គណបក្សសង្គ្រោះជាតិបានបញ្ចប់សន្និបាតក្រុមប្រឹក្សាជាតិ ដោយសម្រេចលទ្ធផលចំនួន ១២ ចំណុចធំៗក្នុងនោះចំណុចមួយចំនួន បញ្ជាក់ពីគោលនយោបាយសន្តិភាពឈានទៅដោះស្រាយបញ្ហាជាតិ។ តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចយល់ថាជាគោលនយោបាយប្រជាភិថុត។
លោក ធូ វិរៈ លម្អិតព័ត៌មាននេះ ៖
ក្រោយពីបិទបញ្ចប់សន្និបាតក្រុមប្រឹក្សាជាតិលើកទី ២ របស់ខ្លួន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៦ កន្លងទៅ គណបក្សសង្គ្រោះជាតិបានសម្រេចគោលនយោបាយចំនួន ១២ ចំណុច ក្នុងនោះរួមមានការប្រកាន់ជំហរ មិនឆ្លើយ មិនឆ្លង មិនឈ្លោះ មិនគុំគួន មិនយកខ្មែរណាជាសត្រូវ និងប្រកាន់ជំហរអហិង្សាជាដើម។
គណបក្សសង្គ្រោះជាតិ ប្រកាសថាការដាក់ចុះយុទ្ធសាស្ត្រ នយោបាយទាំងនេះ គឺសំដៅ ធ្វើឱ្យមានការផ្លាស់ប្ដូរមួយនៅកម្ពុជា ប្រកបដោយសន្តិវិធី គឺគ្មានហិង្សា នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨។

អ្នកសិក្សាស្រាវជ្រាវពីសង្គម និងនយោបាយ លោក ហេង ស្រ៊ាង ពិនិត្យឃើញថាលទ្ធផលសន្និបាតរបស់គណបក្សសង្គ្រោះជាតិប្រកាន់គោលការណ៍ មិនឆ្លើយ មិនឆ្លង មិនឈ្លោះ មិនគុំគួនគឺជា គោលការណ៍សន្តិភាពមួយដែលឈានទៅរកដោះស្រាយសម្រាប់បញ្ហាចម្រោងចម្រាសរវាងគណបក្សធំទាំងពីរ ប៉ុន្តែលោកថា គណបក្សទាំ ង ២ ដែលមានអាសនៈនៅរដ្ឋសភាត្រូវតែគិគពីប្រយោជន៍ជាតិជាធំ។
យ៉ាងណាក៏ដោយ លោក ហេង ស្រ៊ាង មិនអាចប្រមើលអំពីលទ្ធផលទុកជាមុន របស់គណបក្សង្គ្រោះជាតិអាចនឹងកើនអាសនៈនៅក្នុងរដ្ឋសភា ឬអាចនឹងឈានទៅកាន់អំណាចនោះ ឬក៏គណបក្សកាន់អំណាចនៅតែបន្តឈ្នះទៀតឬយ៉ាងណានោះទេ។ លោកយល់ថា អ្នកនយោបាយខ្មែរមានចរិតក្រឡិចក្រឡុច។
លោក ហេង ស្រ៊ាង មានប្រសាសន៍ថា៖ «តែអ្វីដែលល្អគឺគ្រាន់ថាគណបក្សអាចឡើងប្រជាប្រជាប្រិយភាព គឺត្រូវធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តថាតើមានគោលនយោបាយកសិកម្មដូចម្ដេច គោលនយោបាយអប់រំយ៉ាងដូចម្ដេច មានគោលនយោបាយសុខាភិបាលដូចម្ដេច ជាក់ស្តែងឱ្យប្រជាពលរដ្ឋគាត់ជឿជាក់ នឹងអាចឡើងសន្លឹកឆ្នោត»។
ដូចគ្នានេះដែរ លោកបណ្ឌិត មាស នី មានប្រសាសន៍ថា គោលនយោបាយប្រកាន់អហិង្សារបស់គណបក្សសង្គ្រោះជាតិ គឺជាគោលនយោបាយមួយដែរសម្រាប់រៀបចំប្រទេសខ្មែរឱ្យជៀសផុតពីការគុំគួនគ្នា ព្រោះលោកយល់ថា សព្វថ្ងៃនេះប្រទេសមានសន្តិភាព ប៉ុន្តែអ្នកនយោបាយបែកបាក់គ្នាទៅវិញ។
លោកបណ្ឌិត មាស នី មានប្រសាសន៍ថា៖ «ក្នុងខ្ញុំជាកូនខ្មែរខ្ញុំចង់ឃើញអ្នកនាំដឹកនៅក្នុងសម័យកាលគណបក្សណាក៏ដោយឱ្យមានគោលនយោបាយបង្រួបបង្រួមជាតិ និងរកស្ថិរភាពជាតិជាជាងចងគំនុំខ្មែរគ្នាឯង។ សព្វថ្ងៃនេះយើងឃើញថា អ្នកនាំដឹកនាំនយោបាយខ្មែរគ្មានឆន្ទៈរក្សាសន្តិភាពរវាងខ្មែរ និងខ្មែរទេ»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គោលនបាយរបស់គណបក្សសង្គ្រោះជាតិ គឹមានចរិតប្រជាភិថុតធ្វើឱ្យបាត់បងជំនឿអ្នកគាំទ្រពីអ្នកគាំទ្ររបស់ខ្លួន ដើរចេញពីបក្សទៅបង្កើតគណបក្សថ្មីដោយខ្លួនឯង។ លោក សុខ ឥសាន និយាយថា៖ «គេអស់ជំនឿ ជានយោបាយបោកប្រាស់ភូតភរជាបន្តបន្ទាប់យើងមើលឃើញអញ្ចឹង តាំងពីបោះឆ្នោតឆ្នាំ២០១៣ រហូតមកដល់ពេលនោះមេដឹកនាំគណបក្សសង្គ្រោះជាតិភូតកុហកយ៉ាងម្ដេចខ្លះ»។
ទាំងលោក កឹម សុខា អនុប្រធាន ទាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី ប្រកាសប្រាប់តំណាងរបស់បក្សមកពីទូទាំងប្រទេស ចំនួន ១៥០០ នាក់ ដែលមកចូលរួមសន្និបាត ថាគោលការណ៍សន្តិភាព អហិង្សាសកកម្ម គឺជាសញ្ញានៃការជោគជ័យមួយទៅហើយលើគូប្រកួត ហើយវាសំដៅឱ្យមានការផ្លាស់ប្ដូរ ប្រកបដោយសន្តិវិធី ដែលមេដឹកនាំទាំង ៣ រូបនេះអះអាថា គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោត នៅក្នុងការបោះឆ្នោត ឃុំសង្កាត់ឆ្នាំ២០១៧ និង ការបោះឆ្នោតសភា ឆ្នាំ២០១៨៕