ភ្នំពេញ ៖ ស្ត្រីមានបញ្ហាប្រឈមនឹងកើតមានជំងឺច្រើនខុសពីបុរស ដូចជាជំងឺធ្លាក់ស ស្រុតស្បូន ស្បូនលូន ស្បូនលាន់ ដែលគេហៅថារោគស្ត្រី ។ ចំពោះមហារីកមាត់ស្បូនគឺជាជំងឺដ៏កាចសាហាវ ដែលបានឆក់ជីវិតស្ត្រីខ្មែរជាច្រើននាក់ ឲ្យស្លាប់ក្នុងមួយឆ្នាំៗ ។ តាមស្ថិតិរបស់អង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០១៥បានបង្ហាញថា អត្រាកើតជំងឺមហារីកមាត់ស្បូននៅកម្ពុជាច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ គឺមានចំនួនស្ត្រីប្រហែល ១៥១២នាក់ បានកើតជំងឺប្រភេទនេះ ក្នុងនោះមានចំនួនជិត៦០ភាគរយបានស្លាប់ ។ តើមានវិធីសាស្ត្រអ្វីខ្លះដើម្បីឲ្យស្ត្រីអាចរួចផុតពីជំងឺកាចសាហាវមួយនេះបាន ? សូមស្ដាប់បទយការណ៍ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូនដូចតទៅ៖

អ្នកជំនាញផ្នែកជំងឺមហារីកមាត់ស្បូនបានថ្លែងថា ជំងឺនេះគឺជាជំងឺកាចសាហាវបំផុតជាប់ចំណាត់ថ្នាក់លេខ២ នៅទូទាំងពិភពលោកក្នុងចំណោមជំងឺមហារីក បន្ទាប់ពីជំងឺមហារីកសុដន ។ តែជំងឺនេះ ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជាក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ការថ្លែងរបស់ក្រុមអ្នកជំនាញដូច្នេះធ្វើឡើង ក្នុងកម្មវិធីដើម្បីរំលឹកគុណដល់អ្នកម្ដាយក្រោមប្រធានបទ «ខ្ញុំស្រឡាញ់អ្នកម្ដាយរបស់ខ្ញុំ» នៅសណ្ឋាគារ ខេមបូឌីយ៉ាណា រាជធានីភ្នំពេញកាលពីថ្ងៃទី ០៧ឧសភា ដើម្បីចូលរួមអបអរសាទរទិវាអ្នកម្ដាយនៅក្នុងឆ្នាំ២០១៦នេះដែលរៀបចំដោយក្រុមហ៊ុន GSK ។
លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ប្រធានផ្នែកសម្ភពគ្លីនិកលុច្ស មានប្រសាសន៍ថា មហារីកមាត់ស្បូនគឺ ជាជំងឺដុំសាច់ដុះនៅលើសរីរាង្គស្បូនរបស់ស្ត្រី ហើយមានការវិវត្តន៍លឿន និងផ្តល់ទុក្ខទោសដល់ជីវិត ។ លោកស្រីសាស្ដ្រាចារ្យ ឯក ម៉េងលី ប្រធានផ្នែកសម្ភពគ្លីនិកលុច្ស ក៏បានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យកើតមានជំងឺមួយនេះថា ជំងឺនេះកើតឡើងដោយមេរោគម្យ៉ាង ដែលហៅកាត់ជាភាសាអង់គ្លេស (Human Papilloma Virus )HPV ។
