ក្រោយពីសហគមន៍អាស៊ានដែលមានប្រទេសវៀតណាមជាប្រធានឆ្លាស់វេននៅឆ្នាំនេះ បានបង្ហាញជំហរគាំទ្រនៅក្នុងកិច្ចប្រជុំកំពូលលើកទី៣៦ របស់ខ្លួនកាលពីសប្តាហ៍មុន ក្នុងការដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូងដោយសុំអោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា UNCLOSច្បាប់សមុទ្រអន្តរជាតិ។ នៅពេលនេះគណបក្សសង្រ្គោះជាតិបានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រើអនុសញ្ញានេះទាមទារកោះត្រល់ និងកោះមួយចំនួនផ្សេងទៀតពីប្រទេសវៀតណាមវិញ តែយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន មិន សាទរ ការទាមទាររបស់ក្រុមប្រឆាំងនេះទេ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍ពីព័ត៌មាននេះ៖
គណបក្សសង្រ្គោះជាតិ នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រចំពោះការដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូងទៅតាមច្បាប់អន្តរជាតិដែលស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ទន្ទឹមនឹងការគាំទ្រនេះ គណបក្សសង្រ្គោះជាតិក៏បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាពិចារណាទៅលើច្បាប់នេះដើម្បីទាមទារកោះត្រល់មកឲ្យកម្ពុជាវិញបានដូចគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទំព័រចេញផ្សាយជាសាធារណៈនៅលើគេហទំព័រហ្វេសប៊ុករបស់ គណបក្សសង្រ្គោះជាតិបានលើកឡើងថា៖ គណបក្សសង្រ្គោះជាតិគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានប្តូរនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលបានជម្រុញឲ្យប្រទេសពាក់ព័ន្ធក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ដោយបានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ (the United Nations Convention for the Law of the Sea) ហៅកាត់ថា UNCLOS គឺជាមូលដ្ឋាននៃការកំណត់សិទ្ធិនៅលើដែនសមុទ្រ សិទ្ធិអធិបតេយ្យ យុត្តាធិការ និងផលប្រោជន៍ស្របច្បាប់នៅលើតំបន់ដែនសមុទ្រ។
អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ គឺជាលិខិតបទដ្ឋានគតិយុត្តិមួយ ដែលកំណត់សិទ្ធិរបស់ប្រទេសនីមួយៗនៅលើដែនសមុទ្រ ព្រមទាំងកំណត់ពីព្រំដែនសមុទ្រ នាវាចរ តំបន់នេសាទ និងចំណុចសំខាន់ជាច្រើនទៀតទាក់ទិនសមុទ្រ ដែលប្រទេសកម្ពុជាត្រូវតែយកមកធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហាព្រំសមុទ្រជាមួយប្រទេសជិតខាង។
មាត្រា ៣ ជំពូកទី២ នៃអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ បានចែងថា រាល់រដ្ឋទាំងអស់មានសិទ្ធិបង្កើតវិសាលភាពនៃដែនសមុទ្ររបស់ខ្លួន រហូតដល់ដែនកំណត់មិនលើសពីចម្ងាយ១២ម៉ាយល៍សមុទ្រ ដែលវាស់ពីបន្ទាត់មូលដ្ឋានដែលបានកំណត់ដោយអនុលោម តាមអនុសញ្ញានេះ។
ដោយផ្អែកទៅតាមអនុសញ្ញានេះ គណបក្សសង្រ្គោះជាតិ បានទាមទារឲ្យសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រើប្រាស់អនុសញ្ញាអន្តរជាតិនេះ និងឯកសារគតិយុត្តិនានា នៅក្នុងការប្តឹងទាមទារយកមកឲ្យប្រទេសកម្ពុជាវិញនូវកោះត្រល់ ចង្កោមកោះ ក្រចកសេះ និងដែនសមុទ្រនៃប្រទេសកម្ពុជា ដែលកំពុងត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម។
លោក អ៊ុំ សំអាន អតីតអ្នកតំណាងរាស្ត្រនិងបច្ចុប្បន្នជាអ្នកទទួលខុសត្រូវខាងកិច្ចការព្រំដែននៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងនៅក្នុងវិទ្យុសំលេងសហរដ្ឋអាមេរិកថា ខណៈដែលប្រទេសវៀតណាមចង់ប្រើប្រាស់ច្បាប់អន្តរជាតិដើម្បីទាមទារដែនសមុទ្រ ដែលខ្លួនមានជម្លោះជាមួយចិនក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ រដ្ឋាភិបាលកម្ពុជាក៏ត្រូវប្រើយន្តការច្បាប់អន្តរជាតិដើម្បីទាមទារដែនសមុទ្រដែលខ្លួនបានបាត់បង់មកវិញដែរ។ លោកបានបន្តថា រដ្ឋាភិបាលគួរតែប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុងឡាអេ ដោយប្រើអនុសញ្ញាមួយនេះដើម្បីទាមទារយកកោះត្រល់ ចង្កោមកោះក្រចកសេះ ហើយនិងដែនសមុទ្រកម្ពុជា មកឲ្យកម្ពុជាវិញ។
តែយ៉ាងណាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា៖ មុននឹងនិយាយពីចំណុចអស់ទាំងនេះ យើងគួរតែពិនិត្យមើលទៅលើចំណុច៣ជាមុនសិន ដែលទី១ គឺប្រវត្តិសាស្រ្ត ទី២ស្ថានភាពជាក់ស្តែង និងទី៣ គឺផ្លូវច្បាប់ ហើយចំពោះការបាត់បង់នេះមិនមែនមានតែគណបក្សប្រឆាំងទេដែលឈឺចិត្តនោះ ប្រជាជនកម្ពុជាទាំងមូលក៏មានការឈឺចាប់ដូចគ្នា។
————សំលេង លោក ផៃ ស៊ីផាន—————–
កោះត្រល់ ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសវៀតណាម ស្ថិតនៅចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីឆ្នេរសមុទ្រកម្ពុជានៃខេត្តកំពត និងប្រមាណ ៤៥គីឡូម៉ែត្រពីឆ្នេរសមុទ្រវៀតណាម។ កោះនេះមានផ្ទៃក្រឡា ៥៧៤ គ.មការ៉េ ។

ចង្កោមកោះដ៏ចម្រូងចម្រាសមួយចំនួន រួមទាំងកោះត្រល់ផងនោះ គឺជាបញ្ហារសើបរវាងប្រទេសជិតខាងទាំងពីរអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ ដោយគណបក្សប្រឆាំង តែងចោទគណបក្សកាន់អំណាចថាជា «អាយ៉ង» របស់វៀតណាម ព្រោះតែមិនហ៊ានទាមទារកោះទាំងនេះពីវៀតណាមមកវិញ។
តែបែបនេះ ក្រុមអ្នកច្បាប់របស់រដ្ឋាភិបាល ដែលតែងតែការពារ គោលនយោបាយដឹកនាំរបស់ រាជរដ្ឋាភិបាលដោយ មិនបានយល់ស្របនឹង ការយល់ឃើញរបស់ក្រុមប្រឆាំង រឿងកោះត្រល់នោះទេព្រោះថាកោះនោះបានបាត់ដោយសារអាណានិគមបារាំងកាត់ទៅក្នុងដែនដីកូសាំងស៊ីនដែល ជាហេតុនាំអោយ វៀតណាម មានសិទិ្ធកាន់កាប់កោះនេះ៕