អ្នកតាមដានភូមិសាស្ត្រនយោបាយ និងអ្នកនយោបាយបក្សប្រឆាំង ចង់ឃើញគណៈកម្មការដែលរដ្ឋាភិបាលបង្កើតឡើង នឹងធ្វើការបម្រើជាតិជាធំ ដើម្បីពន្លឿនការងាររៀបចំបណ្ដឹង ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆាប់ៗ ក្នុងករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ជាមួយភាគីថៃ។ កញ្ញា យឿន ស្រីមុំ រាយការណ៍
ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ សម្ដេច ហ៊ុន មាណែតនាយករដ្ឋមន្ត្រីកម្ពុជា ចេញសេចក្តីសម្រេចបង្កើតឱ្យមានគណៈកម្មការរៀបចំឯកសារប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ ក្នុងសេចក្ដីសម្រេចនោះ សម្ដេច ហ៊ុន ម៉ាណែត បានចាត់តាំងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាប្រធានគណៈកម្មការ និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាអនុប្រធាន។
សេចក្ដីសម្រេចដដែល បានឱ្យដឹងទៀតថា គណៈកម្មការនេះ មានការបែងចែកជា ២ក្រុម ទីមួយ ក្រុមការងារកិច្ចការច្បាប់ ដែលមានលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន និងទីពីរ ក្រុមការងារកិច្ចការការទូត ដែលមានលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស ជាប្រធាន។
ជុំវិញការបង្កើតគណៈកម្មការនេះ លោក សេង វណ្ណលី អ្នក តាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ថ្លែងប្រាប់វិទ្យុស្ដ្រីថា លោកមើលឃើញពលរដ្ឋមួយចំនួនសាទរដែលរដ្ឋាភិបាលបង្កើតឱ្យមានគណៈកម្មការរៀបចំឯកសារ ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយភាគីថៃ តែពលរដ្ឋមួយចំនួនទៀត នៅមិនទាន់ទុកចិត្តរដ្ឋាភិបាលទាំងស្រុង ក្នុងការរុញវិវាទនេះទៅតុលាការ ICJ។ ទោះបីយ៉ាងណា អ្នក តាមដាន ភូមិសាស្ត្រ នយោបាយ រូបនេះថា នេះគ្រាន់តែជាជំហានបឋម នៅពេលបង្កើតឱ្យមានគណៈកម្មការនេះឡើងដោយឡែកចំពោះភាពជោគជ័យ ឬបរាជ័យ អាស្រ័យលើសមត្ថភាព និងប្រសិទ្ធភាពនៃការធ្វើការរបស់គណៈកម្មការនេះ និងថាតើពួកគេតម្កល់ឧត្តមប្រយោជន៍ជាតិជាសំខាន់ ឬបក្សជាធំ។
រូបភាពពីបណ្ដាញសង្គមរបស់លោក សេង វណ្ណលី។
លោក សេង វណ្ណលី៖ «ការរៀបចំគណៈកម្មការហ្នឹងវាជារឿងល្អមួយហើយ ក៏ប៉ុន្តែចំណុចមួយដែលសំខាន់ទៅទៀត គឺធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយពីជំហររបស់កម្ពុជា ក៏ដូចជាមូលហេតុផ្សេងៗទៅសារព័ត៌មានជាតិ ក៏ដូចជាតំបន់អន្តរជាតិ អ្នកការទូត និងមន្ត្រីពាក់ព័ន្ធ មេដឹកនាំទូទាំងពិភពលោកឱ្យយល់ពីគោលបំណងរបស់កម្ពុជាបាទ!»។
ចំណែកលោក លោក អ៊ុំ សំអាន ដែលគេស្គាល់ថាជាតំណាងរាស្ដ្រម្នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ សរសេរលើទំព័រហ្វេសប៊ុកលោកថា ការបង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ជារឿងល្អ ប៉ុន្តែលោកចោទជាសំណួរថា តើពាក្យបណ្ដឹងនេះ នឹងប្តឹងនៅពេលណា? ហើយត្រូវការរយៈពេលប៉ុន្មានខែទៀត ដើម្បីរៀបចំឯកសារប្តឹងទៅតុលាការ ICJ។ ទោះបីជាមានគណៈកម្មការនេះក្ដី តំណាងរាស្ត្រអតីតបក្សប្រឆាំងរូបនេះ មិនទុកចិត្តទាំងស្រុងលើរដ្ឋាភិបាល ដែលចង់ប្ដឹងទៅតុលាការ ICJ ក្រោមហេតុផលឳពុកនាយរដ្ឋមន្ត្រីកម្ពុជា និងឳពុករបស់នាយរដ្ឋមន្ត្រីថៃ ជាបងប្អូនធម៌ ដូច្នេះពួកគេអាចនឹងមានការចរចាក្រៅផ្លូវការជាមួយគ្នា។