លោកស្រី មានប្រសាសន៍ក្នុងវេទិការនេះដែរថា ស្ដ្រីគឺជាជនងាយរងគ្រោះខ្លាំងបំផុតក្នុងការឆ្លងការផ្ទុក នឹងការចម្លងជម្ងឺមហារីកមាត់ស្បូន ឬមេរោគ HPV ហើយប្រទេសកម្ពុជា ប្រឈមខ្ពស់ខ្លាំងជាងប្រទេសដដៃក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
កត្ដាដែលបណ្ដាលឲ្យស្ដ្រីកើតជំងឺមហារីកមាត់ស្បូនដោយសារតែ ស្ដ្រីប្រញាប់ប្រឡូកនិងការរួមភេទនៅវ័យក្មេងពេក ដៃគួររួមភេទច្រើន មានកូនច្រើន និងកង្វះអនាម័យសុខភាពផ្លូវភេទ ។
លោកស្រី ឯក ម៉េងលី បានបញ្ជាក់ថា ជំងឺមហារីកមាត់ស្បូននេះគឺឆ្លងតាមរយៈការរួមភេទ និង ការប៉ះពាល់ដោយផ្ទាល់រវាងស្បែកនិងស្បែក មិនមែនឆ្លងតាមរយៈដំណរពូជឡើយ ។ ចំពោះអាការៈនៃអ្នកកើតជំងឺមហារីកមាត់ស្បូន លោកស្រីបានពន្យល់ថាស្ត្រីមិនអាចដឹងពីរោគសញ្ញាបានទេ នៅដំណាក់កាលដំបូង តែនឹងមានអាការៈធ្លាក់ឈាម ដែលមិនមែនឈាមរដូវ នៅពេលដែលអ្នកជំងឺស្ថិតក្នុងស្ថានភាពជំងឺមហារីកមាត់ស្បូនធ្ងន់ធ្ងរទៅហើយ ។ ដើម្បីការពារកុំឲ្យកើតជំងឺមហារីកមាត់ស្បូន លោកស្រីវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា គឺមានវិធីសាស្ត្រ៣យ៉ាង គឺការចាក់ថ្នាំបង្ការ ការពិនិត្យមាត់ស្បូន២ឬ៣ឆ្នាំម្តង និងការធ្វើតេស្តរកមេរោគ។
ចំណែក លោកស្រី ប្រាក់ ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាលទទួលបន្ទុកកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន មានប្រសាសន៍ថាទីតាំងនៃការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ប្រជាពរដ្ឋខ្មែរដែលនៅក្នុងក្រុងភ្នំពេញ អាចទៅរកសេវានេះបាននៅគ្រប់មន្ទីរពេទ្យរោគស្ត្រីទាំងអស់ ហើយនៅតាមបណ្តាខេត្តដូចជា ខេត្តកំពង់ធំ កំពង់ស្ពឺជាដើម ។
លោក ប៉ិច សុធី ប្រធានគ្លីនិកសម្ភពសោភា ក៏បានថ្លែងក្នុងពិធីនេះដែរដោយបង្ហាញពីតួលេខនៃអត្រាអ្នកស្លាប់ និងឆ្លងជំងឺមហារីកមាត់ស្បូននៅទូទាំង កម្ពុជា និងក្នុងផ្នែកអ៊ឺរ៉ុប ។ លោកបន្ដថា នៅលើពិភពលោករៀងរាល់ ១នាទីស្រី្ដម្នាក់ត្រូវបានរកឃើញថាឆ្លងនឹងជម្ងឺមហារីកមាត់ស្បូន ហើយរៀងរាល់ពីរនាទីស្រី្ដ ម្នាក់ត្រូវបានស្លាប់ដោយសារជំងឺនេះ ។
បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក បង្ហាញថាមានមនុស្សជាង ១៣ពាន់នាក់ បានឆ្លងជំងឺនេះ ហើយមនុស្សជាង ៧ពាន់នាក់បានស្លាប់ នៅលើពិភពលោក ។ ដោយឡែកសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅផ្នែកភាគឥសាននៃសហភាពអ៊ឺរ៉ុបមានមនុស្សប្រមាណជា ៣ម៉ឺន ៤ពាន់នាក់ ឆ្លងនិងស្លាប់ហើយមនុស្សប្រមាណជាង ៩ម៉ឺន ៧ពាន់នាក់ ឆ្លងនិងស្លាប់នៅទូទាំងតំបន់អ៊ឺរ៉ុបទាំងមូល ។ ចំណែកនៅប្រទេសអាហ្វ្រិក មនុស្សប្រមាណ ៩២ម៉ឺននាក់បានឆ្លង និងមនុស្សប្រមាណជាង ៥ម៉ឺន ៧ពាន់អ្នកបានស្លាប់ជារៀងររាល់ឆ្នាំ ។
លោកសាស្ដ្រាចារ្យ ប៉ិច សុធី បានបន្ថែមថាក្នុងប្រទេសកម្ពុជាអត្រាមរណៈស្ដ្រីគឺក្នុងមួយ ឆ្នាំៗត្រូវបានគេរកឃើញថាមានចំនួនរហូតទៅដល់ ៧៩៥នាក់ មានន័យថាស្ដ្រីស្លាប់ដោយជម្ងឺមហារីកមាត់ស្បូននេះ ២នាក់ក្នុងមួយថ្ងៃ ។ លោកក៏បានបញ្ជាក់ពីវិធីការពារមួយចំនួនផងដែរ គឺស្ដ្រីជាម្ដាយ ឬក៏ស្ដ្រី ត្រូវតែទៅស្វែងរកចាក់វ៉ាក់សាំងការជម្ងឺ HPV ពីវេជ្ជបណ្ឌិតដែលមានជំនាញពិតប្រាកដ ត្រូវពិនិត្យសុខភាពមាត់ស្បូនឲ្យបានជាប្រចាំតាមការណែនាំរបស់គ្រូពេទ្យ ។ លោកថា ស្ដ្រីចាប់ពីអាយុ ៩ឆ្នាំគឺអាចចាក់វ៉ាក់សាំងការពារជម្ងឺមហារីកមាត់ស្បូននេះបាន ហើយសម្រាប់ស្ដ្រីដែលរៀបការរួច ក៏អាចចាក់វ៉ាក់សាំងនេះបានដូចគ្នាដែរ ។
ឆ្លើយតបទៅនិងសំណួរថា ហេតុអ្វីបានជាអត្រាអ្នកកើត និងស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននៅកម្ពុជាច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ លោកសាស្ត្រចារ្យលោក ប៉ិច សុធី ប្រធានគ្លីនិកសម្ភពសោភា បញ្ជាក់ថាកម្ពុជាទើបតែមានការចាក់ថ្នាំបង្ការ ខុសពីប្រទេសជិតខាង ដែលគេមានជាច្រើនឆ្នាំមកហើយ ។ ចំណែកឯការយល់ដឹង និងការផ្សព្វផ្សាយពីជំងឺនេះ ក៏មិនទាន់ទូលំទូលាយនៅឡើយ ។
លោកសាស្ត្រចារ្យវេជ្ជបណ្ឌិត ហេង វិរដ្ឋ ឯកទេសជំងឺមហារីក និងជំងឺទូទៅបានមានប្រសាសន៍ថា ជំងឺមហារីកមាត់ស្បូនអាចព្យាបាលបានប្រសិនបើអ្នកជំងឺមិនពន្យារពេលមកជួបពេទ្យ ។
ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានធ្វើយុទ្ធនាការ ៧លើករួចមកហើយតាំងពីឆ្នាំ២០១២ ដើម្បីផ្សព្វផ្សាយភាពងាយគ្រោះថ្នាក់ ចំពោះមហារីកមាត់ស្បូន ដោយបានអប់រំផ្ទាល់ដល់សិស្ស និស្សិត យុវជន និង មហាជន ចំនួនជិត១ម៉ឺននាក់ និងផ្តល់សេវាពិនិត្យមាត់ស្បូនជូនស្ត្រី បានប្រមាណ១២៥១នាក់ និងរកឃើញករណីមិនធម្មតាចំនួន១១៤ករណី ៕