ភ្នំពេញ៖ សកម្មជនគណបក្សសង្គ្រោះជាតិមកពីតាមបណ្តាខេត្តនានា នៅតែបន្តទ្បើងមកស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីរារាំងមិនឱ្យមានការចាប់ខ្លួនលោកកឹម សុខា ពីមន្ត្រីសមត្ថកិច្ច។ នេះជាការលើកទ្បើងរបស់សកម្មជនគបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែឧសភា ឆ្នាំ ២០១៦ នេះ។

សកម្មជនបក្សសង្គ្រោះជាតិរាប់រយនាក់ បានអះអាងនៅព្រឹកថ្ងៃសៅរ៍នេះថា ប្រសិនបើ សមត្ថកិច្ចការចាប់ខ្លួនលោកកឹម សុខា មែននោះ ពួកគេនឹងធ្វើមហាបាតុកម្មអហិង្សា ដើម្បីទាមទារឱ្យដោះលែងប្រធានរបស់ពួកគេវិញ។ ការលើកទ្បើងបែបនេះ បន្ទាប់ពីក្រុមអ្នកគាំទ្រទទួលបានដំណឹងថា មានមន្ត្រីសមត្ថកិច្ចចូលមកស្នាក់គណបក្សសង្គ្រោះជាតិបម្រុងចាប់ខ្លួនលោកកឹម សុខា។
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់មកពីខេត្តត្បូងឃ្មុំគឺលោក ម៉ៅ ម៉េន បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះថា លោកបានទ្បើងមកស្នាក់ការគណបក្សសង្គ្រោះជាតិអស់រយៈពេល ០២ ថ្ងៃហើយ គោលបំណងដែលលោកទ្បើងមកនេះ គឺដើម្បីការពារមិនឱ្យសមត្ថកិច្ចចាប់ខ្លួនលោកកឹម សុខា។
លោក ម៉ៅ ម៉េន អះអាងថា លោកនឹងបន្តឃ្លាំមើលស្ថានការណ៍នៅខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិរហូតទាល់តែស្ថានការណ៍មានភាពល្អប្រសើរទ្បើងវិញ ពោលគឺ លុះត្រាតែលោកកឹម សុខា មានសុវត្ថិភាព។
ចំណែកពលរដ្ឋម្នាក់ទៀត ដែលមកពីខេត្តកំពង់ចាម គឺអ្នកស្រីអ៊ុច ណារុំ បានលើកទ្បើងថាលោកកឹម សុខា មិនមានទោសកំហុសអ្វីដែលសមត្ថកិច្ចឈានទៅដល់ការចាប់ខ្លួនលោក នោះទេ។ អ្នកស្រីណារុំ ប្តេជ្ញាចិត្តថា ប្រសិនបើមានការចាប់ខ្លួនលោកកឹម សុខានោះ អ្នកស្រីនឹងធ្វើការររាំង ហើយព្រមានធ្វើមហាបាតុកម្មអហិង្សាជាមួយសកម្មជនផ្សេងទៀត។
ពលរដ្ឋរូបនេះយល់ថា ជម្រើសល្អនាពេលនេះគណបក្សនយោបាយគួរតែបន្តចចារគ្នាជាមុនសិន មុននឹងសម្រេចប្រើប្រាស់កម្លាំងសមត្ថកិច្ច។ «ពួកយើងខ្ញុំមកនេះមកដាច់ខាតមិនឱ្យគេចាប់គាត់ បើសិនជាមានការចាប់ខ្លួនពួកខ្ញុំនឹងធ្វើបាតុកម្មដោយអហិង្សា ប៉ុន្តែគណបក្សនយោបាយគួរយកវប្បធម៌សន្ទនាមកពិភាក្សាដែលវាមានប្រយោជន៏ទៅដល់គណបក្សនយោបាយ..»។
ពលរដ្ឋមួយរូបទៀតដែលមកពីខេត្តកណ្តាលគឺលោកទេព ប៊ុនលី បានលើកទ្បើងដែរថាបន្ទាប់ពីរូបលោកទទួលបានដំណឹងថា មានកងកម្លាំងសមត្ថកិច្ចមកស្នាក់ការគណបក្សសង្គ្រោះជាតិបម្រុងចាប់លោកកឹម សុខានោះ ភ្លាមៗលោកក៏សម្រេចចិត្តទ្បើងមកស្នាក់ការគណបក្ស ដើម្បីចូលរួមការពាររារាំងមិនឱ្យសមត្ថកិច្ចចាប់ខ្លួនលោកកឹម សុខាឡើយ។
លោក ទេព ប៊ុនលី បន្ថែមថា លោកនឹងមិនសុខចិត្តនោះទេ ប្រសិនបើមានការចាប់ខ្លួនលោកកឹម សុខា ។ មិនសុខចិត្តដោយសារតែលោកអះអាងថា ប្រធានស្តីទីបក្សសង្គ្រោះជាតិ លោកកឹម សុខា មិនបានធ្វើខុសដូចការចោទប្រកាន់របស់មន្ត្រីសមត្ថកិច្ចនោះទេ។
លោក ទេព ប៊ុនលី ៖ «ខ្ញុំមកថ្ងៃនេះខ្ញុំមកដើម្បីការពារសិទ្ធិពលរដ្ឋ ការពារសិទ្ធិមនុស្សក្នុងការបំពារបំពានពីអ្នកមានអំណាចមានក្រសួងមានសមត្ថកិច្ចសុំធ្វើឱ្យត្រឹមត្រូវតាមច្បាប់… »។
ពាក់ព័ន្ធនឹងការលើកទ្បើងអំពីការធ្វើបាតុកម្មពីអ្នកគាំទ្របក្សប្រឆាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃ សុក្រថា ការសម្រេចធ្វើបាតុកម្មគឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែបើការធ្វើបាតុកម្មនោះ ខុសច្បាប់ និងបង្កអសន្តិសុខដល់សង្គមនោះ សមត្ថកិច្ចនឹងធ្វើការបង្ក្រាប ។
សូមបញ្ជាក់ថា នេះជាថ្ងៃទី ០៣ ហើយដែលគេសង្កេតឃើញថា សកម្មជនគណបក្សសង្គ្រោះជាតិមកពីបណ្តាខេត្តនានានៅតែបន្តទ្បើងមកស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងគោលបំណងដើម្បីឃ្លាំមើលស្ថានការណ៍ជុំវិញការចាប់ខ្លួនលោកកឹម សុខា។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិត្រូវបានព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យចូលខ្លួនបំភ្លឺជុំវិញបណ្តឹងរបស់អ្នកនាងខុម ចាន់តារាទី ហៅស្រីមុំ ប៉ុន្តែលោកកឹម សុខា បដិសេធមិនចូលបំភ្លឺតាមដីការនោះទេ។ ការបដិសេធមិនចូលបំភ្លឺនេះហើយ ដែលជាដើមចមបណ្តាលឱ្យមានការស្វែងរកចាប់ខ្លួនលោកកឹម សុខា ។ ប៉ុន្តែរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនលោកកឹម សុខាបាននៅទ្បើយនោះទេ ពោលគឺចាប់ពីថ្ងៃទី ២៦ ខែឧសភា រហូតមកដល់ព្រឹកថ្ងៃទី ២៨ ខែឧសភានេះ៕