តែយ៉ាងណា លោក អ៊ុំ សំអាន ថា ក្រៅពីដោះស្រាយបញ្ហាព្រំដែនទាំងនោះ លោកស្នើរដ្ឋាភិបាលដាក់បញ្ចូលបន្ថែមនូវសំណុំរឿងកោះគុត ដែនសមុទ្រត្រួតស៊ីគ្នា តំបន់វាលឥន្រ្ទីយ៍ តំបន់ភ្នំទ្រព្យ និងតំបន់ច្រកអានសេះទៅក្នុងបណ្តឹងតែមួយ។ លោកបន្ថែមទៀតថា រដ្ឋាភិបាលក៏ត្រូវបញ្ជាក់ប្រាប់ពលរដ្ឋឱ្យច្បាស់លាស់អំពីរយៈពេលកំណត់ប្ដឹងទៅតុលាការ ICJ ផងដែរ។
បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ផ្ដើមចេញពីការផ្ទុះអាវុធរវាងកងទ័ពប្រទេសទាំងពីរ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប៉ះទង្គិចគ្នានេះ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។ ក្រោយពីមានជម្លោះប្រដាប់អាវុធនេះ កម្ពុជា និងថៃ បានចរចាគ្នា និងសម្រួលដកទ័ពចេញពីខ្សែបន្ទាត់ព្រំដែន។
ទោះបីការសម្រួលនេះ ធ្វើឱ្យកងទ័ពប្រទេសទាំងពីរមានភាពស្ងប់ស្ងាត់ពិតមែន តែភាគីថៃ ចាប់ផ្ដើមបិទច្រកព្រំដែនជាមួយកម្ពុជា និងកាត់ផ្ដាច់ប្រព័ន្ធភ្លើង ហើយប្រព័ន្ធអ៊ីនធឺណេតជាដើម។ ការបិទច្រកព្រំដែននេះ បង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ងាកមក លោក សេង វណ្ណលី រយៈពេលកន្លងមក រដ្ឋាភិបាលបានបង្កើតគណៈកម្មការច្រើនរាប់មិនអស់ ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាក្រពះពលរដ្ឋ លើកកម្ពស់ប្រព័ន្ធយុត្តិធម៌ និងការពារធនធានធម្មជាតិ តែយ៉ាងណា គណៈកម្មការទាំងនោះ មិនត្រឹមតែមិនអាចជួយដោះស្រាយបញ្ហាទាំងនោះបានទេ ផ្ទុយទៅវិញ ធ្វើឱ្យបញ្ហាទាំងនោះកាន់តែដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ បញ្ជាក់ថា មូលហេតុចម្បងនៃការបរាជ័យក្នុងការដោះស្រាយបញ្ហាពលរដ្ឋ និងបញ្ហាជាតិ ដោយសារតែពួកគេភាគច្រើនបម្រើបក្ស ជាងបម្រើជាតិ គួបផ្សំនឹងកង្វះប្រព័ន្ធឯករាជ្យត្រួតពិនិត្យលើគណនីភាព និងតម្លាភាព ក្នុងការធ្វើការងាររបស់រដ្ឋាភិបាល និងការមិនផ្តល់តម្លៃដល់ការចូលរួមរបស់ពលរដ្ឋ ហើយនិងគណបក្សប្រឆាំង។
លោក សេង វណ្ណលី៖ «ដំណាក់កាលបន្ទាប់ហ្នឹងរដ្ឋាភិបាលត្រូវតែព្យាយាមជជែកជាមួយភាគីថៃ ដើម្បីធ្វើម៉េចឱ្យភាគីថៃស្រុះស្រួលជាមួយភាគីកម្ពុជាក្នុងការរុញវិវាទនេះទៅព្រមគ្នា ប្រសិនជាភាគីទាំងពីររុញវិវាទនេះទៅព្រមគ្នា វាងាយស្រួលក្នុងការដោះស្រាយ ដោយមិនមានភាគីមិនគោរពការសម្រេចរបស់សាលដីកាតុលាការយុត្តិធម៌អន្តរជាតិនោះទេ។ តែប្រសិនជាភាគីថៃមិនព្រមជាមួយកម្ពុជាក្នុងការរុញវិវាទនេះទៅជាមួយ ហើយកម្ពុជាប្ដឹងថៃ ថៃក៏មិនឡើងការពារក្ដីរបស់ខ្លួននៅតុលាការអន្តរជាតិ វានឹងតាមមកបញ្ហាផ្សេងៗ ដូចជាការមិនគោរពសាលាដីកា ប៉ះពាល់ទំនាក់ទំនងទ្វេរភាគី និងប៉ះពាល់ទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ»។
យោងតាមសេចក្ដីសម្រេចរបស់នាយរដ្ឋមន្ត្រី បានឱ្យដឹងថា គណៈកម្មការរៀបចំឯកសារប្ដឹងទៅតុលាការ ICJ នេះ មានភារកិច្ច ពិនិត្យ និងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់។ ពិនិត្យ និងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ពិនិត្យនិងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូតតាមការចាំបាច់
បន្ថែមពីនេះគណៈកម្មការ ក៏មានភារកិច្ចធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹង រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ។ រាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕
អត្ថបទដោយ កញ្ញា ជា សុខនី