ភ្នំពេញ៖ បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះ ទម្រង់សិល្បៈខ្មែរបុរាណ មិនសូវមានការចាប់អារម្មណ៍ពីយុវវ័យនិងប្រជាពលរដ្ឋខ្មែរក៏ដោយ ក៏សិល្បៈខ្មែរបុរាណមិនបានសាបសូន្យឡើយ ។ មិនសាបសូន្យដោយសារតែមានអ្នកស្រឡាញ់ អ្នកចូលចិត្តសិល្បៈបុរាណរបស់ដូនតាខ្មែរ បានព្យាយាមអភិរក្សទម្រង់សិល្បៈមួយនេះឱ្យមានវត្តមានគង់វង្សជាបន្ត។ ក្នុងនោះដែរ លោក អៀង ស៊ីធុល អ្នកចម្រៀងបុរាណនិងប្រពៃណីខ្មែរ បានបង្កើតក្រុមសិល្បៈមួយឈ្មោះថា «ក្រុមសិល្បៈមរតកកុមារបាសាក់» ដើម្បីបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយ។
ស្ថាបនិកក្រុមសិល្បៈមរតកកុមារបាសាក់ លោក អៀង ស៊ីធុល បានឱ្យដឹងថា ក្រុមសិល្បៈរបស់លោកបង្កើតឡើងនៅឆ្នាំ២០០១ និងបានជ្រើសរើសកុមារប្រមាណជាង ៣០នាក់ ពីតំបន់ដីក្រហម តំបន់ប៊ូឌីង និងកុមាររស់នៅតាមចិញ្ចើមថ្នល់ជាដើម មកធ្វើការបណ្តុះបណ្តាលផ្នែកសិល្បៈបុរាណខ្មែរ។ គោលបំណងក្នុងការបង្កើតក្រុមសិល្បៈនេះវិញមានបី៖ ទីមួយ ដោយសារតែចិត្តស្រឡាញ់សិល្បៈបុរាណខ្មែរខ្លំាង។ ទីពីរ គឺលោកចង់ឱ្យកុមារដែលមានជីវភាពក្រីក្រលំបាក កុមារអនាថាគ្មានទីពឹង គ្មានទីស្នាក់អាស្រ័យ ទទួលបានការអប់រំនិងការបណ្ដុះបណ្តាលផ្នែកសិល្បៈបុរាណខ្មែរ។ ទីបី រូបលោក មានបំណងចង់ថែរក្សាការពារសិល្បៈបុរាណខ្មែរមានដូចជា ចម្រៀង របាំបុរាណ ដែលជាវប្បធម៌របស់ខ្មែរ និងដើម្បីចែករំលែកចំណេះដឹងពីសិល្បៈបុរាណទាំងនោះ ដល់កូនខ្មែរជំនាន់ក្រោយឱ្យបានដឹងបានស្គាល់ពីវប្បធម៌របស់ខ្លួន។

នាពេលរាត្រី – (រូបភាពពីទំព័រហ្វេសប៊ុករបស់ក្រុមសិល្បៈមរតកកុមារបាសាក់)
«ខ្ញុំអាណិតក្មេងៗ ពួកគេជាក្មេងកំព្រា ក្មេងអនាថា ក្មេងអូសរទេះជាដើម ខ្ញុំក៏បានប្រមូលពួកគេទាំងនោះឱ្យបានចូលមកហ្វឹកហាត់សិល្បៈបុរាណ … ខ្ញុំចង់ឱ្យក្មេងៗមានចំណេះដឹងផ្នែកសិល្បៈ ផលលំបាកនៃការហាត់រៀនសិល្បៈមិនមែនយើងចេះតែរៀនដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ ទាល់តែមានការបង្រៀនត្រឹមត្រូវ »។ នេះជាការលើកឡើងរបស់សិល្បករល្បីឈ្មោះ លោក អៀង ស៊ីធុល។ និយាយដោយសម្តីស្រទន់ សិល្បករពោរពេញដោយទេពកោសល្យម្នាក់នេះ បានរៀបរាប់ប្រាប់ផងដែរថា ក្រុមសិល្បៈ ចាប់ផ្តើមល្បីឈ្មោះចាប់តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ លើសពីនេះទៅទៀត តាំងពីផ្តើមហ្វឹកហាត់និងបានបង្ហាញវត្តមានសម្តែងចម្រៀងរបាំបុរាណខ្មែរ ជូនដល់អ្នកទស្សនាជាតិ និងអន្តរជាតិជាច្រើនលើកច្រើនសារមក ក្រុមរបស់លោកទទួលបានការគាំទ្រកោតសរសើរពីបែបបទនៃការសម្តែងរបស់នាដ្យការីនិងសិល្បៈករយ៉ាងខ្លាំង។ ជាពិសេស ភាពល្បីល្បាញនេះ បានធ្វើឱ្យក្រុមសិល្បៈ មរតកកុមារបាសាក់ បានចេញទៅសម្តែងនៅក្រៅប្រទេសមាន អូស្តា្រលី សិង្ហបុរី ជប៉ុន កូរ៉េ ស្កុតលែន អង់គ្លេស និងសហរដ្ឋអាមេរិចជាដើម។
ត្បិតប្រជាប្រិយភាពរបស់ខ្លួនត្រូវបានប្រជាជននៅប្រទេសក្រៅមានការគាំទ្រក៏ពិតមែន ប៉ុន្តែអ្វីដែលក្រុមសិល្បៈមរតកកុមារបាសាក់ ក៏នៅជួបប្រទះការលំបាក ពីព្រោះមិនមានការគាំទ្រពីប្រជាជនខ្មែរនៅក្នុងស្រុក ខណៈក្រុមសិល្បៈនេះចេញសម្តែងម្តងៗ។ អ្នកគ្រប់គ្រងទូទៅ លោក អៀង ស៊ីធុល បានឱ្យដឹងថា ក្រុមសិល្បៈរបស់លោកនៅក្នុងពេលបច្ចុប្បន្ននេះ មិនមានការជួយឧបត្ថមគាំទ្រថវិកាពីសប្បុរសជនណាមួយនៅឡើយនោះទេ។ កត្តានេះ បានធ្វើឱ្យក្រុមសិល្បៈមរតកកុមារបាសាក់ប្រឈមមុខនឹងការស្វះស្វែងខ្វែងដៃខ្វែងជើងរកថវិកា តាមរយៈការសម្តែងសិល្បៈនៅសារមន្ទីរជាតិជាដើម។ ចំពោះការសម្តែងសិល្បៈនោះទៀតសោត អ្នកទស្សនាភាគច្រើនមានតែជនជាតិបរទេសតែប៉ុណ្ណោះ ហើយចំណូលបានមកពីការលក់សំបុត្រក្នុងពេលសម្តែងម្តងៗ បានមកស្ទើរមិនគ្រប់គ្រាន់ អាចកាត់កងរួចខ្លួនពីការចំណាយផ្សេងៗ។

របស់ក្រុមសិល្បៈ « មរតកកុមារបាសាក់ » (រូបភាពពីទំព័រហ្វេសប៊ុករបស់ក្រុមសិល្បៈមរតកកុមារបាសាក់)
