ភ្នំពេញ ៖ សត្វទាព្រៃស្លាប ស ចំនួន ០២ក្បាល ត្រូវបានជួយសង្គ្រោះនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្ដព្រះវិហារ នៅថ្ងៃទី០៥ ខែធ្នូនេះ ខណៈសត្វទាព្រៃស្លាប ស ទាំងក្បាលនេះ ត្រូវបានអ្នកភូមិប្រទះឃើញពួកវាមានសភាពទន់ខ្សោយ និងមិនអាចហើរបាន។
លោក លៀ ស៊ីណា រាយការណ៍៖

ទាព្រៃស្លាប ស ទាំង ០២ក្បាលនេះ ត្រូវបានក្រុមអ្នកអភិរក្ស នៃក្រសួងបរិស្ថាន និង អង្គការសមាគមអភិរក្សសត្វព្រៃ WCS ប្រគល់ទៅក្រុមការងាររបស់មជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវចម្រុះ ខេត្ដសៀមរាបដើម្បីពិនិត្យ និងមើលថែរក្សា រហូតដល់ពេលពួកវាជាសះស្បើយ និងអាចរស់នៅក្នុងធម្មជាតិវិញបាន។
លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវប្រចាំដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៃក្រសួងបរិស្ថាន និង អង្គការសមាគមអភិរក្សសត្វព្រៃ បានលើកឡើងថា ការអប់រំប្រជាសហគមន៍ ឲ្យដឹងពីការងារអភិរក្សសត្វព្រៃ បានលើកទឹកចិត្ដឲ្យពួកគាត់ផ្ដល់ព័ត៌មានអំពីសត្វព្រៃមកក្រុមអ្នកអភិរក្ស។ លោកបន្ដថា ប្រសិនបើប្រជាសហគមន៍មិនបានយល់អំពីសារៈសំខាន់នៃការងារអភិរក្សសត្វព្រៃទេនោះ ពួកគាត់ប្រហែលជាយកទាព្រៃស្លាប ស ទាំង ០២ក្បាលនេះ បរិភោគ ឬលក់បាត់ទៅហើយ។

តាមលោក Michael Meyerhoff ប្រធានគម្រោងប្រចាំមជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវចម្រុះ បានបញ្ជាក់ថា ទាព្រៃស្លាប ស ទាំង ០២ក្បាលនេះនឹងត្រូវព្រលែងទៅក្នុងធម្មជាតិវិញ ក្នុងរយៈពេល ២ ឬ៣ សប្ដាហ៍ខាងមុខ ប្រសិនបើពិនិត្យឃើញថា វាជាសះស្បើយទាំងស្រុង ហើយអាចរស់នៅក្នុងធម្មជាតិបានដោយខ្លួនឯង។
តំបន់ខ្ពស់ងរាបភាគខាងជើងប្រទេសកម្ពុជា ក្នុងខេត្ដព្រះវិហារ ដែលរួមបញ្ចូលទាំងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែបផងដែរ បានគាំទ្រដល់ការរស់នៅរបស់សត្វស្លាបប្រភេទរងគ្រោះជាសាកលជាច្រើនប្រភេទ។ សត្វស្លាបដែលរងគ្រោះជិតផុតពូជទាំងនោះរួមមាន សត្វត្រងយ៉ងយក្ស ត្រយ៉ងចង្កំក ស សត្វទាព្រៃស្លាប ស និងសត្វត្មាតចំនួន ០៣ប្រភេទ ក៏ដូចជាសត្វស្លាបជាច្រើនប្រភេទទៀត ដែលសត្វស្លាបទាំងអស់នេះ សុទ្ធតែជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក៕