ភ្នំពេញ៖ បើតាមបណ្តាញផ្សាយសារព័ត៌មានNBCឱ្យដឹងថា ពលរដ្ឋកម្ពុជាចំនួន៥នាក់ដែលរដ្ឋការលោកដូណាល់ត្រាំដាក់ក្នុងបញ្ជីដើម្បីចាប់បញ្ជូនមកកម្ពុជាដោយសារការផ្តន្ទាទោសពីបទឧក្រិដ្ឋត្រូវបាន អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា លើកលែងទោសនៅថ្ងៃបុណ្យគ្រីស្មាស់។
លោក ធូ វិរៈ រាយការណ៍

បើតាមបណ្តាញផ្សាយសារព័ត៌មានNBC ឱ្យដឹងថា លោក ជែរី ប្រោន (Jerry Brown) អភិបាលរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានសម្រេចលើកលែងទោសពលរដ្ឋខ្មែរចំនួន ៥ នាក់ និង ជនអន្តោប្រវេសន៍មកពីប្រទេសហុងឌួរ៉ាសម្នាក់ ពីការចាប់បង្ខំនិរទេសចេញពីអាមេរិក។
បណ្តាញផ្សាយសារព័ត៌មានNBC បញ្ជាក់ទៀងថា បើតាមមន្ត្រីការិយាល័យរបស់លោក Jerry Brown ជនន្តោប្រវេសន៍ខ្មែរដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកតាំងពីមានអាយុ ៥ ឆ្នាំ ឬក្មេងជាងនេះ ដោយសាររត់គេចពីសង្គ្រាមស៊ីវិលនៅកម្ពុជាកាលពីឆ្នាំ១៩៧០-៧៩។ ជនអន្តោប្រវេសន៍ខ្មែរបានស្ថិតនៅក្នុងចំណោមជនអន្តប្រវេសន៍ជាង ២៥០ នាក់ដែលត្រូវបានប្រកាសនៅក្នុងឱកាសពិធីបុណ្យណូលអែល កាលពីថ្ងៃទី ២៥ ធ្នូ ម្សិលមិញ។
ទោះបីយ៉ាងណា កាលលើកលែងទោសនេះមិនបានបញ្ឈប់ដំណើរការនីតិវិធីនៃការនិរទេសខ្លួនដោយស្វ័យប្រវត្តិនោះទេ។ ប៉ុន្តែជនអន្តោប្រវេសន៍ទាំំងនោះនឹងមិនត្រូវបានផ្តន្ទាទោសដោយរដ្ឋអាជ្ញាសហព័ន្ធក្នុងការសម្រេចនិរទេស។
កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបាននិរទេសពលរដ្ឋខ្មែរចំនួន ៣៦ នាក់ មកកម្ពុជាវិញ។ក្នុងឆ្នាំ២០១៨នេះ អាមេរិកបញ្ជូនពលរដ្ឋកម្ពុជាមកវិញប្រមាណ១១០នាក់។
ប៉ូលិសអន្តោប្រវេសន៍សហរដ្ឋអាមេរិកឱ្យដឹងថា នៅមានពលរដ្ឋខ្មែរចំនួន១៨៥៥នាក់ទៀត ដែលទទួលបទបញ្ជាស្ថាពរឱ្យបណ្តេញចេញក្នុងចំណោមនោះ គឺមាន១៣៦២នាក់មានប្រវត្តិជាជនឧក្រិដ្ឋ។នេះបើតាមសារព័ត៌មានវីអូអេ៕