលបានសម្លាប់អ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលរហូតមកទល់ពេលមានមនុស្សដែលត្រូវបានសម្លាប់គឺមានប្រមាណ ៤ ពាន់នាក់ហើយ។
យុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់លោក Duterte ទទួលបានទាំងការរិះគន់ និងការកោតសរសើរផងដែរ។ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស និងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងទៅលើយុទ្ធនាការនេះ ដោយចោទថា សកម្មភាពសម្លាប់រង្គាលលើអ្នកពាក់ព័ន្ធក្នុងគ្រឿងញៀននៅហ្វីលីពីន គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស ព្រោះការសម្លាប់មនុស្សហាក់ធ្វើឆៅៗខ្វះការស៊ើបអង្កេតនិងមិនគោរពនិយមអន្តរជាតិ។
ជុំវិញយុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់មេដឹកនាំថ្មីហ្វីលីពីននេះ អ្នកវិភាគកម្ពុជាដែលវិទ្យុស្ត្រីមតិយោលប់បានលើកឡើងប្រហាក់ ប្រ ហែលគ្នាថា យុទ្ធនាការបោសសំអាតដែលនាំឱ្យមានការសម្លាប់រង្គាលឧក្រិដ្ឋជនគ្រឿងញៀនបែបនេះ គឺសមរម្យតាមស្ថានភាព និងចរិតអ្នកថ្នាក់នាំប្រទេសហ្វីលីពីន។ តែអ្នកវិភាគរូបនេះសង្កាត់ធ្ងរថា កម្ពុជាអាចរៀនសូត្រតាមគោលដៅបោសសំអាតគ្រឿងញៀន តែមិនត្រូវយកយុទ្ធសាស្ត្រសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការដូចហ្វីលីពីននោះទេ តែត្រូវបង្កើនប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យច្បាស់លាស់ជាងពេលបច្ចុប្បន្ននេះ។
លោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លើកឡើងថា យុទ្ធនាការបោសសំអាចថ្នាំញៀនរបស់ប្រធានាធិបតីថ្មី លោក Duterte ថា ជាយន្តការមួយល្អ ខណៈសង្គមហ្វីលីពីនកំពុងជួបវិបត្តធ្ងន់ធ្ងរលើបញ្ហាថ្នាំញៀននេះ។
ការលើកឡើងរបស់លោក ឯម សុវណ្ណរ៉ា នេះក៏ស្របពេលដែលបណ្តាញសារព័ត៌មានChannel News Asia ធ្លាប់បានចុះផ្សាយថា ការចរាចរណ៍ថ្នាំញៀនក្នុងប្រទេសហ្វីលីពីន មានភាពងាយស្រួលមែនទែន ពោលការលក់ដូរថ្នាំញៀនងាយស្រួលដូចទៅទិញសាប៊ូនៅផ្សារដូច្នេះដែរ។
មានការស្រង់មតិមួយត្រូវបានធ្វើឡើងទៅលើប្រជាជនហ្វីលីពីនជុំវិញយុទ្ធនាការកម្ចាត់គ្រឿងញៀនរបស់លោកប្រធានាធិបតីថ្មីលោក Duterte។ ក្នុងចំណោមប្រជាជនដែលត្រូវបានសាកសួរ និងស្រង់មតិនោះ មានប្រជាជន ៩០% បានសម្តែងការគាំទ្រចំពោះការសំអាតបញ្ហាគ្រឿងញៀនចេញពីក្នុងប្រទេសបែបនេះ។ តែយ៉ាងណាយុទ្ធនាការនេះត្រូវបានជំទាស់ពីប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតីមាំទាំ ថាបានរំលោភលើកសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោក ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ច និងប្រជាធិបតេយ្យ លើកឡើងថា ក្នុងនាមជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស គឺមិនត្រូវសម្លាប់មនុស្សក្រោយហេតុផលកម្ចាត់គ្រឿងញៀនដូចហ្វីលីពីននោះទេ។ យ៉ាងណាលោក ចាន់ វិបុល ក៏ទទួលស្គាល់ពីបំណងនិងគោលដៅរបស់លោក Duterte ដែលចង់បោសសំអាតគ្រឿងញៀនចេញពីប្រទេសឱ្យអស់ ក្នុងស្ថានភាពប្រទេសដែលកំពុងមានបញ្ហាស្មុកស្មាញរឿងគ្រឿងញៀននេះ។
នៅក្នុងដំណើរទស្សនកិច្ច នៅកម្ពុជា នៅថ្ងៃអង្គារទី១៣ធ្នូនេះ គេរំពឹងថា ប្រមុខរដ្ឋាភិបាល អាចសាសងគ្នា ឬដោះដូរទស្សនៈគ្នា ខ្លះជុំវិញស្ថាន ភាពនៃការដឹកនាំប្រទេស ហើយ ជាពិសេសបញ្ហាចរចរណ៍គ្រឿងញៀន នៅក្នុងតំបន់ និងករណីជម្លោះ ភូមិសាស្ត្រដែនទឹកនៃសមុទ្រចិនខាងត្បូង ។
តែយ៉ាងនេះក្ដី ចរាចរណ៍គ្រឿងញៀននៅកម្ពុជា នៅតែជាបញ្ហាចោទសួរនៅឡើយពីសំណាក់មហាជនទូទៅ។ ចម្ងល់ដែលតែងតែលឺនោះ គឺថា ហេតុអ្វីសមត្ថកិច្ចកម្ពុជាចាប់បានតែអ្នកចែកចាយថ្នាំញៀនតូចតាច ចុះមេក្លោង ឬមេគ្រឿងញៀនជានរណា? ហេតុអ្វីសមត្ថកិច្ចរកមុខមិនឃើញ៕