
ភ្នំពេញ៖ អង្គការ សមាគមផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារជាង ៤០ស្ថាប័ន ស្នើឱ្យតុលាការខេត្តស្វាយរៀងទម្លាក់បទចោទប្រកាន់មកលើលោក ជា ចាន់ថា ដ្បិតអះអាងថាសកម្មភាពផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស គឺជាទង្វើសុចរិត។ ក៏ប៉ុន្តែតុលាការខេត្តស្វាយរៀងសំអាងថា សកម្មភាពលោក ជា ចាន់ថា មិនមែនធ្វើសកម្មភាពផ្សព្វផ្សាយប្រយោជន៍ ប.ស.ស នោះទេ តែជាសកម្មភាពដើរប្រមូលលុយពីប្រជាពលរដ្ឋ ដើម្បីចូលជាសមាជិកសមាគមរបស់ខ្លួនទៅវិញ។
(កញ្ញា សុខនី ជូនសេចក្តីរាយការណ៍)
តាមរយៈសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី២៤ ខែកក្កដា របស់ក្រុមអង្គការនិងសមាគមចំនួន ៤៥ស្ថាប័ន ក្នុងនោះរួមមាន អង្គការតម្លាភាពកម្ពុជា (TI) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សមាគមការពារសិទ្ធិមនុស្ស អាដហុក មជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ សហព័ន្ធសហជីពឯករាជ្យ និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានអះអាងថា សកម្មភាពរបស់លោក ជា ចាន់ថា ដែលបានធ្វើកន្លងមកនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទងនឹងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។ អង្គការ សមាគមខាងលើចាត់ទុកសកម្មភាពរបស់លោក ចាន់ថា ថាបានរួមចំណែកជួយផ្សព្វផ្សាយពីសារៈប្រយោជន៍នៃ ប.ស.ស ទៅដល់អ្នកដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមសង្គមស៊ីវិលនិងសមាគម សម្តែងការខកចិត្តជាខ្លាំងចំពោះសាលាដំបូងខេត្តស្វាយរៀង ដែលបានសម្រេចចោទប្រកាន់ និងបញ្ជូនលោក ជា ចាន់ថា ទៅឃុំខ្លួនបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោកយោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ និងបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈតាមមាត្រា៦១០ នៃក្រមព្រហ្មទណ្ឌ ដែលលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «យើងខ្ញុំជាអង្គការសង្គមស៊ីវិល សមាគម សហព័ន្ធ សហជីព ស្នើឱ្យស្ថាប័នតុលាការ មេត្តាធ្វើការទម្លាក់ចោលនូវការចោទប្រកាន់លោក ជា ចាន់ថា ដែលការផ្សព្វផ្សាយពីបេឡាជាតិសន្តិសុខសង្គមនេះ មិនមានសកម្មភាពណាមួយបំផ្លិចបំផ្លាញប្រយោជន៍ជាតិឡើយ ផ្ទុយទៅវិញបើមានការដោះលែងលោក ជា ចាន់ថា នឹងអាចធ្វើឱ្យលោកបន្តមុខរបរក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដោះស្រាយបញ្ហាជីវភាពគ្រួសារ ដែលជួយដល់សង្គមជាតិផងដែរ។ ជាពិសេសសកម្មភាពរបស់លោក គឺជាចលករមួយបានជួយពន្លឿនដល់ទិសដៅរបស់រាជរដ្ឋាភិបាលដែលពលរដ្ឋនឺងទទួលបានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដែលនឹងបញ្ចប់ក្នុងឆ្នាំ២០៣០ខាងមុខនេះផងដែរ»។
គួរកត់សម្គាល់បន្តិចថា កន្លងមកលោក ជា ចាន់ថា មិនមែនទើបតែចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃ ប.ស.ស នោះទេ ប៉ុន្តែលោកក៏ធ្លាប់ធ្វើវេទិកាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នេះ ទៅកាន់ អាជីវករ អ្នកលក់ដូរតាមដងផ្លូវ អ្នកធ្វើការតាមផ្ទះ ដើម្បីឱ្យបានយល់ដឹងពីកម្មវិធីបេឡាជាតិរបបសន្តិសុខសង្គម។
ជុំវិញសេចក្តីថ្លែងកាណ៍ខាងលើនេះ លោក ម៉ៅ ពៅលិញ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បដិសេធមិនឆ្លើយតបនឹងករណីលោក ជា ចាន់ថា ដោយបង្វែរសំណួទៅសួរអ្នកនាំពាក្យសាដំបូងខេត្តស្វាយរៀងវិញ។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងលោក សូ ធីដា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ជាច្រើនដង ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
ចំណែកលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បញ្ជាក់ប្រាប់វិទ្យុស្ដ្រីតាមរយៈប្រព័ន្ធតេលេក្រាមថា បទចោទដែលតុលាការ សម្រេចលើករណីលោក ជា ចាន់ថា នេះ គឺផ្អែកលើរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ និងតាមរយៈការរាយការណ៍របស់ប្រជាពលរដ្ឋ។ លោកបន្តថា ភស្ដុតាងទាំងនោះ បង្ហាញថាលោក ចាន់ថា បានប្រមូលលុយពីប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូឌុប និងជាអ្នករត់កង់បី នៅក្រុងបាវិត ក្រោមលេសចុះទៅធ្វើសកម្មភាពផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណប.ស.ស។
លោក ឈីវ អ៊ិចគង់ ៖ «ការដែលចោទប្រកាន់លោក ជា ចាន់ថា ផ្អែកលើភស្តុងជាសាក្សី ដែលមានក្នុងសំណុំរឿងពាក់ព័ន្ធអង្គហេតុ លោក ជា ចាន់ថា បានធ្វើសកម្មភាពដើរទៅជួបប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប អ្នករត់កង់បីនៅបាវិត ដោយបាននិយាយពីការធ្វើប័ណ្ណប.ស.ស ហើយបានប្រមូលប្រាក់ម្នាក់ ១២,០០០ ខ្លះ ១៤,៦០០រៀល ហើយថតរូប សុំថតអត្តសញ្ញាណប័ណ្ណ ដើម្បីទៅធ្វើបណ្ណ ប.ស.ស ឱ្យពួកគាត់ ហើយភ្ជាប់ជាមួយការចូលជាសមាជិករបស់សមាគមគាត់ផង ដោយត្រូវបង់ប្រាក់វិភាគទានផងដែរ»។
លោកព្រះរាជអាជ្ញារងតុលាការខេត្តស្វាយរៀងបន្ថែមទៀតថា អ្វីដែលអង្គការទាំងនោះបានដឹង និងតុលាការបានទទួល គឺមានភាពខុសគ្នាត្រង់ថា លោក ជា ចាន់ថា មិនមែនធ្វើសកម្មភាពផ្សព្វផ្សាយអត្ថប្រយោជន៍នៃប័ណ្ណ ប.ស.ស នោះទេ ប៉ុន្តែករណីលោក ចាន់ថា បានធ្វើសកម្មភាពប្រមូលលុយពីប្រជាពលរដ្ឋ។
សូមរំលឹកថាលោក ជា ចាន់ថា ត្រូវបានប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដែលចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ទៅដល់អាជីវករ និងអ្នករត់រ៉ឺម៉កទេសចរណ៍ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ក្នុងខេត្តស្វាយរៀង។ បន្ទាប់ពីការឃាត់ខ្លួនហើយ មកដល់ពេលនេះតុលាការខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនលោក ចាន់ថា បណ្ដោះអាសន្ន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤៕