ព្រៃវែង៖ អាជ្ញាធរឃុំថ្មពូន ខេត្តព្រៃវែង ទីកើតហេតុករណី បុរសម្នាក់លួចដេកជាមួយកូនក្រមុំថ្ងៃផ្សំដំណេកបានប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា ស្រ្តីជាជនរងគ្រោះក្នុងករណីរំលោភហាក់មានបញ្ហាវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងដែលអាជ្ញាធរ និងក្រុមគ្រួសារកំពុងឃ្លាំមើល។ ក្រុមអង្គការលើបញ្ហាស្រ្តីបាន ផ្តល់អនុសាសន៍ដល់អាជ្ញាធរមូលដ្ឋាន ក្រុមគ្រួសារ និងសហគមន៍ ត្រូវចេះលើកទឹកចិត្តនារីរងគ្រោះ ដើម្បីឱ្យនាងមានក្តីសង្ឃឹមថ្មីក្នុងជីវិត ជៀសវាងការបញ្ចប់ជីវិតដោយការធ្វើអត្តឃាតខ្លួនឯង។

នារីជនរងគ្រោះក្នុងករណីលួចសេពសន្ថវៈនៅរាត្រីផ្សំដំណេកនៃថ្ងៃអាពាហ៍ពិពាហ៍ ស្ថិតនៅឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ពេលនេះកំពុងមានស្ថានភាពបាក់ទឹកចិត្តធ្ងន់ធ្ងរ ដោយនាងមានអាការៈចង់នៅតែឯងក្នុងបន្ទប់ មិនសូវចេញក្រៅផ្ទះជួបញាតិមិត្តបងប្អូនក្នុងស្រុកភូមិនោះទេ ។ជារឿយៗនាងតែងយំពេលនឹកឃើញរឿងអកុសលនោះកើតឡើង។ នេះជាការប្រាប់ត្រួសៗ ពីអាជ្ញាធរឃុំថ្មពូន ភូមិឆ្កឹស ទីដែលនារីរងគ្រោះកំពុងស្នាក់នៅ។
មេឃុំថ្មពូន លោក ឃិន ចាប មេភូមិឆ្ពឹស លោកស្រី លាប ឈាត និងលោក ជឿន ឆន ប្រធានប៉ុស្ត៍ស្តីទីឃុំថ្មពូន សុទ្ធតែបានអះអាងប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្ននារីរងគ្រោះកំពុងមានបញ្ហាផ្លូវចិត្តក្រោយជួបហេតុការណ៍នេះ។ អាជ្ញាធរបន្តថា នាងសព្វថ្ងៃសំងំនៅតែក្នុងផ្ទះ មិនសូវហ៊ានចេញក្រៅផ្ទះរាក់ទាក់និយាយលេងជាមួយអ្នកភូមិនោះទេ។ លោក ឃិន ចាប ឱ្យដឹងបន្តថា នារីរងគ្រោះបានតែងតែយំសោកជារឿយៗទំនងនឹកឃើញរឿងអកុសលដែលបានកើតឡើងលើខ្លួន។ តែយ៉ាងណាពួកគាត់ថា អាជ្ញាធរតែងទៅសួរសុខទុក្ខ លើកទឹកចិត្ត ពិសេសគឺផ្តាំផ្ញើឱ្យអាណាព្យាបាលឃ្លាំមើល ព្រោះខ្លាចនាងធ្វើអត្តឃាតខ។
លោក ឃិន ចាប៖«កូនស្រីហ្នឹងវាខឹងអត់ចិត្ត យំសោកបោកខ្លួន វាតូចចិត្តមិនគួរកើតរឿងហ្នឹងឡើង។ វាមិនទាន់មានសកម្មភាពអីទេ តែគ្រាន់តែម៉ែឪភ័យនៅយាម។ វាប្រហែលមានការខូចចិត្តហើយរឿងនេះ ព្រោះអត់ដឹងខ្លួនសោះពេលគេរំលោភហ្នឹង ខ្លះគេថាត្រូវថ្នាំបានជាកូនស្រីហ្នឹងមិនដឹងអីសោះ ពេលបានមួយយប់មួយថ្ងៃហើយបានជាកូនស្រីហ្នឹងយំ ហើយលឺថាម៉ែឪមិនហ៊ានដើរចោលទេខ្លាចកូនគិតខ្លី»។
កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០១៨ ជនល្មើសឈ្មោះ ឈឺន ចាន់សេង អាយុ ១៨ ឆ្នាំបានបន្លំខ្លួនជាកូនកម្លោះធ្វើសកម្មភាពរួមរក្សជាមួយកូនក្រមុំនៅយប់ថ្ងៃផ្សំដំណេកក្រោយពិធីមង្គលការ។ ហេតុការណ៍នេះកើតឡើងនៅផ្ទះកូនក្រមុំនៅភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
តាមរបាយការណ៍របស់ប៉ូលីស ជនសង្ស័យត្រូវបានក្រុមគ្រួសារកូនក្រមុំចាប់បាននៅក្នុងបន្ទប់រួមដំណេក នៅព្រឹកថ្ងៃទី ១៧ ខែមករា ក្រោយពីបានបន្លំខ្លួនចូលរួមសេពសន្ថវៈជាមួយស្ត្រីជាកូនក្រមុំ អាយុ ១៨ ឆ្នាំរហូតបានសម្រេច ។ ហេតុការនេះកើតឡើង ខណៈ កូនកំលោះស្រវឹងដេកក្រាបនៅលើតុក្នុងរោងការរហូតទល់ភ្លឺដោយមិនខ្វល់អំពីការរួមដំណេកនៅយប់ថ្ងៃដំបូងរបស់ខ្លួននោះ។
