ក្រោយពីការប្រកាសរបស់សម្ដេច ហ៊ុន សែន អំពីការឈប់យកលុយពីរថយន្តគ្រួសារ និងរថយន្តមន្ត្រីរាជការរស់នៅអមផ្លូវជាតិលេខ ៤ និងផ្លូវវេងស្រេង រួចមក អ្នកវិភាគយល់ថា នេះជាសញ្ញាល្អសម្រាប់ប្រជាពលរដ្ឋ។ តែអ្នកវិភាគ ក៏មើលឃើញថា ការឈប់យកប្រាក់ពេលនេះអាចជាហេតុផលនយោបាយធំជាង។
អ្នកវិភាគបានលើកឡើងថា តាមការមើលទៅលើការអនុវត្ដរបស់គណបក្សកាន់អំណាចក្នុងកំលុងពេលចុងក្រោយនេះ អាចនិយាយបានថា ជាការសំលឹងមើលវែងឆ្ងាយពីផលចំណេញនយោបាយនាពេលខាងមុខរបស់គណបក្សកាន់អំណាច។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បានមានប្រសាសន៍ ជាមួយវិទ្យុស្ដ្រី FM 102 នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០១៦ នេះថា ការចេញប្រកាសរបស់សម្ដេច ហ៊ុន សែន នាពេលនេះ សម្រាប់ការឈប់យកលុយរថយន្តគ្រួសារ របស់ពលរដ្ឋរស់នៅអមផ្លូវជាតិលេខ ៤ នេះ គឺគណបក្សកាន់អំណាច មានបំណងចង់បានការគាំទ្រពីពលរដ្ឋ ហើយ ចង់បំបាក់សំឡេងរបស់គណបក្សប្រឆាំង ដើម្បីឱ្យគណបក្សនេះមិនអាចមានដំណើរការជឿនលឿនទៅមុខតទៀតបាន ដែលក្នុងនោះរដ្ឋាភិបាលបានបញ្ឈប់ការយកពន្ធផ្លូវពីទោចក្រយានយន្ដជាដើម។
លោក មាស នី ក៏បាន បញ្ជាក់ដែរថា លោកទទួលស្គាល់ថា ការបញ្ឈប់ការយកលុយពីពលរដ្ឋដែលរស់នៅអមផ្លូវជាតិលេខ៤ នាពេលនេះ គឺជារឿងមួយដែលបានជួយដល់ពលរដ្ឋ កុំឱ្យមានការចំណាយច្រើនពេក។
លោកបន្ថែមថា៖ «ខ្ញុំគិតថា យុទ្ធសាស្ដ្រនយោបាយរបស់គណបក្សប្រជាជន យើងឃើញថា មកដល់ពេលនេះ គណបក្សប្រជាជន ហាក់បានគិតថា ខ្លួនបានទទួលជោគជ័យក្នុងការ បង្ក្រាបគណបក្សប្រឆាំង បានន័យថា បង្អាក់ដំណើរគណបក្សប្រឆាំង មិនឱ្យដើរទៅមុខលឿន និងធ្វើការរំខានទៅលើមេដឹកបក្សប្រឆាំង។ អញ្ចឹងគណបក្សប្រជាជន ប្រហែលជាត្រូវប្រើប្រាស់ឱកាសហ្នឹង ដើម្បីកំណែទម្រង់ផ្សេងៗដែលចង់ធ្វើ ខ្ញុំគិតថារឿងផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ ការបញ្ឈប់ការយកពន្ធម៉ូតូ ខ្ញុំគិតថា ទាំងអស់ហ្នឹងវាជានយោបាយមួយ ដែលខ្មែរយើងតែងតែដឹងថា ជាការចង់ចំណេញផ្នែកនយោបាយ ប៉ុន្ដែក្នុងហ្នឹងយើងគិតថា វាក៏មានប្រយោជន៍ដល់ពលរដ្ឋដែរ»។

ចំណែកលោកសាស្ដ្រាចារ្យ សូ ចន្ថា ក៏បានលើកឡើងដែរថា ការបញ្ឈប់ការយកលុយពីពលរដ្ឋខណៈនេះគឺ ពិតជាល្អសម្រាប់ពលរដ្ឋ។ លោកសូ ចន្ថា បន្ថែមដែរថា អ្វីដែលរដ្ឋាភិបាល កំពុងធ្វើនាពេលនេះ គឺមានគោលបំណងចង់ទាក់ទាញចំណាប់អារម្មណ៍ការគាំទ្របន្ថែមពីពលរដ្ឋ សម្រាប់ការបោះឆ្នោតក្នុងឆ្នាំ ២០១៨ ខាងមុខនេះ។
យ៉ាងនេះក្ដី លោក សូ ចន្ថា យល់ថា នៅក្នុងប្រទេសមួយ ការគ្រប់គ្រងរដ្ឋ គឺមិនអាច ចេះតែធ្វើតាមការនឹកឃើញ ឬសម្រេចចិត្ដភ្លាមនោះ ថាចង់ធ្វើអ្វីក៏ធ្វើនោះឡើយ។
លោកបន្ថែមថា៖ «ខ្ញុំមើលទៅរដ្ឋាភិបាល មានការកែទម្រង់ច្រើន ដែលគេឱ្យឈ្មោះថា កែទម្រង់ ស៊ីជម្រៅ។ ក៏ប៉ុន្ដែធ្វើទៅអត់រួច ដូច្នេះការដោះស្រាយបញ្ហាភ្លាមៗ ជាពិសេសការឈប់យកពន្ធផ្លូវ ឈប់យកកម្រៃសាធារណៈ អ្វីមួយចំនួនជាដើម អញ្ចឹងជាការសម្រួល ក៏ជាការទាក់ទាញ ការគាំទ្របន្ថែមទៀតពីពលរដ្ឋ អ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០១៧ ឆ្នាំ២០១៨»។
សូមជម្រាបថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ បានចុះហត្ថលេខាលើលិខិតជូនដំណឹងមួយ ដោយបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ស្អែកនេះតទៅ សម្រាប់រថយន្ដប្រជាពលរដ្ឋទាំងអស់ ទាំងលក្ខណៈគ្រួសារ និងរថយន្ដមន្ដ្រីរាជការ ដែលមានទីលំនៅនៅសងខាងផ្លូវជាតិលេខ៤ គឺលែងយកលុយតទៅទៀតហើយ៕