en     km
en     km

អង្គការ ៦ស្ថាប័ន ស្នើរដ្ឋាភិបាលដោះលែងកញ្ញា សេង ធារី ក្នុងពេលធ្វើកូដកម្មបង្អត់អាហារជាថ្មី

Share

 

អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សចំនួន ៦ស្ថាប័ន អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព និងដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាពឡើងវិញ ក្រោយមេធាវីខ្មែរ អាមេរិកាំងរូបនេះ ធ្វើកូដកម្មបង្អត់អាហារជាថ្មីក្នុងពន្ធនាគារ។ លោក រឿន សុភាន់ រាយការណ៍

 

 

ការអំពាវនាវនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមអង្គការសិទ្ធិមនុស្សចំនួន ៦ស្ថាប័ន រួមមាន៖ អង្គការសមធម៌កម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ( ADHOC) អង្គការលីកាដូ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និងសមាគមធាងត្នោតជាដើម។ ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១១ ខែមិថុនានេះ បានឱ្យដឹងថា កញ្ញា សេង ធារី ដែលជាមេធាវីសិទ្ធិមនុស្ស កំពុងធ្វើកូដកម្មបង្អត់អាហារជាលើកទី៤ ក្នុងពន្ធនាគារ ចាប់តាំងពីកញ្ញាបានជាប់ឃុំកាលពីខែមិថុនា ឆ្នាំ២០២២កន្លងមក។

កូដកម្មបង្អត់អាហាររបស់កញ្ញា ធារី គឺមានរយៈពេល ១៤ថ្ងៃ ដោយកំណត់ធ្វើរហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីគម្រប់ខួបរយៈពេល ៣ឆ្នាំ ដែលកញ្ញាបានជាប់ឃុំក្នុងពន្ធនាគារ។ អង្គការសិទ្ធិមនុស្សទាំងនោះថា កូដកម្មនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានការយកចិត្តទុកដាក់ ចំពោះការជាប់ឃុំរបស់កញ្ញាផ្ទាល់ ក៏ដូចជាអំពាវនាវឱ្យមានការដោះលែងសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សទាំងអស់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដោយអយុត្តិធម៌។

 

កញ្ញា សេង ធារី ផ្តល់កិច្ចសម្ភាសន៍ក្រោយចេញពីសាវនាការ។

តាមរយៈការធ្វើកូដកម្មនេះ អង្គការសិទ្ធិមនុស្សទាំងនោះ ស្នើសុំឱ្យរដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសេរីភាពរបស់កញ្ញា ធារី និងសូមដោះលែងកញ្ញា ធារី ជាបន្ទាន់ និងឥតលក្ខខណ្ឌ ហើយពួកគេនៅបន្តគាំទ្រ និងឈរជាមួយនឹងកញ្ញា សេង ធារី ដោយសង្ឃឹមសកម្មភាពនេះ នឹងនាំមកនូវយុត្តិធម៌ចំពោះសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សគ្រប់រូបទាំងអស់ ដែលត្រូវបានជាប់ឃុំយ៉ាងអយុត្តិធម៌ក្នុងពន្ធនាគារ។

កន្លងមកក្រុមការងារអង្គការសហប្រជាជាតិ ក៏បានលើកឡើងដែរថា ការឃុំខ្លួនកញ្ញា សេង ធារី  គឺព្រោះតែការអនុវត្តសិទ្ធិសេរីភាពរបស់កញ្ញា ក្នុងការបញ្ចេញមតិ ប្រមូលផ្តុំ និងបង្កើតសមាគមដោយសន្តិវិធីរបស់កញ្ញា ហើយចាត់ទុកការឃុំខ្លួននេះ ជាសកម្មភាពដែលមិនត្រឹមត្រូវ និងជាការរើសអើងផ្នែកនយោបាយ។

កញ្ញា សេង ធារី ដែលមានសញ្ជាតិខ្មែរ-អាមេរិកាំង ត្រូវបានតុលាការផ្តន្ទាទោសក្នុងសំណុំរឿងដ៏ធំមួយ ជាមួយនឹងសកម្មជនគណបក្សជំទាស់ជាច្រើននាក់ផ្សេងទៀត ដោយត្រូវបានតុលាការកំណត់ទោសរយៈពេល ៦ឆ្នាំ ក្នុងពន្ធនាគារ ពីបទ «ញុះញង់» និងបទ «រួមគំនិតក្បត់»។ កញ្ញា ធារី ត្រូវបានចាប់ខ្លួននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខណៈពេលដែលកញ្ញាកំពុងតវ៉ាដោយអហិង្សាចំពោះបទចោទប្រកាន់ទាំងនោះ ដោយស្លៀកសម្លៀកបំពាក់ជារូបសំណាកនៃសេរីភាព៕

អត្ថបទដោយ លោក រឿន សុភាន់

Share

ព័ត៌មានទាក់ទង