ភ្នំពេញ ៖ ក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផលខេត្ដកោះកុង អង្គការ WCS និងប្រជាសហគមន៍ បានរកឃើញសត្វអណ្ដើកហ្លួងចំនួន ០១សំបុក មានពង ១៦គ្រាប់ ស្ថិតនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្ដកោះកុង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការ WCS ដែលមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាទទួលបាន។
លោក លៀ ស៊ីណា រាយការណ៍ ៖

សំបុកអណ្ដើកហ្លួងដែលរកឃើញនៅថ្ងៃទី១៩ ខែកុម្ភៈនេះ គឺជាសំបុកអណ្ដើកហ្លួងទី១ ដែលក្រុមអ្នកភិរក្សសត្វព្រៃ រកឃើញក្នុងឆ្នាំ២០១៨។ អណ្ដើកហ្លួង ជាប្រភេទសត្វល្មួនស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាពពួកសត្វរងគ្រោះជិតផុតពូជបំផុត នៅក្នុងចំណោម សត្វអណ្ដើកទាំង ២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។
សត្វអណ្ដើកហ្លួង ត្រូវបានដាក់បញ្ចូលជាប្រភេទសត្វល្មួនតំណាងឲ្យប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ កាលពីមុន សត្វអណ្ដើកហ្លួង គឺមានតែក្រុមគ្រួសាររាជវង្សប៉ុណ្ណោះ ដែលអាចសោយពងរបស់វាបាន។ សត្វអណ្ដើកហ្លួង ធ្លាប់ត្រូវបានគេគិតថា ពួកវាបានផុតពូជអស់ទៅហើយ ក៏ប៉ុន្ដែនៅឆ្នាំ២០០០ រដ្ឋបាលជលផលខេត្ដកោះកុង និងអង្គការ សមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា WCS បានសិក្សាស្រាវជ្រាវ និងរកឃើញចំនួន សេសសល់តិចតូចបំផុត រស់នៅតាមប្រព័ន្ធស្រែអំបិល ខេត្ដកោះកុង។ ក្រោយការរកឃើញ វត្ដមានរបស់អណ្ដើកហ្លួង នៅឆ្នាំ២០០១ រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសំបុក ដោយជ្រើសរើសយកអតីតអ្នកប្រមូលពងកូន សត្វអណ្ដើកហ្លួង ឲ្យចូលមកបម្រើការងារជាបុគ្គលិកគម្រោង ដើម្បីស្វែងរក និងការពារសំបុកសត្វអណ្ដើកហ្លួងជំនួសឲ្យការប្រមូលយកពងកូនទៅលក់។
ពពួកសត្វអណ្ដើកហ្លួង មានវត្ដមាន រស់នៅតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ តែប៉ុណ្ណោះ ហើយចំនួនរបស់ពួកវា នៅលើសាកលលោកមានមិនដល់ ៥០០ក្បាលនោះទេ។ ការប្រមូលយកពងកូន ឬចាប់យកមេពូជអណ្ដើកហ្លួងមកលក់ ឬធ្វើជាម្ហូប គឺជាអំពើខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