ភ្នំពេញ៖ មន្ទីរបញ្ចកោណនិយាយថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងក្រុមរដ្ឋអ៊ីស្លាមក្នុងក្នុងប្រទេសលីប៊ី បន្ទាប់ពីមានការស្នើសុំដោយរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិ។

ការវាយឆ្មក់នេះ បានកំណត់គោលដៅចំកំពង់ផែក្រុង Sirte ដែលជាបន្ទាយរបស់ពួកអ៊ីស្លាមជ្រកកោន។
តាមបណ្ដាញផ្សាយព័ត៌មាន BBC នាយករដ្ឋមន្ត្រីលីប៊ី លោកFayez al Sarraj មានប្រសាសន៍ផ្សាយតាមទូរទស្សន៍ថា ការវាយប្រហារនេះបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ" ។
ប្រទេសលោកខាងលិច មានការព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីវត្តមានក្រុមរដ្ឋអ៊ីស្លាមរីកលូតលាស់យ៉ាងសម្បើមនៅក្នុងប្រទេសលីប៊ី។
ការវាយប្រហារពីលើអាកាសនេះ គឺមានអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកជាលើកដំបូងដោយមានការសម្របសម្រួលបើកផ្លូវជាមួយរដ្ឋាភិបាលរួបរួមលីប៊ី។
មន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារនេះត្រូវបានអនុញ្ញាតដោយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ហើយមានការគាំទ្រពីកម្លាំងប្រយុទ្ធរបស់រដ្ឋាភិបាល ដែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធ IS ជ្រុលនិយម ។
រដ្ឋាភិបាលលីប៊ី បានចាប់ផ្តើមវាយប្រហារលើពួកយុទ្ធជន IS តាំងពីខែឧសភាមក ហើយបានប្រាប់ថាជាងពីរសប្តាហ៍កន្លងទៅនេះ កម្លាំងប្រយុទ្ធបានទទួលជ័យជម្នះមុនកាលបរិច្ឆេទដែលបានកំណត់ទៅទៀត។
មន្ត្រីនៃប្រទេសលោកខាងលិចបាននិយាយថា ចំនួននៃពួកសកម្មប្រយុទ្ធ IS មានប្រហែល ៦ពាន់នាក់ ក្នុងប្រទេសលីប៊ីត្រូវបានប៉ាន់ស្មានថា ចំនួននេះកំពុងធ្លាក់ចុះមកវិញ ដោយសារតែដ្ឋាភិបាលដាក់សម្ពាធលើពួកសកម្មប្រយុទ្ធនេះ។
តែយ៉ាងណា នាយករដ្ឋមន្ត្រីលីប៊ី និយាយថា មិនមានកងកម្លាំងសហរដ្ឋអាមេរិកត្រូវដាក់ពង្រាយនោះទេ។
ប្រទេសលីប៊ីបានបែកបាក់គ្នាកាន់ខ្លាំងឡើងៗ ចាប់តាំងពីរបបដឹកនាំរបស់លោក Muammar Gaddafi បានដួលរលំកាលពីឆ្នាំ ២០១១ ពោលគឺសារការប្រកួតប្រជែងរបស់រដ្ឋាភិបាល និងពួកក្រុមសកម្មប្រយុទ្ធកំពុងដណ្ដើមទឹកដី និងឥទ្ធិពលរៀងៗខ្លួន។
ប្រភព៖BBC