ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរវាងក្រសួងពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មស្វីសរយៈពេល២ថ្ងៃ។ ក្នុងឱកាសនោះសម្ដេចក៏អំពាវនាវសុំឱ្យ អ្នកវិនិយោគទុនស្វីសមកវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
ក្នុងកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មស្វីស និងក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាកាលពីថ្ងៃទី ១៧ មករា ឆ្នាំ២០១៧នៅទីក្រុង Davos របស់ប្រទេសនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំឲ្យ អ្នកវិនិយោគទុនធំៗជាច្រើនរបស់ប្រទេសស្វីស សហភាពអឺរ៉ុប សហររដ្ឋអាមេរិក និងអ្នកវិនិយោគទុនមួយចំនួននៃទ្វីបអាស៊ី ឲ្យមកវិនិយោគទុននៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន នៅថ្ងៃនេះ។ ក្នុងឱកាសនោះសម្ដេចបានអះអាងថាកម្ពុជា មានសក្ដានុពលសេដ្ឋកិច្ច ជាច្រើនដែល វិនិយោគិនបរទេសអាចទុកចិត្តបាន។
សម្តេច នាយករដ្ឋមន្ត្រីក៏បានអញ្ជើញក្រុមវិនិយោគិនទាំងអស់ទៅចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះផងដែរ។
បើនិយាយពីការដោះស្រាយជំលោះពាណិជ្ជកម្ម គឺកម្ពុជា ពឹងផ្អែកទាំងស្រុងលើ តុលាការ រដ្ឋប្បវេណី និងព្រហ្មទ័ណ្ឌ។ ចំណែកតុលាការពាណិជ្ជកម្មមិនទាន់មាននៅឡើយទេ។
អ្នកជំនាញ សេដ្ឋកិច្ច លោក គី សិរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងមន្ត្រីផ្នែកស្រាវជ្រាវ នៅបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កម្ពុជាមានសក្ដានុពលជាច្រើនដែលត្រូវការអ្នកវិនិយោគទុន ដូចជា វិស័យ កសិឧស្សាហ៍កម្ម ឧស្សាហ៍កម្មធនមធ្យម ទៅលើបច្ចេកទេសអេឡិចត្រូនិច និង ទេសចរណ៍ជាដើម។ លោកបន្តថា ទន្ទឹម នឹងការទាក់ទាញ អ្នកវិនិយោគ រដ្ឋាភិបាលត្រូវពីសុវត្ថិភាព និងសន្តិភាពក្នុងប្រទេសដើម្បីជាការធានាចំពោះ ទំនុកចិត្តអ្នកវិនិយោគ។
លោក គី សិរីវឌ្ឍន៍៖« អ្នកវិនិយោគទុនជាទូទៅគេខ្លាចបាត់លុយគេ កាលណាគេចូលមកស្រុកយើង អញ្ចឹងទាមទាទីមួយសំខាន់បំផុតគឺសុវត្ថិភាព និង សន្តិភាព។ ទី២ភាពត្រឹមត្រូវ នៅក្នុងការប្រកួតប្រជែងព្រោះអ្នកវិនិយោគកាលណាគាត់ មកវិនិយោគមិនត្រឹមត្រូវទេគាត់មិនអាចទទួលបានប្រាប់ចំណេញនោះទេ»។
ចំណែក លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ទោះបីប្រទេសកម្ពុជា ព្យាយាម កែតម្រូវចំណុចខ្វះខាតក្នុងការកាត់បន្ថយអំពើរពុករលួយតែ មិនទាន់ឆ្លើយតបឲ្យបានល្អប្រសើរ ចំពោះការវិនិយោគរបស់លោកខាងលិចនៅឡើយនោះទេ។ លោកបន្តថា ចំណុចខ្វះខាតទាំងនោះមាន អំពើរពុករលួយ ភាពមិនជាក់លាក់ នូវការប្រមូលពន្ធ ហើយប្រទេសកម្ពុជា មិនទាន់មានតុលាការពាណិជ្ជកម្មនៅឡើយដែរ។
លោក ព្រាប កុល៖ «នៅពេលមានទំនាស់រវាងអ្នកវិនិយោគ យើងរត់ទៅតុលាការរដ្ឋ ហើយតុលាការនៅស្រុកខ្មែរមានកេរ្តិ៍ឈ្មោះមិនសូវល្អនោះទេ ទាក់ទងអំពើរពុករលួយ ភាពមិនឯករាជ្យ ជាដើម ហើយទាំងអស់នេះជាកត្តាសំខាន់ដែលកម្ពុជាត្រូវធ្វើការកែទម្រង់ស៊ីជម្រៅ បើពុំនោះទេយើងនិងឃើញមានការស្ទាក់ស្ទើរពីសំណាក់អ្នកវិនិយោគធំ ជាពិសេសអ្នកវិនិយោគនៅបស្ចិមលោក»។
ប្រទេសស្វីស គឺជាសមាជិកមួយនៃសហភាព អឺរ៉ុប ដែលជាបណ្ដុំវិនិយោគទុនដ៏ធំមួយ សម្រាប់ ប្រទេសកម្ពុជា។ ចំណែក ប្រទេសស្វីស គេនៅមិនឃើញមានការដាក់ទុនវិនិយោគ មកកាន់កម្ពុជា លេចធ្លោដូចប្រទេស បារាំង ឬ ប្រទេសដទៃទៀតនៅឡើយ៕