អន្តរជាតិ ៖ អាជ្ញាធរល្បាតសមុទ្រនៃប្រទេសហ្វីលីពីន បានឃុំខ្លួនអ្នកនេសាទចិនចំនួន២៥នាក់និងបានរឹបអូសទូកនេសាទ២គ្រឿងរបស់ប្រទេសនេះ ដែលបានចូលលុកលុយដែនទឹករបស់ហ្វីលីពីន ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាក្រុមល្បាតសមុទ្រប្រទេសហ្វីលីពីន បានរឹបអូសទូកនេសាទចិនទាំងនោះ គឺកាលពីថ្ងៃចន្ទហើយបានអះអាងថាទូកទាំង២គ្រឿងនេះបានចូលដែនទឹករបស់ខ្លួននៅក្បែរ តំបន់ជំលោះសមុទ្រចិនខាងត្បូង ។
ទោះជាយ៉ាងណាចិនមិនទាន់ប្រតិកម្មភ្លាមៗ ចំពោះបញ្ហានេះទេ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង ឡី និយាយថាគេកំពុងតែត្រូវការព័ត៌មានច្រើនថែមទៀតពីរឿងនេះ ។
កាលពីឆ្នាំ២០១៤ តុលាការ ប្រទេសហ្វីលីពីន បានពិន័យប្រាក់អ្នកនេសាទចិន៩នាក់ជាង១០ម៉ឺនដុល្លារពីបទចូលដែនទឹករបស់ ហ្វីលីពីន ដោយខុសច្បាប់ ។
វៀតណាម ម៉ាឡេស៊ី និងព្រុយណេ ក៏មានជំលោះជាមួយប្រទេសចិនអំពីដែនកោះនៅសមុទ្រចិនខាងត្បូង ។ ប៉ុន្ដែប្រទេសហ្វីលីពីន បានសំរេចប្ដឹងប្រទេសចិនទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិរបស់អង្គការសហប្រជាជាតិរួចហើយ ៕