អ្នកគ្រប់គ្រងទូទៅរូបនេះបានឱ្យដឹងទៀតថា តាមការសង្កេតនិងការយល់ឃើញរបស់លោក ប្រជាពលរដ្ឋកម្ពុជាភាគច្រើនមិនបានជួយគាំទ្រដល់សិល្បៈវប្បធម៌បុរាណឡើយក្នុងពេលបច្ចុប្បន្ន ព្រោះប្រជាជនភាគច្រើននៅគិតគួរពីបញ្ហាជីវភាពប្រចាំថ្ងៃ ហើយភ្ញៀវជាតិស្ទើរតែមិនហ៊ានចំណាយប្រាក់ ១ម៉ឺនរៀលថ្លៃសំបុត្រចូលមើលការសម្តែងសិល្បៈនៅសារមន្ទីរជាតិ។ មូលហេតុនេះហើយ បណ្តាលឱ្យតម្លៃនៃសិល្បៈបុរាណមានការធ្លាក់ចុះ អ្នកសម្តែងហាក់គ្មានតម្លៃនិងមិនអាចរកប្រាក់ចំណូលបានសម្រាប់ទ្រទ្រង់ក្រុមសិល្បៈនិងជីវភាពរបស់ខ្លួន។ «កាលពីដើមបើទោះជាជីវភាពរបស់ប្រជាពលរដ្ឋមានការលំបាកខ្វះមុខខ្វះក្រោយយ៉ាងណាក៏ដោយ ក៏នៅពេលមានកម្មវិធីបុណ្យទានម្តងៗ ការសម្តែងសិល្បៈផ្សេងៗ តែងតែនៅដកជាប់ជាមួយប្រជាជនខ្មែរជានិច្ច ហើយពួកគាត់បានផ្តល់ការគាំទ្រយ៉ាងខ្លាំង។ សម័យបច្ចុប្បន្ន សង្គមមានភាពជឿនលឿន ប្រជាពលរដ្ឋ ជាពិសេសយុវវ័យខ្មែរ ហាក់មិនសូវជាចាប់អារម្មណ៍លើទម្រង់សិល្បៈបុរាណប៉ុន្មានឡើយ ខណៈពេលដែលវប្បធម៌បរទេសកំពុងតែវាយលុកយ៉ាងគំហុកទៅលើសិល្បៈវប្បធម៌របស់ខ្លួន»។
ក្នុងទឹកចិត្តអាណិតអាសូរយ៉ាងខ្លាំងចំពោះក្មេងៗដែលលោកបានបណ្តុះបណ្តាល គ្រូបង្រៀនចាស់រស្សាររូបនេះបានមានប្រសាសន៍ថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្តែង ប៉ុន្តែទីផ្សារសម្តែងដើម្បីរកចំណូលជួយខ្លួនឯងនៅមានកម្រិតនៅឡើយក្នុងសង្គមខ្មែរ។ ចំណូលបានមកពីការសម្តែងសិល្បៈម្តងបានត្រឹមតែ ១០ដុល្លារប៉ុណ្ណោះក្នុងម្នាក់ មិនអាចជួយឱ្យសិល្បៈករមានទឹកចិត្តក្នុងការសម្តែងនោះឡើយ។ ចំណូលតិចតូចបែបនេះ ធ្វើឱ្យសិល្បករឈានទៅរកការបោះបង់ការអាជីពជាអ្នកសិល្បៈទៅប្រកបការងារផ្សេងៗជំនួសវិញ។
មិនខុសគ្នាពីលោក អៀង ស៊ីធុល យុវជន ចាន់ សូរី មានអាយុ ១៨ឆ្នាំ ជាសិល្បករផ្នែករបាំនិងតន្តី្រនៅក្រុមសិល្បៈមរតកកុមារបាសាក់ ក៏លើកឡើងដែរថា នៅពេលសម្តែងសិល្បៈម្តងៗ ពុំសូវមានអ្នកទស្សនាជាជនជាតិខ្មែរនោះទេ ភាគច្រើនជាជនបរទេស ឃើញដូច្នេះ ខ្លួនហាក់អស់កម្លាំងចិត្តសម្តែងនិងចង់ឈប់សម្តែង។ ប៉ុន្តែ ដោយសារការស្រឡាញ់ពេញចិត្តចំពោះសិល្បៈបុរាណខ្មែរ និងការមានឆន្ទៈចង់អភិរក្សសិល្បៈប្រពៃណីវប្បធម៌ខ្មែរ ទើបនាងនៅតែមិនបោះបង់ចោលអាជីពមួយនេះ និងប្រឹងប្រែងហ្វឹកហាត់សម្តែងបន្តទៀត។

នាដ្យការីរបាំម្នាក់ទៀត កញ្ញា សុភ័ក្រ ចំរើន មានអាយុ ២៥ឆ្នាំ ជាសិស្សច្បងនៅក្នុងក្រុមសិល្បៈ មរតកកុមារបាសាក់ បានឱ្យដឹងថា « ការសម្តែងពុំបានផ្តល់ថវិកាបានច្រើនសម្រាប់អ្នកសិល្បៈឡើយ ពេលខ្លះ យើងត្រូវខាតដើមក៏មាន ដោយសារការសម្តែងមានទំហំធំ ចំណាយច្រើន ប៉ុន្តែខ្ញុំក៏នៅតែបន្តតស៊ូជាបន្តទៀត »។ ខណៈការគាំទ្រការសម្តែងសិល្បៈបុរាណខ្មែរនៅមានកម្រិតពីប្រជាជនខ្មែរ លោកគ្រូ អៀង ស៊ីធុល បានសំណូមពរដល់ប្រជាជនខ្មែរទូទៅឱ្យចាប់ផ្តើមស្រឡាញ់មរតកវប្បធម៌ផ្នែកសិល្បៈបុរាណខ្មែរឡើងវិញ និងអំពាវនាវដល់សាធារណៈជនខ្មែរទាំងអស់ គួរណាស់ចាប់ផ្តើមចែករំលែកក្តីស្រឡាញ់ចំពោះសិល្បករខ្មែរ តាមរយៈការបរិច្ចាគធនធានផ្សេងៗ ទាំងសម្ភារៈនិងថវិកា ជួយដល់ក្រុមសិល្បៈមរតកកុមារបាសាក់ ដើម្បីក្រុមសិល្បៈបុរាណអាចបន្តផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៀត។ ការចូលរួមលើកតម្កើងសិល្បៈបុរាណខ្មែរតាមរយៈការចូលរួមទស្សនាក៏ជាផ្នែកមួយនៃការគាំទ្រផងដែរ ។
សូមបញ្ជាក់ផងដែរថាក្រុមសិល្បៈ « មរតកកុមារបាសាក់ » គ្រោងនឹងបន្តការសម្តែងសិល្បៈបុរាណខ្មែរបីដងក្នុងមួយសប្តាហ៍ពីម៉ោង ៦ល្ងាច នៅសារមន្ទីរជាតិ និងចាប់ពីខែមិថុនា ឆ្នាំ២០១៥នេះតទៅ។ គោលបំណងនៃការសម្តែងសិល្បៈនេះ គឺចង់បង្ហាញពីទម្រង់ផ្សេងៗរបស់សិល្បៈវប្បធម៌ខ្មែរនិងដើម្បីស្វែងរកមូលនិធិ ទ្រទ្រង់ក្រុមសិល្បៈ« មរតកកុមារបាសាក់ » ដែលកើតចេញពីកុមារក្រីក្រ កុមារកំព្រារស់នៅតាមចិញ្ចើមថ្នល់ ឱ្យទទួលបានការហ្វឹកហាត់ជំនាញសិល្បៈបន្តទៀត។
បច្ចុប្បន្នក្រុមសិល្បៈនេះ មានសមាជិកទាំងអស់ចំនួន ៦៤ នាក់ ហើយកុមារដែលគេជ្រើសរើសយកទៅបណ្តុះបណ្តាលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១២ឆ្នាំ ចំណែកជំនាញបណ្តុះបណ្តាលមានដូចជា ចម្រៀងប្រពៃណី ចម្រៀងភ្លេងការ ចម្រៀងមហោរី បង្ហាត់បង្រៀនពីតន្ត្រីបុរាណ និងបង្ហាត់បង្រៀនពីរបាំរបស់ខ្មែរមាន របាំទេពមនោរម្យ របាំមណីមេខាលា របាំសុវណ្ណមច្ឆា របាំក្ងោក របាំគែន របាំក្រមា របាំក្ងោកប៉ៃលិនជាដើម ជារួមគឺបង្ហាត់របាំទាំង៦០ របស់ខ្មែរ៕