ភ្នំពេញ៖ នៅព្រឹកមិញនេះ អ្នកទេសចរណ៍ជាតិ និងអន្ដរជាតិបានមូរមីគ្នា ទៅមើលភាពអស្ចារ្យនៃព្រះអាទិត្យរះចុងកំពូលកណ្ដាល ប្រាសាទអង្គរវត្ត ជាអច្ឆិរយៈកើតមាន២ដងក្នុងមួយឆ្នាំ។
ព្រះអាទិត្យចាប់ផ្ដើមរះនៅម៉ោង៦ព្រឹក ចាំងពន្លឺព្រិចៗ មកលើបរិវេណប្រាសាទអង្គរវត្ត ដោយព្រះអាទិត្យសំកាំងចំកំពូលកណ្ដាលនៃប្រាសាទ ធ្វើអោយអ្នកទេសចរណ៍ គយគន់មិនដាក់ភ្នែក។
បាតុភូតព្រះអាទិត្យរះនេះគេហៅថា Equinox គឺជាភាសាបរទេសមួយ ដែលគេនិយាយពីដំណើរគោចរណ៍ នៃព្រះអាទិត្យរះ ចំនុចកណ្ដាលនៃប្រាសាទអង្គរវត្ត ហើយបាតុភូតដ៏អស្ចារ្យនេះ ត្រូវបានអ្នកវិទ្យាសាស្ដ្រអះអាងថា មានកើតឡើងពីរដងក្នុងមួយឆ្នាំ គឺ កើតឡើង ក្នុងខែមីនា និងខែកញ្ញា។
ទាក់ទិនរឿងនេះវិទ្យុស្ត្រីបានសុំការបកស្រាយត្រួសៗពី លោក ធុយ ចាន់ធួន អនុប្រធានសមាគមអ្នកប្រវត្តិសាស្ដ្រ នៃរាជបណ្ឌិតសភាកម្ពុជា ដោយលោកបានពន្យល់ពីបាតុភូតនេះ។
លោកថា ជាគំនិតច្នៃប្រឌិតរបស់អតីតវិស្វករបុព្វបុរសខ្មែរ នៃសម័យអង្គរ ដែលមានភាពវៃឆ្លាត បើទោះបីជាសម័យនោះមិនមានភាពជឿនលឿនក៏ដោយ តែបុព្វបុរសជំនាន់មុនបានធ្វើអោយកូនខ្មែរជំនាន់ក្រោយ ស្ងើចសរសើរយ៉ាងខ្លាំង។
លោកថា ចំពោះព្រះអាទិត្យរះចំកំពូលប្រាសាទអង្គវត្ត កើតមាន២ដងក្នុងមួយឆ្នាំ គឺ មិនមែនជារឿងចៃដន្យទេ តែជាបាតុភូតមួយនៃគន្លងព្រះអាទិត្យដែលដើរតាមខ្សែអេក្វាទ័រ។
ជ្រាបព័ត៌មានបន្ថែមសូមអញ្ជើញ ស្ដាប់បទសម្ភាសន៍ដែលរៀបចំឡើងដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ៖