តាមការឱ្យដឹងពីលោក ជឿន ឆន ប្រធានប៉ុស្ត៍ស្តីទីឃុំថ្មពូន ជនល្មើសត្រូវបានសាលាដំបូងខេត្តព្រៃវែងសម្រេចចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ» តាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌដែលអាចជាប់គុកពី ៥ ឆ្នាំទៅ ១០ ឆ្នាំ។ បច្ចុប្បន្នជនល្មើសត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង។
ស្រ្តីជាជនរងគ្រោះក្នុងករណីនេះ នាងមិនត្រឹមតែរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈលើរូបរាងកាយនោះទេ នាងក៏ត្រូវរងគ្រោះដោយប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយករណីនេះយ៉ាងសុះសាយ។ ធ្ងន់ធ្ងរជាងនេះស្រ្តីរូបនេះក៏ត្រូវបានភាគីកូនកម្លោះមិនទទួលយកជាភរិយាផងទៀត។ ប្រការនេះធ្វើឱ្យស្រ្តីជាជនរងគ្រោះក្លាយជាជនរងគ្រោះផ្ទួនៗ ដែលត្រូវមានការចូលរួមដោះស្រាយលើកទឹកចិត្តពីក្រុមគ្រួសារ សហគមន៍ និងអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា។
នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថា ស្រ្តីជាជនរងគ្រោះក្នុងករណីនេះ កំពុងធ្លាក់ក្នុងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ តាមលោកស្រី គឺ គេត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ជួយជ្រោម ជ្រែងដើម្បីធ្វើឱ្យនាងអាចមានកម្លាំងចិត្តតស៊ូរស់បន្តទៅមុខ ជៀសវាងបញ្ចប់បញ្ហាដោយការបញ្ចប់ជីវិតខ្លួនឯង។
លោកស្រីផ្តល់អនុសាសន៍ថា៖«អាជ្ញាធរ ឬអ្នកពាក់ព័ន្ធទាំងឡាយត្រូវតែយកចិត្តទុកដាក់ក្នុងការព្យាបាលគាត់នៅផ្លូវចិត្ត ព្រោះអានេះគឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ហើយវាគួរតែមានកន្លែងដោះស្រាយបញ្ហាផ្លូវចិត្តរបស់គាត់ យើងមិនត្រូវព្រងើយកន្តើយបើសិនព្រងើយកន្តើយតទៅមុខទៀតគាត់ហ្នឹងអាចបាត់បង់ជីវិត បើមិនបាត់បង់ជីវិតទេ ក៏លែងមានញាណដែលអាចមានជីវិតអាចរស់នៅដូចគេដូចឯង»។

យោងតាមការអះអាងរបស់អ្នកស្រី លាត ឈាត មេភូមិឆ្ពឹស គឺនៅក្រោយថ្ងៃកើតហេតុដ៏អាក្រក់នេះ ក្រុមគ្រួសារខាងកូនកំលោះ មិនអនុញ្ញាតឲ្យកូនកំលោះទទួលស្គាល់ស្ត្រីរងគ្រោះជាប្រពន្ធឡើយ មិនតែប៉ុណ្ណោះបានទាមទារឲ្យឪពុកម្ដាយស្ត្រីជាកូនក្រមុំរងគ្រោះ សងថ្លៃបង្គាប់គ្រឿងបណ្ណាការចំនួន ១៤០០ ដុល្លារថែមទៀត។
ទាក់ទងបញ្ហានេះលោកស្រី រស់ សុភាព បន្ថែមថា ក្នុងស្ថានភាពនេះភាគីក្រុមគ្រួសារកូនកម្លោះមិនគួរគប្បីបដិសេធចោលចំណងអាពាហ៍ពិពាណ៍ភ្លាមៗនោះទេ ត្រូវស្វែងរកដំណោះស្រាយ ដោយទុកបញ្ហាកេរ្តិ៍ឈ្មោះ និងរឿងព្រហ្មចារីដាច់ដោយឡែក ពីសុភមង្គលគ្រួសារ។
លោកស្រី រស់ សុភាព៖«កូនប្រុសហ្នឹងប្រសិនបើគាត់ជាមនុស្សយល់ដឹងពីសុខទុក្ខដៃគូររបស់ខ្លួន ថ្វីត្បត់តែខ្លួនមិនមែន រៀបអាពាហ៍ពិពាណ៍ដើម្បីរួមភេទឯណា គាត់រៀបការដើម្បីកាន់ដៃគ្នាទៅរកគ្រួសារមួយមានសុភមង្គល តែពលនេះគាត់ជាជនរងគ្រោះនេះ គាត់បែរជាមកទារសងបណ្តាការអីដូចជាមិនសមទេ»។
យ៉ាងណាបើតាមការ បញ្ជាក់ពីមេឃុំថ្មពូន បានប្រាប់វិទ្យុស្រ្តីថា អាជ្ញាធរមានសមត្ថកិច្ចបានព្យាយាមសម្របសម្រួលជាមួយគ្រួសារកូនកម្លោះអស់ពីលទ្ធភាពហើយ តែពួកគេនៅតែមិនអាចទទួលយកបានដោយសំអាងថា នេះជារឿងអាម៉ាសកេរ្តិ៍ឈ្មោះ។ សម្រាប់នាយកប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព ទទូចអោយមានដំណោះស្រាយមួយជាបន្ទាន់សម្រាប់ កូនក្រមុំដែល រងភាពអាម៉ាស់នេះ ៕