ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថាការចំណាយក្រៅផ្លូវការក្នុងសេវាដឹកជញ្ជូន មានរហូតដល់៤៨ភាគរយ និងបានបញ្ជាឲ្យលុបបំបាត់ជាបន្ទាន់ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ កម្ពុជា។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងនៅក្នុងទិវាពលកម្មអន្ដរជាតិ ឯខេត្តព្រះសីហនុ កាលពីថ្មីៗនេះថា រាល់ការចំណាយក្នុងសេវាកម្មដឹកជញ្ជូន ដែលមាន៤៨ភាគរយត្រូវបញ្ចូន ឱ្យ រដ្ឋមន្ដ្រីក្រសួងសារធារណការ និងដឹកជញ្ជូន រួមទាំងភាគីពាក់ព័ន្ធធ្វើការលុបបំបាត់ ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច សាទរសេចក្ដីសម្រេចរបស់សម្ដេច ហ៊ុន សែន ប៉ុន្តែពួកគាត់ផ្ដល់អនុសាសន៍ លើប្រសាសន៍សម្ដេច។ កញ្ញា ជុំ ជោកជាតា មានសេចក្ដីរាយការណ៍លម្អិត៖

ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា ការចំណាយក្រៅផ្លូវការលើសេវាដឹកជញ្ចូនដែលមានដូចនេះគឺជាមូលហេតុនៃអំពើពុករលួយ ត្រូវតែលុបបំបាត់ជាបន្ទាន់ ។
លោកនាយករដ្ឋមន្ដ្រី៖ «អាការចំណាយក្រៅផ្លូវការនេះ យើងខិតខំលុបបំបាត់ ព្រោះវា ជាអំពើពុករលួយមួយ ដែលនាំទៅដល់ការបាត់បង់ភាពប្រកួតប្រជែង ហើយការបាត់បង់ភាពប្រកួតប្រជែង មិនមែនគ្រាន់តែបញ្ហារបស់ក្រុមហ៊ុនទេ ប៉ុន្ដែវាទាក់ទងទៅនឹងកម្មករ និងកសិករ» ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាក់ថាការចំណាយក្រៅផ្លូវការ លើសេវាកម្មដឹកជញ្ជូន ធ្វើឱ្យប៉ះពាល់ ចំពោះការប្រកួតប្រជែង ទៅផ្សារបរទេស ហើយប៉ះពាល់លើការ ដេញថ្លៃអង្ករទៅកាន់ប្រទេសហ្វីលីពីន។ នេះជាការបង្ហាញតម្លាភាពមួយ របស់ប្រមុខរដ្ឋាភិបាល ទាក់ទិននិង អភិបាលកិច្ច សេវា ដឹកជញ្ជូន នៅកម្ពុជា។ អ្នកជំនាញថា វិធានការបំបាត់ ការចំណាយ ក្រៅប្រព័ន្ធ របស់រដ្ឋាភិបាល លើសេវ៉ាដឹកជញ្ជូនគឺជាការបង្កើនមួយចំពោះប្រាក់ចំណូលរបស់រដ្ឋ ។
លោក ចាន់ វិបុល បណ្ឌិតវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថាប្រសិនបើការប្ដេជ្ញាចិត្តផ្នែកនយោបាយ ឬក៏ផ្នែករដ្ឋបាលនេះ ត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយ លោក គិតថា សង្គមជាតិកម្ពុជា សន្សំលុយបានច្រើន ។
ចំណែកលោក គី សេរីវឌ្ឃន៍ បណ្ឌិតសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវនៃបណ្ឌិតសភាកម្ពុជា និយាយ ថាបើរាជរដ្ឋាភិបាល អាចកាត់បន្ថយរាល់ការចំណាយក្រៅប្រព័ន្ធ ក្នុងសេវាកម្មដឹកជញ្ជូន ដែលមាន៤៨ភាគរយនេះបាន គឺ ធ្វើឱ្យកំណើនសេដ្ឋកិច្ច ខ្លាំង ។
លោក គី សេរីវឌ្ឃន៍៖ « បាទ ចឹងនៅក្នុងនោះវាមានការយកលុយតាមជញ្ជីងផង ការយកលុយតាម ប៉ូលីសផង ហើយហ្នឹងថ្លៃប្រេងសាំង ចឹងវាធ្វើអោយអ្នកដឹកជញ្ជូនមួយចំនួនត្រូវតែបង្ខំចិត្តដាក់ឱ្យធ្ងន់ ដើម្បីបានចំនូលទៅបង់ថ្លៃជញ្ជីង ថ្លៃប៉ូលីសនេះគ្រប់គ្រាន់…» ។
បើតាម លោក គី សេរីវឌ្ឃន៍ តម្លៃដឹកជញ្ជូននៅប្រទេសកម្ពុជា គឺមានតម្លៃខ្ពស់ជាងគេ នៅក្នុង ចំនោមប្រទេស ដែលជាតំបន់អាស៊ាន។ លោកថានៅពេលណាដែលតម្លៃក្នុងការដឹកជញ្ជូនខ្ពស់ ផលិតកម្មដែលត្រូវនាំចេញទៅក្រៅប្រទេស គឺមិនអាចប្រកួតប្រជែងបាន ។
ផែសមុទ្រកម្ពុជា នៅខេត្តព្រះសីហនុ គឺជា ចលករ ធំជាងគេ នៃសេវាដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់ បរទេស និង សេវាដឹកជញ្ជូន មកក្នុងប្រទេសកម្ពុជា ៕